(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ដើម្បីឲ្យក្លាយជាក្រវាត់ក្រុងពិតប្រាកដនោះ កម្ពុជាត្រូវការស្ពានពីរបន្ថែមទៀត, ស្ពានទី១ គឺស្ពានពីជ្រោយចង្វារ ទៅស្វាយជ្រុំ ឆ្លងកាត់ទន្លេមេគង្គលើ និងមួយទៀតត្រូវ កសាង ស្ពានពីអរិយក្សត្រ ទៅក្តីតាកុយ ឆ្លងកាត់ទន្លេមេគង្គក្រោម។

ភ្ជាប់នឹងការថ្លែងនេះសម្តេចតេជោ ហ៊ុន សែន បានស្នើមិត្តចិន ពិចារណាផ្តល់ហិរញ្ញប្បទាន ដើម្បីសាងសង់ស្ពាននេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណសាលារាជធានីភ្នំពេញ ដែលបានខិតខំស្វែងរកទុន និងដៃគូ ក្នុងការស្វែងរកថវិកាសាងសង់ ផ្លូវក្រវាត់ក្រុង ព្រមទាំងអរគុណ ក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ដែលបានខិតខំចរចាជាមួយចិន យកថវិកាសាងសង់ផ្លូវ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ខណៈសម្តេចតេជោចូលរួមជាអធិបតីភាពក្នុងពិធីបើកការដ្ឋាន សាងសង់ ផ្លូវក្រវាត់ក្រុងខ្សែទី២ កំណាត់ទី២ និងសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រុងខ្សែទី២ កំណាត់ទី១ ដែលផ្លូវទាំងពីរកំណាត់មានប្រវែងសរុបជិត២៧គីឡូម៉ែត្រ ចំណាយថវិកា សាងសង់សរុបជាង៧០លានដុល្លារអាមេរិក នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ដើម្បីឲ្យកើតទៅជាក្រវ៉ាត់ក្រុងមែនទែន នៅមានរឿង២ទៀតដែល ខ្ញុំករុណាខ្ញុំ សូមប្រកាស ជាផែនការ ហើយផែនការនេះ កំពុងសិក្សា និងកំពុងរកឥណទានដែរដើម្បីឲ្យក្លាយជាខ្សែក្រវ៉ាត់ក្រុង ពិតប្រាកដ យើងនៅខ្វះស្ពាន២ទៀត តែសុំមិត្តចិន ចាន់អារម្មណ៍ដាក់បញ្ចូនក្នុងផែនការ យូរអង្វែងខ្សែក្រវ៉ាត់១ ផ្លូវ១។កម្ពុជា ខ្វះស្ពាន២ គឺទី១ស្ពានជ្រោយចង្វារ ទៅស្វាយជ្រុំ ខាងអរិយក្សត្រ គេហៅ ទន្លេមេគង្គលើ អាហ្នឹងស្ពាន១ដើម្បីភ្ជាប់ទៅខាងហ្នឹង១ទៀត គឺត្រូវកសាងស្ពានពីអរិយក្សត្រ ទៅក្តីតាកុយភ្ជាប់អាហ្នឹងមួយទៀត ទន្លេមេគង្គក្រោយ អាហ្នឹងមូលម៉ង់ មិនបាច់ចូលភ្នំពេញ នាំស្មុគ អាហ្នឹងទៅខាងក្រៅម៉ង់»។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយសារ ការសាងសង់ផ្លូវ ដោយសារតែគ្មានជម្រើសនោះឡើយ នៅតាមសងខាងផ្លូវផងដែរ។ សម្តេចតេជោបន្តថា នេះជាប្រយោជន៍សាធារណៈ របស់ប្រជាពលរដ្ឋ នៅពេលសាងសង់ ទោះបីជាមានការប៉ះពាល់តិចច្រើន ផ្នែកនេះ ផ្នែកនោះ នៅសងខាងផ្លូវ នៅពេលធ្វើក៏មានការរំខានដល់ប្រជាជន នៅតាមដងផ្លូវ ប៉ុន្តែ នៅពេលដែលសាងសង់រួចយើងនឹង ទទួលបាន ផលប្រយោជន៍ពីការកសាងផ្លូវ មកដល់សព្វថ្ងៃនេះ។

គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ប្រើប្រាស់ហិរញ្ញប្បទានសម្បទាន និងជំនួយ ឥតសំណងរបស់មិត្តចិន បានសាងសង់រួចមាន ចំនួន ២០ខ្សែ មានប្រវែង ១.៩៨១គីឡូម៉ែត្រ ប្រើប្រាស់ ថវិកាប្រមាណ ៩៧៤លានដុល្លារអាមេរិក។ គម្រោងកំពុងសាងសង់មានចំនួន ០៧ខ្សែ មានប្រវែង ៧៨៦គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ៦៨៤ លានដុល្លារអាមេរិក។ គម្រោងត្រៀមសាងសង់ មានចំនួន ០២គម្រោង មានប្រវែងស្មើនឹង ១៣៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ១៣៩លានដុល្លារអាមេរិក។ ស្ពានធំៗដែលបានសាងសង់រួច មានចំនួន ០៧ ស្ពាន មានប្រវែងសរុប ៦,៨២៤ម៉ែត្រ ប្រើប្រាស់ថវិកាប្រមាណ ២១៦លានដុល្លារអាមេរិក និងត្រៀមសាងសង់ស្ពានមួយកន្លែងទៀតនៅស្ទឹងត្រង់ ក្រូចឆ្មារ មានប្រវែង ១,១៣១ម៉ែត្រ ប្រើប្រាស់ថវិកា ៥៧លានដុល្លារអាមេរិក។ សរុបគម្រោងដែលប្រើប្រាស់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលបាន សាងសង់រួច និងត្រៀមសាងសង់មានទឹកប្រាក់ ប្រមាណ ២,០៧០លានដុល្លារអាមេរិក៕

សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី