-សមត្ថកិច្ច យាមនៅធនាគារ បាញ់គំរាម ស្មានថា មានចោរមកប្លន់
ភ្នំពេញ ៖ បុរសម្នាក់ដែល ស្រវឹងស្រាជោកជាំ ហើយបានបើក រថយន្ត ស៊េរីទំនើប មួយគ្រឿង ក្នុងល្បឿន លឿន ដូចហោះ ក៏ជ្រុលចង្កួត ទៅបុករបង ផ្ទះប្រជាពលរដ្ឋ និងម៉ាស៊ីន ដកលុយ ATM របស់ធនាគារ អេស៊ីលីដា បណ្តាលឲ្យខ្ទិច ហើយរថយន្ត បង្កហេតុ មិននៅរង់ចាំយូរក៏ បានព្យាយាម បើកគេច មកដល់នៅ ខណ្ឌឬស្សីកែវ ទើបសមត្ថកិច្ច ឃាត់បាន។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង១០នាទីយប់ ឈានចូលថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០១៣ នៅចំណុចមុខ ធនាគារអេស៊ីលីដា ស្ថិតតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

យោងតាម ប្រភពព៌ត័មាន ពីសន្តិសុខយាម ធនាគារ អេស៊ីលីដា ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានអង្គុយយាម នៅខាងមុខ ធនាគារ ក៏ស្រាប់តែឃើញ រថយន្ត មួយគ្រឿង ស៊េរីទំនើបពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2M-6891 បើកបរដោយ បុរសម្នាក់ ក្នុងល្បឿនលឿន ដូចហោះ ពីទិសដៅពីជើង ទៅត្បួង ក៏ជ្រុលចង្កួតទៅបុក របងផ្ទះ ប្រជាពលរដ្ឋ បណ្តាលឲ្យបាក់ ហើយរថយន្តនេះ មិនទាន់អស់ល្បឿន ក៏ជ្រុលទៅបុក ម៉ាស៊ីនដកលុយ ATM របស់ធនាគារ អេស៊ីលីដា ធ្លាយចូលខាងក្នុង ហើយ រថយន្តបង្កនេះ បានព្យាយាម ថយក្រោយ ហើយបើករថយន្ត រត់គេចខ្លួន ហួសពីកន្លែងកើតហេតុ ប្រហែលជាមួយគីឡូម៉ែត្រ ក៏ត្រូវបានសមត្ថកិច្ច កំពុងជិះម៉ូតូល្បាត ឃើញរថយន្តនេះ បែកកង់និងមានស្ថានភាព ខ្ទិចនិងបែកកញ្ចក់មុខថែម ទៀតនោះ ក៏ ឃាត់សួរនាំ ទើបដឹងថា បើកបុករបងផ្ទះ និងម៉ាស៊ីនដកប្រាក់ ធានាគារ ។

ក្រោយពេលកើតហេតុ អ្នកបើកបរ និងរថយន្តបង្កហេតុនេះ ត្រូវបានសមត្ថកិច្ចជំនាញ ចុះវាស់វែង និងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ រង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់។

ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ច ដែលជួលឲ្យយាម នៅធនាគារ អេស៊ីលីដា បានបាញ់គំរាម ប្រមាណ ៣គ្រាប់ ដោយគិតថា មានក្រុមចោរមកប្លន់ លុយនៅធនាគារ៕

ផ្តលសិទ្ធិដោយ៖ ដើមអម្ពិល