(ព្រៃវែង)៖ ស្នងការនគរបាលខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានថ្លែងបញ្ជាក់ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦នេះថា ករណីក្រុមចោរប្រដាប់ដោយកាំភ្លើង៣ដើម ប្លន់ផ្ទះប្រជាពលរដ្ឋនៅឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង កាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ គឺជាករណីប្រឌិតរឿង ដោយជនសង្ស័យជាបងបង្កើត ចង់យកលុយប្អូនខ្លួន ព្រោះជំពាក់លុយគេច្រើនពេក។

លោកឧត្តមសេនីយ៍ ស្រេង ជា បានឲ្យដឹងថា ក្រោយទទួលបានដំណឹងហេតុការណ៍ប្លន់នេះ សមត្ថកិច្ចនគរបាលរបស់លោក បានធ្វើការស្រាវជ្រាវភ្លាមៗ ដោយបានឃាត់ខ្លួនមនុស្ស២នាក់ ជាម្តាយ និងកូនប្រុស (ត្រូវជាបងប្អូនបង្កើន របស់ជនរងគ្រោះបាត់លុយ) ដោយជនសង្ស័យទាំង២នាក់ រស់នៅជាមួយគ្នានឹងប្អូនស្រី រួមទាំងឪពុកម្តាយផងដែរ ហើយជនសង្ស័យជាមនុស្សញៀនល្បែង ជំពាក់លុយគេច្រើន។ ដូច្នេះទើបឃុតឃិតគ្នា ជាមួយកូនប្រុស រៀបចំគម្រោងការយកលុយប្អូនស្រីខ្លួនឯង ដោយប្រឌិតរឿងថា ជាករណីប្លន់។

លោកស្នងការបានបញ្ជាក់ទៀតថា ក្នុងរឿងនេះកូនប្រុសជនសង្ស័យ បានសារភាពថា ខ្លួនរួមម្តាយបានយកញរញួ លាក់ទុកប្រហែលមួយខែហើយ ថ្ងៃកើតហេតុបានយកញរញួនោះ មកដាប់ទ្វារបន្ទាប់របស់ជនរងគ្រោះ ឲ្យម្តាយយកហិបលុយចេញទៅក្រោយផ្ទះ ហើយយកលុយលាក់ទុកអស់ ក៏នាំគ្នាស្រែកថាចោរប្លន់ៗ ក៏មានហេតុការភ្ញាក់ផ្អើលតែម្តង។

គួររំលឹកថា កាលពីម៉ោង៧៖៣០នាទីយប់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្ទះប្រជាពលរដ្ឋឈ្មោះ អ៊ា ប៊ន ភេទប្រុសអាយុ៥៥ឆ្នាំ ប្រពន្ធ ឈ្មោះ អ៊ុ អេង អាយុ ៦៧ឆ្នាំ រស់នៅភូមិព្រៃខ្លាទី២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហេតុការណ៍ភ្ញាក់ផ្អើលមួយកើតឡើង ដោយអះអាងថាមួយក្រុមចោរមួយក្រុមគ្នា៥នាក់ ប្រាប់ដោយកាំភ្លើង៣ដើម ចូលប្តន់យកប្រាក់ដុល្លារអស់ចំនួន ១៣០០០ដុល្លារ និងប្រាក់រៀលអស់ ១៥០លានរៀល។ ក្រោយហេតុការណ៍នេះ សមត្ថកិច្ចបានចុះស្រាវជ្រាវ និងតាមស្វែងរកជនសង្ស័យជាក្រុមចោរប្លន់ ក៏ឈានដល់ការវាយមុខជនសង្ស័យទាំង២នាក់ ម្តាយនឹងកូនប្រុសប្រឌិតរឿងបែបនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី