ភ្នំពេញ ៖ អតីតអធិការ នគរបាល ខណ្ឌមានជ័យ លោក ហ៊ី ណារិន ដែលពាក់ព័ន្ធទៅ នឹង អំពើពុករលួយ កឹបកេងលុយកូនចៅរបស់ ខ្លួនខ្ទង់ម៉ឺនដុល្លារ ត្រូវបានមន្ដ្រីពន្ធនាគារ បញ្ជូនខ្លួន ទៅកាន់ សាលាដំបូង រាជធានីភ្នំពេញ កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥នេះ ។

លោក ហ៊ី ណារិន ត្រូវបានអង្គភាពប្រឆាំង អំពើពុករលួយចាប់ខ្លួន កាលពី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ រួចហើយ បញ្ជូនខ្លួន ទៅតុលាការ នាថ្ងៃទី៣ ខែតុលា ទាក់ទិនទៅនឹង ការប្រព្រឹត្ដអំពើពុករលួយ កឹបកេងលុយពីកូនចៅ និង កឹបកេងលុយ ពីការធ្វើសៀវភៅ ស្នាក់នៅ ឬសេវាសាធារណៈ ដែលមិនត្រូវបង់ប្រាក់ សម្រាប់ប្រជាពលរដ្ឋ ព្រមទាំង កាងល្បែង ស៊ីសង និងដោះលែងមុខសញ្ញាល្មើសច្បាប់ ដោយគ្មានការ អនុញ្ញាតពីព្រះរាជអាជ្ញា ទៀតផង ។

លោក ហ៊ី ណារិន ដែលត្រូវបានគេដឹងថា ជាប់សែស្រឡាយ មន្ដ្រីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ ត្រូវបានអង្គភាព ប្រឆាំងអំពើពុករលួយ ហៅទៅសួរនាំចំនួនពីរដងមកហើយ ក្រោយពីមានពាក្យបណ្ដឹង របស់មន្ដ្រីនគរបាល ក្រោមឱវាទនិងជនរងគ្រោះពាក់ព័ន្ធ ប៉ុន្ដែអតីតអធិការខណ្ឌរូបនេះ នៅមិនព្រមកែខ្លួនក៏ ត្រូវបានអង្គភាពប្រឆាំង អំពើពុករលួយឈានទៅដល់ការចាប់ខ្លួនតែម្ដងទៅ ។

យោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ អង្គភាពប្រឆាំងអំពើពុករលួយ បានបង្ហាញ ថា លោក ហ៊ី ណារិន ពាក់ព័ន្ធទៅនឹងបទ ល្មើសមួយចំនួនដូចខាងក្រោម ៖ ១-បើកយកប្រាក់ខែ របស់មន្ត្រីនគរបាល ដែលអវត្តមានពី ឆ្នាំ២០០៦ ដល់ឆ្នាំ២០១៤ និងមន្ត្រីនគរបាល ដែលអសកម្ម ពីឆ្នាំ២០០៦ដល់ឆ្នាំ២០០៩ ។ ២- តម្រូវឱ្យប្រជាពលរដ្ឋ បង់លុយក្នុងការធ្វើ សៀវភៅស្នាក់នៅ (ក២) មួយក្បាលតម្លៃ៥០.០០០រៀល សៀវភៅគ្រួសារ មួយក្បាល តម្លៃ៥០.០០០រៀល និងចុះឈ្មោះសមាជិកថ្មី ចំនួន២០.០០០រៀលក្នុងម្នាក់ ។ ៣-តម្រូវឱ្យមន្ត្រីក្រោមឱវាទ ទិញអាវចំណាំងផ្លាត និងស្រោមកាំភ្លើងវែង ។ ៤-កេងយកប្រាក់ ឧបត្ថម្ភ កម្លាំងហ្វឹកហាត់ការពារបាតុកម្ម ។ ៥-តម្រូវឱ្យមេល្បែងស៊ីសង ម្ចាស់អាជីវកម្ម រោងចក្រ និងមន្ត្រីមួយចំនួន បង់ប្រាក់ជារៀងរាល់ខែ ។ ៦-ទាមទារលុយពីម្ចាស់ ម៉ូតូដែលចាប់ទុក ដោយសារគ្មានពន្ធ និងការលក់ម៉ូតូដែលម្ចាស់ មិនដោះស្រាយ ។ ៧-ការប្រមូលលុយផាកពិន័យលើសកំណត់ពីម្ចាស់ម៉ូតូដែលធ្វើចរាចរណ៍គ្មានស្លាកលេខ កញ្ចក់ និងមួក ។ ៨-តម្រូវឱ្យបង់លុយពីការដោះស្រាយ វិវាទគ្រោះថ្នាក់ចរាចរណ៍ ចំនួន១០%នៃថ្លៃសំណង ។

ផ្អែកតាមព័ត៌មានទទួលបានពីសាក្សីដែលជាមន្ត្រីនគរបាល និងប្រជាពលរដ្ឋ រស់នៅខណ្ឌមានជ័យ ក៏ដូចជាចម្លើយសារភាពរបស់លោក ហ៊ី ណារិន ផ្ទាល់ថា បានប្រព្រឹត្តអំពើ ខុសច្បាប់ពិតប្រាកដមែន ដោយបានកិបកេងទឹក ប្រាក់ប្រមាណ ២.៧១២.២៣៦.០០០រៀល ជាប្រយោជន៍ផ្ទាល់ខ្លួន៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល