(ភ្នំពេញ)៖ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឱ្យដឹងនៅមុននេះបន្តិច (នាយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦)ថា សំណុំរឿងយុវជនម្នាក់ ដែលគំរាមសម្លាប់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចបង្វែរសំណុំរឿងទៅកាន់សាលាដំបូងខេត្តកំពង់ធំវិញ ក្រោមហេតុផលថា ករណីនោះបានកើតឡើងនៅលើទឹកដីខេត្តកំពង់ធំ។

តែទោះបីជាយ៉ាងណា សមត្ថកិច្ចថ្លែងប្រាប់ឲ្យដឹងថា នៅយប់នេះ យុវជនដែលគំរាមសម្លាប់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានយកទៅទុកនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បណ្ដោះអាសន្នសិន ហើយស្អែកនឹងបញ្ជូនបន្តទៅកាន់ខេត្តកំពង់ធំ។

យុវជនម្នាក់ដែលបានសរសេរសារគំរាមសម្លាប់ សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម Facebook នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦នេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ធ្វើការសាកសួរតាំងពីព្រឹករហូតដល់យប់។ យុវជនម្នាក់នេះមានឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៥ឆ្នាំ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីម្សិលមិញ ស្ថិតនៅឃុំកោះ ស្រុកសន្ទុក ហើយបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ។ យុវជនខាងលើ ត្រូវបានព្រះរាជអាជ្ញារងចោទប្រកាន់ពីបទប្រមាថ និងបទគំរាមសម្លាប់ តាមមាត្រា៥០២ និង២៣៣ នៃច្បាប់ព្រហ្មទណ្ឌ ដែលប្រឈមនឹងការជាប់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ។

សូមបញ្ជាក់ថា កាលពីថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០១៥ យុវជនម្នាក់ឈ្មោះ តៅ សាវឿន អាយុ២៦ឆ្នាំ ជាអតីតនិស្សិត រៀននៅសកលវិទ្យាល័យ South-East Asia ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ ក្រោយសរសេរ ព្រមានបោកគ្រាប់បែកសម្លាប់ សម្តេចក្រឡាហោម ស ខេង លើបណ្តាញសង្គម Facebook នៅអំឡុងពេលសម្តេចទៅចែកសញ្ញាបត្រនៅខេត្តសៀមរាប។
ក្រោយមកយុវជននេះត្រូវបានតុលាការ សម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ១៥ខែ ប៉ុន្តែឱ្យអនុវត្តទោសត្រឹមតែ៣០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានការអង្វពីសាម៉ីខ្លួននិងគ្រួសារទៅកាន់សម្តេចក្រឡាហោម ហើយសន្យាថាមិនធ្វើទង្វើតទៅទៀត។

ក្រៅពីករណីគំរាមសម្លាប់សម្តេច ស ខេង ក៏មានករណីគំរាមសម្លាប់ទៅលើមន្រ្តីកិច្ចការព្រំដែន២រូបទៀត គឺលោក សុខ ទូច និងលោកស្រី កុយ ពិសី ដែលក្នុងនោះករណីគំរាមសម្លាប់ លោកបណ្ឌិត សុខ ទូច សមកិច្ចក៏បានចាប់ខ្លួនយុវជនម្នាក់ឈ្មោះ ផង់ សីហា ផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី