ភ្នំពេញ៖ បង្កាន់ដៃស្ពានព្រះ មុនីវង្សថ្មី ២ប្រឡោះ ត្រូវបាក់ ដោយរថយន្តមួយគ្រឿង បើកបុកខណៈ
ដែលអ្នក បើកបរ យ៉ាងលឿន បំណងឡើងស្ពានព្រះមុនីវង្សថ្មី ស្រាប់តែរេចង្កូត បុកបង្កាន់ដៃស្ពាន
ពេញទំហឹង កាលពីវេលាម៉ោង ២៣ និង ២០នាទីយប់ ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅក្នុង
សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

សមត្ថកិច្ចនគរបាល ដែលយាមនៅគោលដៅ ស្ពានព្រះមុនីវង្សថ្មី បានឲ្យដឹងថា ពាក់ព័ន្ធនឹងករណី
គ្រោះ ថ្នាក់ចរាចរណ៍ខាងលើនេះ គឺនៅមុនពេលកើតហេតុ រូបគាត់បានសង្កេតឃើញបុរសម្នាក់វ័យ
ជាង ៣០ ឆ្នាំ បើករថយន្តតាកូម៉ាមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V-3987 ធ្វើ
ដំណើរតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីលិចទៅកើតដោយបានបើកឡើងសំដៅ ទៅលើ
ស្ពានព្រះមុនីវង្សថ្មី ខណៈបើកឡើងដល់ពាក់កណ្តាលស្ពានស្រាប់តែរថយន្តរេចង្កូតទៅខាងឆ្វេងដៃ
បុករះបង្កាន់ដៃ ស្ពានយ៉ាងខ្លាំង បណ្តាលឲ្យ រថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ហើយកន្ទុយ
រថយន្តបានវិល ត្រឡប់មួយជុំ បោកកង់ក្រោយ ផ្ទប់នឹងបង្កាន់ដៃ ជាហេតុធ្វើឲ្យបែកកង់ ដាច់ចេញ
ពីរថយន្តថែមទៀត ចំណែកអ្នកបើកបរទំនង ស្រវឹងខ្លាំង ប៉ុន្តែមិនមានរងរបួសអ្វីធ្ងន់ធ្ងរទេ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ច មូលដ្ឋានសហការជាមួយ
នគរបាលជំនាញ ចុះមកវាស់វែងអូសយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក
រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ភ្លាមៗ
បន្ទាប់ពីកើតហេតុហើយ ៕