(សុខភាព)៖ ការកែសុដន់ឬកែដើមទ្រូងដោយការវះកាត់ ភាគច្រើនកើតមានចំពោះស្ដ្រីដែលនៅលីវ និងស្ដ្រីវ័យកណ្ដាលដែលមានបញ្ហា ដើមទ្រូងយារធ្លាក់ខ្លាំង ដើមទ្រូងតូច ឬមិនមានដើមទ្រូងតែម្ដង។ ការវះកាត់កែដើមទ្រូងអាចជាមូលហេតុនៃការវះកាត់ព្យាបាល ជម្ងឺ និងជាផ្នែកមួយនៃការវះកាត់កែសម្ផស្សផងដែរ។ តើការវះកាត់កែដើមទ្រូងធ្វើឡើងដូចម្ដេច? តើការវះកាត់កែសម្ផស្ស នេះអាចមានបញ្ហាដែរឬទេ?

ដើម្បីធ្វើការបកស្រាយអំពីការវះកាត់ដើមទ្រូងនេះជូនប្រិយមិត្ដ អ្នកអានទាំងឡាយ ទស្សនាវដ្ដី សុខភាពយើង បានជួបធ្វើ កិច្ចសម្ភាសន៍ជាមួយលោកវេជ្ជបណ្ឌិត ធឿង ច័ន្ទសីហា អ្នកជំនាញខាងវះកាត់កែសម្ផស្សនៅមន្ទីរសម្រាកព្យាបាលសុខហុក។

មូលហេតុដែលត្រូវវះកាត់ដើមទ្រូង

នៅពេលដែលយើងឮថាការវះកាត់កែសុដន់ យើងតែងគិតថាមានមូលហេតុតែមួយគត់គឺការកែសម្ផស្ស។ ផ្ទុយទៅវិញនៅ មានមូលហេតុផ្សេងទៀតដែលបណ្ដាលអ្នកជម្ងឺសម្រេចចិត្ដទៅទទួល ការវះកាត់លើសុដន់។

០១) មូលហេតុវះកាត់ដោយការព្យាបាលជម្ងឺ ៖ ការវះកាត់នេះអាចកើតឡើងដោយសារតែការព្យាបាលជម្ងឺ ដូចជាមាន បញ្ហាដុំក្នុងសុដន់ ឬជាជម្ងឺមហារីកជាដើម។ ដូចនេះគ្រូពេទ្យត្រូវធ្វើការវះកាត់យកក្រពេញសុដន់ចេញហើយធ្វើការ បង្កើតជារូបរាង សុដន់ឡើងវិញ ដោយមធ្យោបាយផ្សេងៗ។

០២) មូលហេតុវះកាត់ដោយការកែសម្ផស្ស ៖ ក្រៅពីបញ្ហាព្យាបាលជម្ងឺហើយនោះ វិធីនេះក៏ជាផ្នែកមួយនៃការវះកាត់កែ សម្ផស្សសម្រាប់ស្ដ្រីទាំងឡាយផងដែរ។ បញ្ហានេះអាចកើតមានសម្រាប់អ្នកដែលនៅលីវមិនសូវមានដើមទ្រូង ដែលចាំបាច់ត្រូវការ ធ្វើឱ្យខ្លួនមានសុដន់ឡើងវិញគួរជាទីពេញចិត្ដដោយការវះកាត់ដើមទ្រូង ។ មួយវិញទៀតគឺចំពោះអ្នកដែលក្រោយពីសម្រាលកូនហើយ ដើមទ្រូងមានសភាពយារធ្លាក់ នេះក៏ជាមូលហេតុមួយដែលធ្វើឱ្យគាត់សម្រេចទៅធ្វើការវះកាត់កែ ដើមទ្រូង ដើម្បីបានដើមទ្រូងគួរ ជាទីពេញចិត្ដសម្រាប់ខ្លួន។ ឯមួយវិញទៀតគឺចំពោះស្ដ្រីវ័យចំណាស់នៅអឺរ៉ុបគឺមកធ្វើការវះកាត់កែ សម្ផស្ស ដោយសារតែមានបញ្ហា ដើមទ្រូងធ្លាក់ខ្លាំង។

វិធីវះកាត់កែដើមទ្រូង

ចំពោះការវះកាត់ដើមទ្រូងភាគច្រើនគេជ្រើសរើសយកការដាក់ស៊ីលីកូន ទៅក្នុងទ្រូង។ ស៊ីលីកូនគឺជាប្រភេទប្រូតេស៏ (Prothese)ម្យ៉ាងដែលមានរាងដូចសុដន់ សភាពទន់ជ្រាយៗដែលមានទៅតាមទំហំរបស់មនុស្ស។ វិធីនៃការវះកាត់កែដើមទ្រូងនេះ យើងត្រូវធ្វើការវះកាត់នៅជុំវិញក្បាលសុដន់ ហើយបញ្ចូលស៊ីលីកូនចូលទៅក្នុង ដើម្បីឱ្យដើមទ្រូងមានសភាពប៉ោងស្អាតតាមធម្មជាតិ ។ ឯវិធីមួយវិញទៀត បើសុដន់ដែលធ្លាក់ខ្លាំងគឺគេវះកាត់នៅខាងក្រោមសុដន់ និងអាចវះនៅខាងចំហៀងតែម្ដង។ ប៉ុន្ដែភាគច្រើននៃ ការវះកាត់ដើមទ្រូងនេះ គេនិយមវះកាត់នៅជុំវិញក្បាលសុដន់ជាង ព្រោះនៅពេលដែលដេរភ្ជិតមកវិញធ្វើឱ្យមិនមានស្នាមអ្វីគួរឱ្យកត់ សម្គាល់នោះទេ។ ក្នុងការវះកាត់ គេត្រូវការវះកាត់ដាក់ស៊ីលីកូននៅកល់ខាងក្រោមក្រពេញសុដន់ បើក្នុងករណីមិនមានក្រពេញសុដន់ គ្រប់គ្រាន់នោះ គេត្រូវដាក់ស៊ីលីកូននៅខាងក្រោមសាច់ដុំទ្រូងតែម្ដង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី