ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ នៃការធ្វើមរណកាលរបស់សម្តេច ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជា ជនកម្ពុជា។

នៅក្នុងសារាចររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥ បានបញ្ជាក់ថា ក្នុងឱកាសប្រារព្ធពិធីកាន់ទុក្ខនេះ គ្រប់ក្រសួងស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជន និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមមួយភាគបី នៃដងទង់ជាតិចាប់ពីលើ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥។

សារាចរដដែលបានបញ្ជាក់ផងដែរថា គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្តែង និងចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗ ដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង។

ក្នុងសារាចរនេះ នាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ថា គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ និងអន្តរជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងជនរួមជាតិទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជា កិច្ចចូលរួមមរណៈទុក្ខ ដ៏ក្រៀមក្រំបំផុតនេះ។

សម្តេច ជា ស៊ីម ឥស្សរជននយោបាយជាន់ខ្ពស់ និងឆ្នើមមួយរូបរបស់កម្ពុជា ដែលបានបូជាអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុជាតិ មាតុភូមិ សាសនា និងព្រះមហាក្សត្រនោះ បានទទួលមរណភាពនៅម៉ោង ៣ និង៤៥នាទី រសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល