(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ នៅយប់ថ្ងៃព្រហស្បតិ៍បានថ្លែងធ្ងន់ៗថា រូបលោកនឹងលាលែងពីតំណែងភ្លាមៗ បើសិនជាសមាជិកសភាជាតិលោក អាន់តូនីញ៉ូ ទ្រីលឡាណេស (Antonio Trillanes) អាចបញ្ជាក់បានថា លោកប្រធានាធិបតីធ្លាប់មានលុយដល់ទៅពីរពាន់លានប៉េសូ ដែលស្មើនឹង៤០.០៦ដុល្លារដែលត្រូវបានលាក់បាំងទុកនៅក្នុងគណនីធនាគារមែននោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងថា «បើសិនជាលោក ទ្រីលឡាណេស អាចរកភស្តុតាងបញ្ជាក់ពីការអះអាងរបស់លោកបានថា ខ្ញុំធ្លាប់មានលុយពីរពាន់លានប៉េសូ ឬមួយក៏គណនីធនាគារដែលស្ថិតក្រោមឈ្មោះកាន់កាប់របស់ខ្ញុំ នាពេលមួយមានប្រាក់សរុបត្រឹមតែ ៥០០លានប៉េសូក៏ដោយនោះ រូបខ្ញុំនឹងចុះចេញពីតំណែងជាប្រធានាធិបតីហ្វីលីពីនភ្លាមៗតែម្តង»។

គួរបញ្ជាក់ថានៅថ្ងៃព្រហស្បតិ៍ម្សិលមិញជាមួយគ្នានោះ លោក Antonio Trillanes ជាអ្នកនយោបាយដ៏កម្រមួយរូបដែលជាធម្មតាហ៊ានចេញមុខបង្ហាញការជំទាស់នឹងលោកប្រធានាធិបតីដ៏មានប្រជាប្រិយភាពនោះ បានបញ្ចេញនូវឯកសារថតចម្លងនៃរបាយការណ៍ធនាគារចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៥ មានទឹកប្រាក់សរុបចំនួន២.៤ពាន់លានប៉េសូ (ស្មើនឹង៤៨លានដុល្លារ) នៅក្នុងគណនីជាច្រើនខុសៗគ្នា ដែលលោក Trillanes បានអះអាងថាគឺជារបស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ផ្ទាល់ និងជាទ្រព្យសម្បត្តិដែលរូបលោកមិនបានធ្វើការប្រកាសឲ្យសាធារណជនហ្វីលីពីនបានដឹង នៅមុនការបោះឆ្នោតកាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ។

យោងតាមឯកសារថតចម្លងខាងលើដែលលោក Trillanes បានបញ្ចេញគណនីធនាគារមួយចំនួនគឺជាប្រភេទគណនីរួមដែលលោក ឌូតឺតេ បានគ្រប់គ្រងជាមួយបុគ្គលជិតស្និទ្ធនឹងលោករួមមានទាំងសាច់ញាតិផងដែរ។ រីឯខ្លះទៀតគឺជាប្រភេទគណនីផ្ទាល់ខ្លួនដាច់ដោយឡែកស្ថិតក្រោមឈ្មោះមនុស្សជំនិតដទៃៗទៀត ប៉ុន្តែលោក Trillanes បាននិយាយថាគណនីធនាគារទាំងអស់នេះ សូម្បីតែគណនីទាំងឡាយណាដែលមិនមានឈ្មោះលោក ឌូតឺតេ ក៏ដោយគឺធាតុពិតសុទ្ធសឹងតែជារបស់លោកប្រធានាធិបតីហ្វីលីពីនផ្ទាល់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយលោក Antonio Trillanes បានសង្កត់ធ្ងន់ថា «បើសិនជាការចោទប្រកាន់របស់ខ្ញុំវាផ្ទុយស្រឡះពីការពិតវិញនោះ រូបខ្ញុំនឹងលាលែងពីតំណែងជាសមាជិកសភាភ្លាមៗតែម្តង»៕

ប្រភព ៖ ស៊ិនហួរ