ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រសួងសុខាភិបាល បានស្នើឲ្យគណៈគ្រប់គ្រងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ កែសម្រួលកន្លែងជក់បារីឲ្យនៅឆ្ងាយពីច្រកចេញចូលនៃស្ថានីយចេញដំណើរ និងស្ថានីយដំណើរមកដល់ និងកែសម្រួលនូវចំណុចខ្វះខាតមួយចំនួនក្នុងការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ ដើម្បីរួមចំណែកលើកកម្ពស់សុខមាលភាពភ្ញៀវទេសចរ និយោជិត និងប្រជាពលរដ្ឋ។

ការស្នើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំស្តីពី «បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ» នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃនេះ។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន បានមានប្រសាសន៍ថា តាមការសង្កេតកន្លងមក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញត្រង់ស្ថានីយ៍អ្នកដំណើរមកដល់ និងស្ថានីយ៍ចេញដំណើរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋមួយចំនួន បានជក់បារីបង្ហុយផ្សែងពេញស្ថានីយ៍ទាំង២នោះ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរផ្សេងទៀត និងប្រជាពលរដ្ឋដែលទៅទទួលនិងជូនដំណើរបងប្អូន។

តែយ៉ាងណា លោកថា បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានធ្វើការកែសម្រួលច្រើន ដោយមានរៀបចំបន្ទប់សម្រាប់ជក់បារី និងបានដាក់ទីតាំងជក់បារីនៅខាងក្រៅអគារស្ថានីយ៍ទាំងពីរនេះ ប៉ុន្តែទីតាំងទាំងនោះ ស្ថិតនៅក្រោមសំយាបដំបូលនៃអគារនៅឡើយ ដែលទាមទារឲ្យមានការកែសម្រួលបន្ថែមទៀត ឲ្យស្របទៅតាមច្បាប់ និងអនុក្រឹត្យនានាដែលបានចង្អុលបង្ហាញ។

លោកថា៖ «អីចឹងយើងត្រូវពិភាក្សាគ្នាថា គួរប្តូរទីតាំងកន្លែងជក់បារីនោះ ទៅកាន់សួនច្បារ ឬកន្លែងណាមួយដែលមានវាលលំហរផុតពីដំបូលអាគារ៥ម៉ែត្រ សម្រាប់ឲ្យអ្នកជក់បារី ទៅជក់នៅទីនោះ ដើម្បីកុំឲ្យផ្សែងបារីបង្កផលប៉ះពាល់ដល់អ្នកមិនជក់»។

លោក ហោ សារុន បានបន្ថែមថា៖ «ដូច្នេះយើងត្រូវធ្វើការរួមគ្នា ធ្វើម៉េចជំរុញឲ្យព្រលានយន្តហោះអន្តរជាតិរបស់យើង គ្មានផ្សែងបារី»។

លោក គាំ ស៊ីនួន អនុប្រធាននាយកដ្ឋានក្រសួងសុខាភិបាល បានមានប្រសាសន៍ថា យោងតាមច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងអនុក្រឹត្យពាក់ព័ន្ធនានា បានហាមឃាត់ការជក់បារីក្នុងអគារនៃកន្លែងធ្វើការ និងកន្លែងសាធារណៈនានា ដូចជា ខាងក្នុងមធ្យោបាយធ្វើដំណើរសាធារណៈ បរិវេណនៃគ្រឹះស្ថានសិក្សា គ្រឹះស្ថានសុខាភិបាល គ្រឹះស្ថានសាសនា ទារកដ្ឋាន សួនកុមារ សួនច្បារសាធារណៈ សារមន្ទីរ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ និងកន្លែងងាយឆាបឆេះជាដើម។

លោកបន្តថា ច្បាប់និងអនុក្រឹត្យ ក៏បានតម្រូវឲ្យម្ចាស់អាជីវកម្មផលិតផលថ្នាំជក់ ត្រូវបោះពុម្ភសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ទំហំ ៥៥% នៃផ្នែកខាងលើសង្ខាងនៃកញ្ចប់ផលិតផលថ្នាំជក់ អាចតាំងផលិតផលថ្នាំជក់បានតែមួយកញ្ចប់ក្នុងមួយម៉ាកនៅកន្លែងលក់់មួយ ទូឬសម្ភារៈតាំងផលិតផលថ្នាំជក់ត្រូវមានពណ៌ត្នោត និងមានទំហំមិនឲ្យលើសពី ២០០០សង់ទីម៉ែត្រការ៉េ ព្រមទាំងហាមឃាត់នូវការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់តាមគ្រប់មធ្យោបាយ និងគ្រប់ទីកន្លែងផងដែរ។

ប៉ុន្តែ លោកថា៖ «សម្រាប់ហាងដែលបានតាំងលក់ផលិតផលថ្នាំជក់នៅក្នុងព្រលានយន្តហោះ យើងឃើញថាមិនបានគោរពទៅតាមច្បាប់និងអនុក្រឹត្យរបស់យើងទេ គឺមានការតាំងលក់បារីច្រើនកញ្ចប់ មានទីតាំងធំ និងលើកញ្ចប់បារីមានសារព្រមានសុខភាពតិចតួច ដែលគួរមានការពិនិត្យកែលម្អឡើងវិញឲ្យស្របទៅតាមច្បាប់»។

លោក អ៊ែកវេ បូណាំង នាយកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (Mr. Herve Bonin, General Manager of Phnom Penh International Airport) បានមានប្រសាសន៍ថា អាកាសយាន្តដ្ឋាន នឹងធ្វើការកែសម្រួលនូវចំណុចខ្វះខាត ដោយការរៀបចំឡើងវិញនូវទីតាំងកន្លែងជក់បារីឲ្យស្របនឹងច្បាប់ រៀបចំស្លាកសញ្ញាហាមជក់បារីឲ្យបានត្រឹមត្រូវនិងមានបន្ថែមជាភាសាចិន ដោយសារអ្នកជក់បារីភាគច្រើនជាជនជាតិចិន។

លោកបន្តថា អាកាសយានដ្ឋានក៏នឹងព្យាយាមជជែកជាមួយម្ចាស់អាជីវកម្មដែលដាក់តាំងលក់បារីនៅព្រលានយន្តហោះ ឲ្យអនុវត្តការដាក់តាំងស្របទៅតាមច្បាប់ដែលបានកំណត់ផងដែរ។ លោកថា៖ «យើងនឹងព្យាយាមរកវិធីសាស្ត្រជាក់លាក់ក្នុងការកែលម្អបញ្ហានេះដោយអនុឡោមទៅតាមច្បាប់ដែលបានកំណត់»។

ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា លោកវេជ្ជបណ្ឌិតមុំ គង់ ក៏បានជំរុញឲ្យមានការកែលម្អបន្ថែមទៀត លើបញ្ហាថ្នាំជក់ ជាពិសេសបញ្ហាដាក់តាំងលក់កញ្ចបបារី និងការផ្សាយពាណិជ្ជកម្មបារី នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ដើម្បីឲ្យបរិស្ថានក្នុងអាកាសយានដ្ឋានគ្មានផ្សែងបារី។

លោកថា៖ «ព្រោះព្រលានយន្តហោះរបស់យើង មិនត្រឹមតែពលរដ្ឋខ្មែរយើងទេដែលប្រើប្រាស់សេវាព្រលានយន្តហោះ ប៉ុន្តែវាក៏ជាចំណុចដំបូងដែលភ្ញៀវទេសចរអន្តរជាតិ បានមើលឃើញទឹកដីកម្ពុជាផងដែរ អីចឹងយើងចង់ឲ្យព្រលានយន្តហោះរបស់យើងជាកន្លែងដែលមានភាពស្រស់ស្រាយ ដែលផ្តល់សុខភាពល្អ ទាំងការដកដង្ហើមល្អទៅដល់ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរដែលមកទីនេះ»។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០១៨ កម្ពុជាបានទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦.២លាននាក់ កើន ១០.៧% ធៀបនឹងឆ្នាំ២០១៧ ក្នុងនោះភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាសមាន ៦៦.១% ហើយមកតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញចំនួនជិត២លាននាក់ ៕

ប្រភព ៖ khmertimes