កំពង់ឆ្នាំង : អធិការនគរបាល ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង លោក ហ៊ុន វាសនា បានរងនូវការ ចោទប្រកាន់ថា បានចាប់រំលោភនារី សិស្សសាលាម្នាក់ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ តែនារីរងគ្រោះទើបដាក់ពាក្យបណ្តឹងកាលពីប៉ុន្មានថ្ងៃមុននេះ។

ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៏ ប្រាក់ វុឌ្ឍី បានប្រាប់ថា ចំពោះករណីនេះ នៅមិនទាន់ដឹង ថា ជាការពិតឫ មួយយ៉ាងនោះទេ គឺស្ថិតក្រោមការស៊ើបអង្កេត នៅឡើយ ហើយកាលពីម្សិលមិញ លោកបាន ហៅ លោក អធិការមកសួរនាំហើយ ក្រោយពីមានពាក្យបណ្តឹងរបស់ នារីរងគ្រោះ។

លោកឧត្តមសេនីយ៏ស្នងការ បានបញ្ជាក់ថា រឿងនេះកើតឡើងតាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥មកម្ល៉េះ ដែលនារីរងគ្រោះ មានស្រុកកំណើត នៅឃុំកោះថ្កូវ ស្រុកជលគិរី ហើយបច្ចុប្បន្ន មកស្នាក់នៅបណ្តោះ នៅស្រុកកំពង់ត្រឡាច ដើម្បីរៀនសូត្រ ។

យ៉ាងណាក៏ដោយ លោក ហ៊ុន វាសនា បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់ ពីសំណាក់ខាងស្រី ដោយលោកអះអាងថា ជាការត្រូវរ៉ូវគ្នា ពីព្រោះពួកគេ គឺសង្សានឹងគ្នា។

លោក ហ៊ុន វាសនា បានបញ្ជាក់នៅព្រឹកថ្ងៃទី២១ ខែកក្កដា នេះថា “ខ្ញុំនិងនាង គឺស្រឡាញគ្នាយូរហើយ និងបានទៅដេក ហូបបាយ នៅផ្ទះរបស់នាងទៀតផង រហូតបានដេកជាមួយគ្នា ជាច្រើនលើក ប៉ុន្តែបែររូបនាង ប្តឹងខ្ញុំថា ចាប់រំលោភទៅវិញ”។

ចំពោះករណីនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំទាន់អាច សុំការបកស្រាយពី នារីរងគ្រោះ នៅឡើយទេ ដោយសារគ្មាន លេខទូរស័ព្ទទាក់ទង ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល