(ភ្នំពេញ)៖ មេជួញដូរគ្រឿងញៀនដ៏ធំម្នាក់ នៅរាជធានីភ្នំពេញ ត្រូវកម្លាំងនគរបាលចាប់ខ្លួន ដោយដកហូតថ្នាំញៀនចំនួន៥កញ្ចប់ធំ ព្រមទាំងថ្នាំគ្រាប់ជាង៣០០គ្រាប់ នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុច មុខហាងស្ថានីយ៍ប្រេងឥន្ធនៈសូគីម៉ិច បណ្តោយផ្លូវព្រះមុនី្នរ៉េត ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួនមេជួញដូរគ្រឿងញៀនខាងលើនេះ ត្រូវបានមន្រ្តីនគរបាល បញ្ជាក់ថា ថ្នាំញៀនទាំង៥កញ្ចប់ធំ បើបំបែកជាកញ្ចប់តូចៗនោះវិញ គឺបានរាប់រយកញ្ចប់តែម្តង ដើម្បីយកទៅចែកចាយឲ្យអ្នកប្រើប្រាស់ និងអ្នកលក់បន្តទៀតនៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ។

លោក ហ៊ួ ម៉េងវ៉ាង បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦នេះថា «ជនជួញដូរគ្រឿងញៀនដ៏ធំនេះត្រូវបាន កម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកអធិការ និងស្នងការ ចាប់ខ្លួនជាក់ស្តែងដោយដកហូតថ្នាំគ្រាប់ចំនួន៣១៤ និងម៉ូតូមួយគ្រឿងម៉ាកអិចអ៊ែរ»។

លោកបានបន្តទៀតថា «លុះព្រឹកថ្ងៃនេះ កម្លាំងនគរបាលរបស់លោក ក្រោមការសម្របសម្រួលពីតំណាងអយ្យការ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះទៅឆែកឆេរបន្ទប់ផ្ទះជួលរបស់ជនសង្ស័យ ស្ថិតនៅផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងបានរកឃើញថ្នាំញៀនប្រភេទ ម៉ាទឹកកកចំនួន៥កញ្ចប់ធំ»។

លោកអធិការរង បានបន្តទៀតថា ជនសង្ស័យមានឈ្មោះ ស៊ុន ប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី