ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ នៅក្នុងសប្តាហ៍នេះ ស្របពេលមានមនុស្ស ៣នាក់ បានស្លាប់ និងម្នាក់ទៀតបានរងរបួស ព្រមទាំងផ្ទះជាង ៤០០ខ្នង រងនូវការខូចខាត ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ និងខ្យល់កន្ត្រាក់ នៅខេត្តរតនគិរី និងខេត្តបន្ទាយមានជ័យ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអាទិត្យនេះ បានលើកឡើងថា កម្ពុជានៅតែបន្តស្ថិតក្នុងដំណាក់កាលអន្តរកាលឆ្លងពីរដូវប្រាំងចូលរដូវវស្សា ដែលធ្វើឲ្យជ្រលងសម្ពាធទាបបានអូសបន្លាយលើកម្ពុជា ដែលធ្វើឲ្យចលនាខ្យល់បានប្តូរទិសមករកភាពវិជ្ជមាន។

ក្រសួងបន្តថា ដោយផ្អែកលើស្ថានភាពបែបនេះ ក្នុងកំឡុងពេលចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១២ ខែឧសភានេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅកម្រិតពីខ្សោយទៅបង្គួរ និងកន្លែងខ្លះអាចមានភ្លៀងធ្លាក់ច្រើន ហើយទន្ទឹមនឹងនោះ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ក៏នៅតែបន្តជាការគំរាមកំហែងដដែល។

ក្រសួងថា៖ «ដូច្នេះ សូមសាធារណជន មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់»។

ក្រសួងបានបន្ថែមថា ក្នុងសប្តាហ៍នេះ សីតុណ្ហភាពអតិបរិមាជាមធ្យមមានចន្លោះពី ៣៤ទៅ៣៧អង្សាសេ ខណៈដែលរដូវវស្សានឹងឈានចូលមកដល់នៅដើមសប្តាហ៍ទី៣នៃខែឧសភាខាងមុខ។

ពាក់ព័ន្ធនឹងករណីរន្ទះបាញ់វិញ លោកឆាយ ធី មេឃុំប៉ាតេ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា នៅម៉ោងប្រមាណ ៦កន្លះយប់ថ្ងៃសៅរ៍ មានករណីមនុស្ស២នាក់ ដែលជាម្តាយនិងកូនប្រុស បានស្លាប់ដោយសាររន្ទះបាញ់ នៅពេលដែលពួកគេកំពុងជ្រកភ្លៀងនៅក្នុងចំការរបស់ខ្លួន ស្ថិតនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនៈគិរី។ លោកបន្តថា ជនរងគ្រោះដែលជាជនជាតិដើមភាគតិចចារាយនោះ មានឈ្មោះ សេវ ភិន អាយុ២១ឆ្នាំ ជាម្តាយ និងឈ្មោះ សេវ សាឃិ អាយុ៤ឆ្នាំ មានទីលំនៅនៅឃុំបាតេ ស្រុកអូរយ៉ាដាវ។

លោកថា៖ «មុនពេលកើតហេតុហ្នឹង មានភ្លៀងធ្លាក់តិចៗទេ ហើយពេលនោះជនរងគ្រោះទាំងពីរនាក់ បានជ្រកនៅក្នុងខ្ទមចាំចំការរបស់ពួកគេ ដែលស្ថិតនៅឃុំយ៉ាទុង ដើម្បីរងចាំប្តីរបស់គាត់មកយកទៅផ្ទះ ហើយក៏ត្រូវជួបហេតុការណ៍រន្ទះបាញ់បណ្តាលឲ្យស្លាប់ទាំងពីរនាក់នៅនឹងកន្លែងតែម្តង»។

ចំណែក អធិការនគរបាលស្រុកព្រះនេត្រព្រះ លោកវរសេនីយ៍ឯក មាស ឬទ្ធី បានឲ្យដឹងថា ហេតុការណ៍គ្រោះរន្ទះបាញ់នោះ បានកើតមាននៅល្ងាចថ្ងៃសុក្រ នៅចំណុចភូមិទ្រយោង ឃុំភ្នំលៀប បានបណ្តាលឲ្យកុមារកង្វាលគោម្នាក់ឈ្មោះ ម៉ក់ ធៀង អាយុ១៤ឆ្នាំ ស្លាប់ និងម្នាក់ទៀតឈ្មោះ ឃ្លាំង ពាវ អាយុ ១៥ឆ្នាំ រងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

លោកថា៖ «មុនពេលកើតហេតុ ក្មេងប្រុសទាំងពីរនាក់នោះ បានទៅឃ្វាលសត្វគោនៅវាលស្រែ ហើយពេលនោះក៏មានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទះ ដូច្នេះពួកគេក៏នាំគ្នាដេញគោត្រឡប់មកផ្ទះវិញ ប៉ុន្តែជាអកុសលពេលមកដល់ជិតភូមិចម្ងាយប្រមាណ២៥០ម៉ែត្រ ក៏ត្រូវរន្ទះបាញ់បណ្តាលឲ្យស្លាប់និងរបួសតែម្តង»។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រៅពីករណីរន្ទះបាញ់នេះ ក៏មានផ្ទះប្រជាពលរដ្ឋចំនួន ៤១៣ខ្នង សាលារៀនមួយខ្នង រោងម៉ាស៊ីន២ខ្នង បានរងនូវការខូចខាតផងដែរ ដោយសារបាតុភូតខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀង ផ្គរ រន្ទះ នៅស្រុក-ក្រុងចំនួន៥នៃខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសុក្រនោះ។

របាយការ៍ដដែលបានបន្តថា ក្រោយពីកើតហេតុ កម្លាំងនគរបាលចម្រុះដឹកនាំដោយស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកអាត ខែម រួមកនុងកម្លាំងយោធាខេត្ត ក៏បានចុះប្រតិបត្តិការជួយរុះរើ និងជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងការខូចខាតផងដែរ។

បើតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រយៈពេល៤ខែដើមឆ្នាំនេះ យ៉ាងហោចណាស់ មានមនុស្ស១៦នាក់ បានស្លាប់ និងជិត ៤០នាក់ទៀត បានរងរបួស ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ខណៈដែលផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ៣ពាន់ខ្នង រួមនិងដំណាំកសិកម្មមួយចំនួនបានរងនូវការខូចខាត ៕

ប្រភព ៖ khmertimes