ព័ត៌មានអន្តរជាតិ ៖ រលកកំដៅ នៃការភ័យស្លន់ស្លោ បង្កឡើងដោយ ក្រុមមនុស្សត្លុក ដែលតែងតែដើរលបៗ ត្រុកៗនៅក្នុងទីក្រុងប្រទេសបារាំងនោះ ឥលូវបានសាយភាព មកដល់ភាគខាងត្បូងប្រទេសនេះ ហើយ ខណៈយប់ថ្ងៃសៅរ៍កន្លងទៅនេះ មន្រ្តីប៉ូលីស បានធ្វើការចាប់ឃាត់ខ្លួន មនុស្សមានវ័យជំទង់បាន ១៤នាក់ ស្លៀកពាក់ជាមនុស្សត្លុក បែបរប៉ិលរប៉ូច ដៃប្រដាប់ដោយកាំភ្លើងខ្លី កាំបិទ និង ដំបងជាដើម ។

គេហទំព័រសារព័ត៌មានសឹង្ហបុរី channelnewsasia ទើបតែបានចេញផ្សាយអោយដឹងថាមន្រ្តីប៉ូលីសប្រចាំ តំបន់ សរបញ្ជាក់ បានថា ក្រុមយុវវ័យទាំងនេះ ត្រូវបានចាប់ឃាត់ខ្លួននៅឯបរិវេណចំណតរថយន្តនាវិទ្យា ល័យមួយកន្លែងក្នុងក្រុង Agde ស្របពេលដែល មានពាក្យបណ្តឹមួយចំនួនផ្សេងទៀត អោយដឹងថា មាន ការចាក់ដោយក្រុមមនុស្សត្លុក ដៃប្រដាប់ដោយកាំបិទ នៅក្នុងតំបន់ រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ នេះ ។

គួរបញ្ជាក់ថា នៅក្នុងទីក្រុង Montpellier ភាគខាងត្បូង ប្រទេស បារាំង បុរសម្នាក់ ដែល បានក្លែងធ្វើជា មនុស្សត្លុកនោះ ត្រូវបានចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើការវាយប្រហារ ទៅលើ ក្រុម មនុស្ស ជាអ្នកថ្មើរជើង ដោយបានប្រើប្រាស់ដែក ស្របពេលដែល ក្រុមអ្នកដំណើរ ៣ នាក់ផ្សេងៗ ទៀត មកពីទីក្រុង ខុសៗគ្នា បានដាក់ពាក្យបណ្តឹង ថាមានមនុស្សត្លុក បានគម្រាមគំហែង ដល់ពួកគេ ។

បាតុភូតនៃការតុបតែងខ្លួនឡើង ជាមនុស្សត្លុកបែបរន្ធត់ និង បំភ័យអ្នកដំណើរនេះ គឺជានិន្នាការដែលគេ តែងឃើញមានឡើង នៅសហរដ្ឋអាមេរិក ក៏ដូចជា ចក្រភពអង់គ្លេស ខណៈបាន លេចវត្តមានឡើងនៅ ភាគខាងជើងប្រទេសបារាំង នាដើមខែតុលា នេះ ។ នៅ ទីក្រុង Bethune ភាគខាងជើងប្រទេសបារាំង កាលពីសប្តាហ៍មុន ជនជាប់ចោទម្នាក់ ដែលបានក្លែងធ្វើ ជា មនុស្សត្លុកនោះ ត្រូវតុលាការសម្រេចផ្តន្ទា ទោសអោយជាប់ពន្ធនាគារ រយៈពេល ៦ ខែ បន្ទាប់ពីធ្វើការគម្រាមគំហែងខ្លាំង ដល់អ្នកដំណើរ ។

ប្រភពពីប៉ូលីស ភាគខាងជើងប្រទេស បារាំង ប្រាប់អោយដឹងដល់ ភ្នាក់ងារ សារព័ត៌មាន AFPអោយដឹង ថា ក្រុមមនុស្សត្លុក ប្រើប្រាស់អាវុធក្លែងក្លាយ ជាទូទៅ គេឃើញមាននៅខាងក្រៅសាលារៀន តាមផ្លូវសា ធារណៈ រថយន្តក្រុង និង សួនឧទ្យានជាដើម ។ គោលដៅរបស់ពួក គេ ជាញឹកញាប់ ក្មេងៗ និង មនុស្ស វ័យជំទង់ ក៏ប៉ុន្តែអាចជា យុវវ័យដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia