ភ្នំពេញ ៖ បុរសរត់ម៉ូតូកង់បីម្នាក់ បានរងរបួសធ្ងន់ ត្រង់ពោះដោយសារតែ ជនបង្កម្នាក់ បានបាញ់ មួយគ្រាប់ ដោយសារតែ មានជម្លោះពាក្យសម្តី នៅតាមដងផ្លូវ កាលពីវេលាម៉ោង ប្រមាណ ១២៖៣០នាទី យប់រំលងអាធ្រាត្រចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍ ពីសាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើកម៉ូតូ កង់បីរបស់ខ្លួន តាមផ្លូវលេខ៤៧ លុះមកដល់ ចំណុចខាងជើង ស្ថានីយ៍ប្រេង តូតាល់ ស្រាប់តែ មានជនបង្កម្នាក់ បើកម៉ូតូម៉ាកស្កុបពីមួយគ្រឿង ប្រជែងកាត់មុខ យ៉ាងលឿន ពេលនោះ ជនរងគ្រោះបាន លាន់មាត់ថា បើបើកបុក មានលុយឯណាសង ភ្លាមៗនោះ ធ្វើជនបង្ក ត្រឡប់ម៉ូតូបកក្រោយ រួចហើយ បាញ់មួយគ្រាប់ ទៅលើជនរងគ្រោះ បណ្តាលឲ្យចំ ពោះ រងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនបង្ក បានបើកម៉ូតូគេចខ្លួនបាត់ រីឯជនរងគ្រោះត្រូវបាន សមត្ថកិច្ចនិងសាច់ញាតិ ជួយដឹកបញ្ជូនទៅ កាន់មន្ទីរពេទ្យកាល់ម៉ែត ។ សមត្ថកិច្ច មូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ភ្លាមៗ នៅកន្លែងកើតហេតុផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល