ភ្នំពេញ៖ ស្របពេលដែលកំណើន អ្នករងគ្រោះ ដោយជំងឺមហារីកពោះវៀនធំ បានកើនឡើងលើពិភពលោក, កម្ពុជាក៏ ជាប្រទេសមួយ គួរឱ្យព្រួយបារម្ភផងដែរ ចំពោះជំងឺនេះ ដោយមានអ្នកជំងឺកើនឡើងជាបន្តបន្តាប់។

យោងតាម ការសិក្សាថ្មីមួយ របស់មជ្ឈមណ្ឌលផាកវ៉ា បានបង្ហាញថា ក្នុងចំណោម ជំងឺមហារីកទាំងអស់ ជំងឺ មហារីកពោះវៀនធំ បានជាប់ចំណាត់ថ្នាក់ លេខ៣ ដែលបានសម្លាប់មនុស្ស ៦៨.០០០នាក់ លើសពិភពលោក ក្នុងមួយឆ្នាំៗ។ ចំណែក ក្នុងចំណោម ប្រទេសទាំងអស់ នៅលើពិភពលោក កម្ពុជាក៏ ជាប់ចំណាត់ថ្នាក់លេខ៥ ជាប្រទេសដែលមាន មនុស្ស កើតជំងឺមហារីកច្រើនជាងគេ ផងដែរ។

លោកវេជ្ជបណ្ឌិត See Ying Kiat អ្នកឯកទេសព្យាបាល ជំងឺមហារីក ខាងប្រើថ្នំា នៅមជ្ឈមណ្ឌលផាកវ៉េ របស់ សិង្ហបុរី បាននិយាយថា អ្នកកើតជំងឺមហារីកភាគច្រើន បណ្តាលមកពីការទទួលទាន ជាតិអាលកុលច្រើន ហួស ហេតុពេក រួមផ្សំជាមួយការជក់បារីផង ជាពិសេសនៅពេលដែលពួកគេ មានវ័យកាន់តែចាស់ ចាប់ពី៥០ឆ្នាំឡើង ទៅ ។ លោកបាន បន្ថែមថា ជំងឺមហារីកពោះវៀនធំ នៅដំណាក់កាលពី១ដល់ទី៣ នឹងអាចព្យាបាលឱ្យជាសះ បាន ប៉ុន្តែសម្រាប់ដំណាក់កាលទី៤ ភាគតិចបំផុត ដែលអាចព្យាបាលជាសះ ហើយអ្នកជំងឺភាគច្រើន ទាល់តែ ដល់ដំណាក់កាលទី៤ ឬ ដំណាក់កាលធ្ងន់ធ្ងរខ្លាំង ទើបមករកគ្រូពេទ្យ ។

១.តើអ្វីទៅ ជាជំងីមហារីកពោះវៀនធំ?

ជំងឺមហារីកពោះវៀនធំ កើតឡើង ពីជាលិការបស់ពោះវៀនធំ ឬកំណាត់ចុងពោះវៀនធំ (ចុងពោះវៀនធំភ្ជាប់ នឹងរន្ធគូថ) ។ ជំងឺមហារីកពោះវៀនធំ ស្ទើរតែទាំងអស់ គឺជាប្រភេទ adenocarcinoma (មហារីកដែលចាប់ ផ្ដើមឡើងពីកោសិកា ដែលផលិត និងបញ្ចេញទឹករំអិលនិងសាធារធាតុរាវផ្សេងៗទៀត ។

២.តើអ្វីដែលបង្កឱ្យមានជំងឺមហារីកពោះវៀនធំ ?

មិនមាននរណាម្នាក់ដឹងពីមូលហេតុពិតប្រាកដ ដែលបណ្ដាលឱ្យមានមហារីក ពោះវៀនធំនោះទេ ។ ប៉ុន្តែយើងដឹងថា មនុស្ស ដែលមានកត្តាប្រឈមមុខមួយចំនួន មានទំនោរកើតជំងឺមហារីកពោះវៀនធំ ច្រើន ជាងអ្នកផ្សេង ។ ការសិក្សា បានរកឃើញកត្តាប្រឈមមុខកើតជំងឺមហារីកពោះវៀនធំមានដូចខាងក្រោម ៖

-ដុំសាច់ ខ្លាញ់ ក្នុងពោះវៀនធំៈ ដុំខ្លាញ់ (Polyps ) គឺជាកំណើននៅលើជញ្ជាំង ខាងក្នុង នៃពោះវៀន រឺចុងពោះវៀនធំ ហើយច្រើនកើតឡើងលើមនុស្ស ដែលមានវ័យ៥០ឆ្នាំឡើង ។ Polyps ស្ទើរតែទាំងអស់គឺជាដុំស្លូត (មិនមែនមហារីក ) ប៉ុន្តែ Polyps មួយចំនួនអាចក្លាយជាមហារីក ។

-ដំបៅពោះវៀនធំ រឺជំងឺ Crohn: នរណាម្នាក់ដែលធ្លាប់កើតជំងឺមហារីកពោះវៀនធំ ( ដូចជាដំបៅពោះវៀនធំ រឺជំងឺCrohn)រយៈពេលច្រើនឆ្នាំនោះ មនុស្សម្នាក់នោះមានការប្រឈមមុខកើតជំងឺមហារីកពោះវៀនធំខ្ពស់ ។

ប្រវត្តិធ្លាប់កើតជំងឺមហារីក: នរណាម្នាក់ដែលធ្លាប់កើតជំងឺមហារីកពោះវៀនធំ អាចកើតជំងឺនេះជាលើកទី២ ។ ចំណែកស្ត្រីដែលធ្លាប់កើតជំងឺមហារីកដៃស្បូន មហារីកស្បូន រឺមហារីកសុដន់ ពួកគេក៏មានការប្រឈមមុខខ្ពស់ នឹងកើតជំងឺមហារីកពោះវៀនធំដែរ ។

ប្រវត្តិគ្រួសារធ្លាប់កើតជំងឺមហារីក : ប្រសិនបើបើអ្នកមានសាច់ញាតិធ្លាប់កើតជំងឺមហារីកពោះវៀនធំនោះ អ្នក មានទំនោរច្រើនក្នុងការកើតជំងឺនេះដូចគ្នាដែរ ជាពិសេសប្រសិនបើសាច់ញាតិរបស់អ្នកកើតជំងឺមហារីកតាំង ពីវ័យនៅក្មេង ។

-របៀបរបបរស់នៅ:អ្នកដែលជក់បារី រឺបរិភោគសាច់ពណ៌ក្រហម រឺសាច់ច្នៃច្រើន ហើយបរិភោគអាហារមានជាតិ សរសៃតិច នោះ អ្នកប្រឈមមុខខ្ពស់ ក្នុងការកើតជំងឺមហារីកពោះវៀនធំ ។

-អាយុលើសពី៥០ឆ្នាំ: ជំងឺមហារីកពោះវៀនធំ មានទំនោរអាចកើតឡើងនៅពេលមនុស្សវ័យកាន់តែចាស់ឡើង។ មនុស្សច្រើនជាង ៩០% ដែលកើតជំងឺនេះ ត្រូវបានវិភាគរកឃើញបន្ទាប់ពីពួកគេមានអាយុ៥០ឆ្នាំរឺ លើសពីនេះ ។

៣.រោគសញ្ញាដែលអាចចាត់ទុកមនុស្សកើតជំងឺពោះវៀនធំ

រោគសញ្ញាជំងឺមហារីកពោះវៀនធំ មានដូចជា ៖ ប្រែប្រួលទំលាប់ពោះវៀន (រាគ រឺ ទល់លាមក ) ,មានអារម្មណ៍ថា បន្ទោរបង់មិនអស់ ,មានឈាមផ្ទុកក្នុងលាមក (ពណ៌ក្រហមភ្លឺ និងក្រហមចាស់) ,លាមកមានទំហំតូចជាងធម្មតា ,ឧស្សាហ៍មានហ្គាស រឺឈឺពោះរឺមានអារម្មណ៍ថាណែន រឺហើមពោះ ស្រកទំងន់ ដោយគ្មានមូលហេតុ,មានអារម្មណ៍ថាអស់កំលាំងជាប្រចាំ ,មានអារម្មណ៍ថាចង់ក្អួត រឺក្អួត ជាញឹកញាប់។ តែរោគ សញ្ញាទាំងនេះ មិនមែនកើតដោយសារតែ មហារីកនោះទេ។ បញ្ហាសុខភាពផ្សេងទៀត ក៏អាចបណ្ដាលឱ្យមាន បញ្ចេញរោគសញ្ញាទាំងនេះដែរ ។បន្ថែមពីលើនេះទៅទៀត វាមានសារៈសំខាន់ណាស់ដែលអ្នកគួរតែសំគាល់ ដឹងថា ជំងឺមហារីកដែលទើបនឹងកើតដំបូង ជាទូទៅ វាមិនបណ្ដាលឱ្យមានអាការៈឈឺចាប់ទេ ។ ហេតុនេះ អ្នកដែលមានរោគសញ្ញាទាំងនេះគួរតែ ទៅជួបវេជ្ជបណ្ឌិត ដើម្បីពិនិត្យនិងព្យាបាលឱ្យបានឆាប់ជា តាមដែលអាច ទៅរួច ។

៥.ប្រសិនអ្នកជំងឺ ដឹងថាខ្លួនកើតជំងឺពោះវៀនធំ តើពួកគាត់ត្រូវធ្វើដូចម្តេច?

អ្នកជំងឺឬមនុស្សធម្មតា ត្រូវពិនិត្យសុខភាព ដោយឱ្យវេជ្ជបណ្ឌិតរកឃើញ Polyps រឺមហារីកមុនពេលដែលអ្នក មានបញ្ចេញរោគសញ្ញា។ ការរកឃើញជំងឺមហារីកពោះវៀនធំ កាន់តែឆាប់ បង្កើនប្រសិទ្ធិភាព នៃការព្យាបាល ។ តេស្តពិនិត្យ អាចប្រើដើម្បីរកPolyps មហារីក រឺភាពខុសប្រក្រតីផ្សេៗ៖

តេស្តពិនិត្យឈាមក្នុងលាមក (FOBT ) ៖ពេលខ្លះមហារីក រឺ Polyps មានហូរឈាមហើយតេស្ត FOBT អាចរក ឃើញបិរមាណឈាមដែលមានដ៏តិចតួចនៅក្នុងលាមកបាន។ ប្រសិនបើធ្វើតេស្តនេះហើយរកឃើញថា មាន ឈាមនោះតេស្តផ្សេងៗ ទៀតត្រូវការធ្វើដើម្បីរកប្រភពរបស់ឈាម។ ស្ថានភាពដែលមិនមែនជាមហារីក ( ដូចជាឬសដូងបាត) ក៏អាចបណ្ដាលឱ្យមានឈាមនៅក្នុងលាមកដែរ ។

ការពិនិត្យពោះវៀនធំ Sigmoidoscopy : វេជ្ជបណ្ឌិតពិនិត្យមើលចុង និងពិនិត្យខាងក្រោម នៃពោះវៀនធំដោយ ទុយោមានពន្លឺ ( Sigmodoscope )។កំនើនដែលជាមហារីកដំបូងនិងមហារីក អាចត្រូវបានរកឃើញ និងកាត់ ចេញរឺយកទៅពិនិត្យរកមហារីក ។

ការឆ្លុះពោះវៀន (Colonoscopy ) វេជ្ជបណ្ឌិតពិនិត្យចុងពោះវៀនធំ និងពោះវៀនធំទាំងមូលដោយប្រើ ទុយោវែង និងមានពន្លឺ ។ កំនើនដែលជាមហារីកទើបចាប់ផ្ដើម និងមហារីកនៅក្នុងពោះវៀនធំទាំងមូល អាចត្រូវ បានរកឃើញ និងកាត់ចេញរឺ វិភាគរកមហារីក រួមទាំងកំនើនដែលនៅផ្នែកខាងលើនៃពោះវៀនធំ ដែលការពិនិត្យដោយ Sigmordoscopyអាចនឹងរកមិនឃើញ ។

Double-Contrast barium enema : វិធីពិនិត្យនេះគឺចាក់បញ្ចូលសារធាតុរាវពណ៌សទៅក្នុងពោះវៀនធំ និង ចុងពោះវៀនធំដើម្បីថត X-ray បានច្បាស់ជាងមុន។ អ្វីដែលខុប្រក្រតី (ដូចជាមានPolyps)នោះវាពិនិត្យឃើញ ច្បាស់ ។

Virtual Colonoscopy :តេស្តនេះគឺប្រើឧបករណ៍ X-ray ជាពិសេសដើម្បីបង្កើតរូបភាពរបស់ពោះវៀនធំ និង ចុងពោះវៀនធំ។ កុំព្យូទ័របំលែងរូបភាពទាំងនេះទៅជារូបភាពលំអិត ដែលអាចបង្ហាញឱ្យឃើញ Polyps និងអ្វី ដែលខុសប្រក្រតី។

៦.តើអាចពិនិត្យដឹងថា ជាជំងឺមហារីកពោះវៀនធំ យ៉ាងដូចម្ដេច ?

ប្រសិនបើ ការវិភាគបង្ហាញថា មហារីកនោះ វេជ្ជបណ្ឌិត ត្រូវការដឹងថា តើជំងឺនេះមាននៅកន្លែងណាខ្លះ ដើម្បី រៀបចំផែនការព្យាបាលឱ្យបានល្អបំផុត ។ ដំណាក់កាលរបស់មហារីក គឺអាស្រ័យលើថាតើដុំមហារីកមាន រាលចូលទៅជាលិកានៅជិតនោះ ហើយបើរាលដាលមែនតើរាលទៅផ្នែកណាខ្លះ ។ នៅពេលដែលវេជ្ជបណ្ឌិតពន្យល់ ពីមហារីកពោះវៀន មានដំណាក់កាលដូចជា៖

ដំណាក់កាល០: មហារីករកឃើញមានតែនៅផ្នែកខាងក្នុងនៃពោះវៀនធំឬចុងពោះវៀនធំ។ ពេលមហារីក នៅ ពោះវៀនធំស្ថិតនៅដំណាក់កាល០ គេហៅឈ្មោះម្យ៉ាងថាCarcinomain situ។

ដំណាក់កាល១: ដុំមហារីកចូលទៅក្នុងស្រទាប់ជញ្ជាំងពោះរៀនធំឬចុងពោះវៀនធំ ហៅថាដុំមហារីកកាត់ ជញ្ជំាពោះវៀន។

ដំណាក់កាល២:ដុំមហារីកដុះចូលជ្រៅទៅក្នុង ឬកាត់ជញ្ជំាងពោះវៀនធំ ឬចុងពោះវៀនធំវាអាចរាលដាល់ ទៅជា កោសិការនៅជុំវិញ ប៉ុន្តែកោសិកាមហារីកមិនបានរាលដាលទៅក្រពេញទឹករងៃនោះទេ។

ដំណាក់កាលទី៣: មហារីកបានរាលដាលទៅក្រពេញទឹករងៃដែលនៅជិតវាប៉ុន្តែមិនបានរាលដាលទៅផ្នែក ផ្សេងទៀតរាង្គកាយនោះទេ។

-ដំណាក់កាលទី៤: មហារីកបានរាលដាលទៅផ្នែកផ្សេងទៀត នៃរាង្គកាយ ដូចជាថ្លើម ឬសួត។ យ៉ាងណា ក្តី ជំងឺមហារីកពោះវៀនធំ ក៏អាចកើតឡើង នៅក្នុងពោះវៀនធំ ចុងពោះវៀនធំ ឬនៅផ្នែកផ្សេងៗទៀត នៃរាង្គកាយ ទោះបីអ្នកជំងឺធ្លាប់ព្យាបាលក្តី។

៧. ជំងឺមហារីកពោះវៀនធំ ព្យាបាល យ៉ាងដូចម្តេច?

ជំងឺមហារីកពោះវៀនធំការព្យាបាល៖

វះកាត់ៈ ការវះកាត់់ធ្វើឡើងដោយយកជាលិការ ដែលមានដុំមហារីក ជាលិការឬ ក្រពេញទឹករងៃនៅជុំវិញ ដុំនោះចេញ ។ ការវះកាត់អាចធ្វើឡើងដោយការវះចោះ ឬវះបើក។

ប្រើថ្នំាគីមីៈ វិធីនេះគឺប្រើឱសថប្រឆំាងមហារីក ដើម្បីសំលាប់ ឬធ្វើឲ្យកោសិការមហារីករួចតូច ។ ឪសថចូល ទៅក្នុងលំហូឈាម ហើយអាចមានឥទ្ធិពលទៅលើកោសិការមហារីកពេញរាង្គកាយ។

ព្យាបាលតាមគោលដៅៈ មនុស្សមួយចំនួនដែលមានកើតមហារីកពោះវៀនធំ រាលដាលអាចទទួលយកការ ព្យាបាលតាមគោលដៅបាន។ វិធីព្យាបាលតាមគោលដៅ គឺប្រើឪសថឬសារធាតុផ្សេងៗទៀត ដើម្បីទបស្កាត់ កំនើន និងការាលដាល របស់មហារីកដោយជ្រៀតចូល ទៅម៉ូលេគុល ដែលជួយមហារីកមានកំនើន និងរាល ដាល។

ព្យាបាលដោយប្រើកំារស្មីៈ កាព្យាបាលដោយប្រើកាំរស្មី គឺប្រើថាមពលខ្លំាងដើម្បីសំលាប់កោសិការមហារីក ។ វាមានឥទិ្ធពលតែទៅលើ កោសិការមហារីកកន្លែង ព្យាបាល តែប៉ុណ្ណោះ។

លេខទូរស័ព្ទទំនាក់ទំនង015 89 75 76៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល