ភ្នំពេញ៖ ក្រុមហេគឃឺ អនាមិកកម្ពុជា ចំនួន២នាក់ ដែលជាប់ពាក់ព័ន្ធ ការវាយប្រហារទ្រង់ទ្រាយធំ មកលើ បណ្តាញបច្ចេកវិទ្យាព័ត៌មាន របស់ស្ថាប័នជាតិសំខាន់ៗ នាពេលកន្លងមក ត្រូវបានឃាត់ខ្លួនកាល ពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៤ ដោយការិយាល័យប្រឆាំង បទល្មើសបច្ចេកវិទ្យាព័ត៌មាន នៃនាយកដ្ឋានសន្តិសុខ ផ្ទៃក្នុង អគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ។

នេះបើយោងតាមគេហទំព័ររបស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ។ ជនសង្ស័យទាំងពីរ ទីមួយមានឈ្មោះ ប៊ុន ឃីងមង្គលបញ្ញា ហៅ Sexmachine ឬ Blackcyber ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ សាកល វិទ្យាល័យ SETEC, ទីពីរឈ្មោះ ជូ សុងហេង ហៅ Zoro ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ សាកល វិទ្យាល័យ SETEC។

ស្ថានប័នជាតិសំខាន់ៗយ៉ាងហោចណាស់ ៣០ និងស្ថាប័នឯកជនមួយ ចំនួនផងដែរ ត្រូវរងគ្រោះពីការវាយប្រហារ តាមបច្ចេកវិទ្យាព័ត៌មានពីសំណាក់ ក្រុមហេគឃឺអនាមិកកម្ពុជា ចាប់តាំងពីមុនការបោះឆ្នោតជាតិ ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៥ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ មានគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត, អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងការបរទេស, ក្រសួងការពារជាតិ និងសាលារាជធានីភ្នំពេញ ជាដើម។

ក្រុមហេគឃឺអនាមិកកម្ពុជា បានធ្វើសកម្មភាពវាយប្រហារធ្វើឲ្យរអាក់រអួល មិនដំណើរការគេហទំព័រ (DDos) ជ្រៀតចូលបណ្តាញព័ត៌មានវិទ្យាដោយខុសច្បាប់ និងលួចទិន្នន័យសំងាត់ជាតិពី ប្រព័ន្ធព័ត៌មាន និងការកែ ទំព័រដើម នៃគេហទំព័រ ជាដើម។

ជនសង្ស័យទាំងពីរបានសារភាពថា ខ្លួនពិតជាសមាជិកក្រុមហេគឃឺ អនាមិកកម្ពុជាប្រាកមែន និងបានប្រព្រឹត្តនូវ រាល់ទង្វើ ខុសច្បាប់ដូចបានរៀបរាប់ខាងលើពិតប្រាកដ។ ដោយឡែកចំពោះជនសង្ស័យឈ្មោះ ជូ សុងហេង បាន សារភាពថា មិនបានចូលរួមការវាយប្រហារនោះទេ គោលបំណងនៃការចូលរួម ក្នុងក្រុមហេគឃឺអនាមិក កម្ពុជា គឺគ្រាន់តែចង់ហាត់រៀន ជំនាញនេះប៉ុណ្ណោះ។ ទន្ទឹមនោះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ រកមុខសញ្ញាហេគឃឺ ជា បក្សពួកនៅសេសសល់ ដើម្បីនាំខ្លួនមកចាត់វិធានការ តាមផ្លួវច្បាប់។

បច្ចុប្បន្នជនសង្ស័យទាំងពីរត្រូវបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ពាក់ព័ន្ធបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចទាក់ទងសុំការបំភ្លឺបន្ថែម ពីមន្ត្រីអ្នកនាំពាក្យ ក្រសួង មហាផ្ទៃ និងអគ្គស្នងការដ្ឋាន នគរបាលជាតិបានទេ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤នេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល