(ភ្នំពេញ)៖ មន្រ្តីនគរបាលផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំនួន៥នាក់ ត្រូវបាននាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បញ្ជាឲ្យវាយខ្នោះ និងចាប់បញ្ជូនទៅធ្វើការផាកពិន័យតាមច្បាប់នគបាលជាតិ ក្រោយពីមន្រ្តីនគរបាលទាំងនេះ បានប្រព្រឹត្តបទល្មើស ដោយគាបសីុលុយ និងម៉ូតូរបស់ក្រុមក្មេងស្ទាវ នៅពេលយប់។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានលួចបង្ហើបអង្គភាព Fresh News នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦នេះថា កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌសែនសុខចំនួន៥នាក់ ជិះម៉ូតូ៣គ្រឿង បានទៅកាក់ក្មេងស្ទាវ២នាក់ កំពុងជិះម៉ូតូក្នុងមូលដ្ឋានខណ្ឌសែនសុខ ដោយបង្ខំឲ្យក្មេងស្ទាវទាំងនោះឲ្យលុយពួកគេ និងយកម៉ូតូទៅបញ្ចាំដើម្បីបានលុយ។

ក្រោយមានករណីគាបសីុប្រជាពលរដ្ឋខាងលើនេះ ស្រាប់តែបង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយដំណឹងនេះបានឭដល់នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ រហូតលោកបានបញ្ជាឲ្យវាយខ្នោះ យកទៅដាក់ពិន័យតាមច្បាប់នគរបាលជាតិយ៉ាងមឺិងម៉ាត់។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ទៀតថា មន្រ្តីនគរបាលទាំង៥នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅដាក់ពិន័យនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ម្សិលមិញ។

សម្រាប់លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា នាយឧត្តមសេនីយ៍ ស្នងការរាជធានីភ្នំពេញ បានបញ្ជាទៅអធិការខណ្ឌទាំង១២ ហាមដាច់ខាតឲ្យកងកម្លាំងធ្វើអ្វីផ្តេសផ្តាសលើប្រជាពលរដ្ឋស្លូតត្រង់ ហើយត្រូវដាក់ពិន័យយ៉ាងមឺិងម៉ាត់ បើសិនមន្រ្តីនគរបាលណាម្នាក់ធ្វើខុសនោះ។

ដោយឡែកលោក បុិល កុសល អភិបាលខណ្ឌសែនសុខ បានលើកឡើងថា «អធិការនគបាលលោកវរសេនីយឯក ម៉ក់ ហុង មានចំណាត់ការយ៉ាងហ្មត់ចត់ច្បាស់លាស់ ទាំងនេះបង្ហាញពីការអនុវត្តន៍ច្បាប់ និងការប្តេជ្ញា ដោយឥតរុញរាដើម្បីបំរើប្រជាជន និងសង្គមជាតិ ពោលរាស្រ្ត ឬមន្ត្រី បើប្រព្រឹត្តខុសត្រូវទទួលវិនយ័ពីអង្គភាព ឬទណ្ឌកម្មពីច្បាប់»។

រហូតមកដល់ពេលនេះ មន្រ្តីនគរបាលទាំង៥នាក់ខាងលើនេះ មិនទាន់ត្រូវបានដោះលែងនៅឡើយទេ ពោលនៅបន្តការសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី