(ភ្នំពេញ)៖ បុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាម យ៉ាងអណោចអធ័ម ក្រោយពីត្រូវជន ដៃដល់ដែលមិនស្គាល់អត្តសញ្ញាណចំនួនពីរនាក់ បានកាប់មួយកាំបិតចំ-ក បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងបង្កជម្លោះ នៅវេលាម៉ោង៧៖៥០នាទី ព្រលប់ទី២៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៥ ស្ថិតក្នុងផ្សារក្រមួន ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

បើតាមអ្នកស្គាល់ជនរងគ្រោះ អ្នកដែលស្លាប់ក្នុងការកាប់ប្រហារនេះ មានឈ្មោះ ហេង វិចិត្រ ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ចំណែកឯជនដៃដល់សមត្ថកិច្ច មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ព្រោះក្រោយពីកើតហេតុជនដៃដល់ បានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល ខណៈកម្លាំងសមត្ថកិច្ច កំពុងតាមប្រមាញ់ចាប់ជនដៃដល់ទាំងនេះ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថាជនរងគ្រោះ ត្រូវជនដៃដល់ពីរនាក់វាយ ហើយកាប់មួយកាំបិតចំ-ក ដេកស្លាប់នៅក្នុងថ្លុកឈាម ឃើញគួរឲ្យញញើត ខាងលើនេះ គឺគ្រាន់តែទំនាស់ពាក្យសំដ្ដីបន្តិចបន្ទួចតែប៉ុណ្ណោះ ក្រោយមកក៏ឈានដល់ ការកាប់ប្រហារតែម្តង។

បច្ចុប្បន្នសពខាងលើ ត្រូវបានសមត្ថកិច្ច ដឹកយកទៅតំកល់នៅវត្តព្រែកព្នៅ រង់ចាំបូជាតែប៉ុណ្ណោះ។

លោក គីម សាន នាយនគរបាលប៉ុស្តិ៍ស្វាយប៉ាក បានបញ្ជាក់ថា មុនពេលកើតហេតុ ជនរងគ្រោះជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនផងដែរនោះ ត្រូវបានជនបង្ក២នាក់ ឲ្យលុយចំនួន២មឺុនរៀល យកទៅទិញថ្នាំញៀន ប៉ុន្តែជនរងគ្រោះបានយកលុយនេះ ទៅឲ្យអ្នកផ្សេងទិញឲ្យបន្ត។ ដោយរង់ចាំយូរពេលទើប ជនបង្កជិះម៉ូតូតាមរកជនរងគ្រោះដើម្បីសួរនាំ លុះពេលជួបស្រាប់តែកើតជម្លោះ រហូតកាប់ចាក់បណ្តាលឲ្យស្លាប់តែយ៉ាងដូច្នេះ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី