(ភ្នំពេញ)៖ លោក កែម រីទ្ធីសិទ្ធិ ប្អូនប្រុសបង្កើត លោក បណ្ឌិត កែម ឡី បានផ្តល់កិច្ចសម្ភាសន៍ជាមួយអង្គភាព Fresh News នៅវេលាថ្ងៃត្រង់ថ្ងៃទី១៨ ខែកក្កដានេះថា មានបុគ្គលមួយចំនួនកំពុងអូសទាញយកសពលោក កែម ឡី ធ្វើអាជីវកម្មនយោបាយ តែគ្រួសារសពមានទាំងរូបលោក និងក្រុមគ្រួសារ ប្រកាន់ជំហរដង្ហែសពលោក កែម ឡី ទៅស្រុកកំណើតនៅ ខេត្តតាកែវ នាសប្តាហ៍នេះជាកំហិត។

លោក កែម រីទ្ធីសិទ្ធិ បញ្ជាក់បែបនេះ ក្រោយពីមានបុគ្គលម្នាក់នៅក្នុងគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី ចេញមុខមកបញ្ជាក់ថា នឹងយកសព លោក កែម ឡី ទៅតំកល់នៅកៀនស្វាយបន្តទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានគោរពវិញ្ញាណក្ខន្ធលោកទៀត។

ទង្វើនេះត្រូវបានលោក កែម រីទ្ធីសិទ្ធិ បានបញ្ជាក់ទៀតថា ការធ្វើបែបនេះហាក់ដូចជាធ្វើបាបសពមិនឲ្យបានទៅស្ងប់សុខ ហើយការយកសពលោក កែម ឡី ទៅតំកល់នៅកៀនស្វាយ ឬលើកដាក់កន្លែងនេះ កន្លែងនោះ ហាក់ដូចជាសម្លាប់ម្តាយគាត់ម្នាក់ទៀតអញ្ជឹង។ ការយកសពនៅបញ្ចុះនៅស្រុកកំណើត គឺធ្វើតាមបំណងរបស់គាត់កាលនៅរស់ផង។

លោក កែម រីទ្ធីសិទ្ធិ បានអះអាងថា «បងប្អូន ក៏ដូចជាម្តាយខ្ញុំ ដាច់ខាតគាត់មិនឲ្យអ្នកណា យកទៅណាទៅណីទេ ពីព្រោះគាត់ត្រូវតែយកមកទឹកដីកំណើតរបស់គាត់ បើសិនជាមានតំណាងណាចង់យកទៅណាមកណា ហាក់ដូចជាសម្លាប់ម្ដាយគាត់ម្នាក់ទៀតដែរហ្នឹង»។

គួរបញ្ជាក់ថា ភាពចម្រូងចម្រាស់លើសព លោក កែម ឡី បានកើតឡើងជាហូរហែ ក្រោយពីមានការពន្យារពេល និងផ្លាស់ប្តូរកាលកំណត់នៃការដង្ហែសព លោក កែម ឡី ទៅស្រុកកំណើតដោយគ្មានការកំណត់។

បើតាមសម្ដីរបស់លោក កែម រីទ្ធីសិទ្ធិ គណៈកម្មការរៀបចំបុណ្យសព លោក កែម ឡី ដែលមាន លោក ប៉ាង ងួនទៀង ជាប្រធាន និងព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាសមាជិកគណៈកម្មការ រួមនិងសមាជិកដទៃទៀត មិនមានការសហការ និងពិភាក្សាគ្រប់ជ្រុងជ្រោយជាទូទៅទេ គឺមានការសម្រេចចិត្តដោយ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដោយគ្មានយល់ព្រមពីសមាជិកគណៈកម្មការដទៃទៀតឡើយ។

បច្ចុប្បន្ននេះសង្កេតឃើញថា មតិគ្រួសារសព និងគណៈកម្មការរៀបចំបុណ្យសព លោក កែម ឡី ហាក់ខ្វែងគំនិតគ្នាលើការតំកល់សព ដែលសាធារណជនកំពុងតែចាត់ទុកថា សពលោក កែម ឡី កំពុងត្រូវបានគេ យកមកធ្វើអាជីវកម្មនយោបាយ។

សូមជំរាបថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ព្រះតេជគុណ ប៊ុត ប៊ុនតិញ គណៈកម្មការរៀបចំបុណ្យសព បានប្រកាសពន្យារពេលហែសព លោក កែម ឡី ក្រោមមូលហេតុជាការសំណូរមពររបស់សាធារណជន ដែលចង់បន្តមកចូលរួមចែករំលែកទុក្ខនៅក្នុងពិធីបុណ្យនេះ ហើយការពន្យារពេលនេះគ្មានកាលកំណត់នោះទេ៕

សូមស្ដាប់កិច្ចសម្ភាសន៍រវាង Fresh News ជាមួយប្អូនប្រុសបង្កើតសពលោក កែម ឡី ឈ្មោះ កែម រិទ្ធីសិទ្ធិ៖

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី