(ភ្នំពេញ)៖ នារីវ័យក្មេងដែលទទួលបានការល្បាញល្បីខ្លាំង លើបណ្តាញសង្គម Facebook តាមរយៈសកម្មភាពគាំទ្រនយោបាយគណបក្សប្រឆាំង រួមនិងចលនាមនុស្សធម៌ក្នុងសង្គមមួយចំនួន កញ្ញា ធី សុវណ្ណថា ទើបនឹងទិញរថយន្តទំនើប Lexus 570 ស៊េរីឆ្នាំ២០១៦ តម្លៃជាង ២២ម៉ឺនដុល្លារ។ វត្តមានរថយន្តដ៏ថ្មីសន្លាងនេះ នាំឲ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកលេងបណ្តាញសង្គម Facebook និងមានអ្នកតាមប្រមាញ់រូបកញ្ញាតាមដងវិថីថែមទៀតផង។ មានអ្នកខ្លះទៀតនិយាយអេចអូចថា រថយន្តថ្មីនេះ អាចនឹងមានអ្នកស្តុកស្តម្ភណាម្នាក់ទិញឲ្យរូបកញ្ញា ខណៈអ្នកខ្លះទៀតថា លុយទិញរថយន្តនេះ អាចបានមកពីការកិបកេងលុយក្នុងគម្រោងសម្បុរសធម៌ជាដើម។

ស្រាយបំភ្លឺមន្ទិលរបស់មិត្តអ្នកអាន ជាពិសេសអ្នកលេងបណ្តាញសង្គម Facebook នេះ កញ្ញា ធី សុវណ្ណថា មានវ័យទើប ២០ឆ្នាំ បានប្រាប់ Fresh News តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ថា រថយន្តដ៏ទំនើបនេះ គឺជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់កញ្ញា ទើបទិញបានរយៈពេលជាង ២ខែប៉ុណ្ណោះ ក្នុងតម្លៃជាង ២២ម៉ឺនដុល្លារអាមេរិក មិនមាននរណាទិញឲ្យនោះឡើយ។

ឆ្លើយតបការសង្ស័យរបស់អ្នកលេងបណ្តាញសង្គម Facebook ពីប្រភពថវិកា ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងការទិញរថយន្តនេះ កញ្ញាវ័យក្មេងដែលមានអ្នកគាំទ្រលើទំព័រ Facebook ជាង ១លាននាក់រូបនេះ បានអះអាងថា ថវិកាទាំងអស់ បានមកពីជំនួញឪពុក-ម្តាយ របស់កញ្ញា។

ធី សុវណ្ណថា បានលាតត្រដាងប្រាប់ Fresh News កញ្ញាជាកូនស្រីច្បងក្នុងត្រកូលអ្នកមានកម្រិតជីវភាពគួរសម ហើយមានជំនួញជា ច្រើនក្នុងដៃ ហើយកញ្ញាជាអ្នកជួយគ្រប់គ្រងជំនួញឪពុក-ម្តាយថែមទៀតផង។ កញ្ញា បានឲ្យដឹងថា បច្ចុប្បន្ននេះ កញ្ញាមានដីដាំដំ ណាំកៅស៊ូ ម្រេច រួមនិងដំណាំផ្សេងៗមួយចំនួនទៀតលើផ្ទៃដីជាង ១០០ហិកតានៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។

ក្រៅពីមានដីដាំដំណាំកសិ-ឧស្សាហកម្ម ដ៏ច្រើនហើយនោះ ក្រុមគ្រួសាររបស់កញ្ញា ក៏បានរកស៊ីជួញដូរទំនិញចេញ-ចូលជាច្រើនផងដែរ ដូចជាការនាំចូលក្រណាត់មកពីប្រទេសចិន មកចែកចាយនៅប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមពីនារីវ័យក្មេង សាច់សខ្ចី និងសម្រស់ស្រស់សោភារូបនេះ។
ធី សុវណ្ណថា បន្តថា បច្ចុប្បន្នកញ្ញាមានផ្ទះ ៣កន្លែងក្នុងរាជធានីភ្នំពេញ និង ២កន្លែងនៅខេត្ត ហើយក្នុងផ្ទះរបស់កញ្ញា មានរថយន្តជាច្រើនគ្រឿងផងដែរ។ «នេះជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំមិនចង់លាតត្រដាងទេ នាំឲ្យគេនិយាយថាខ្ញុំអួត។ តែបងសួរហើយ ខ្ញុំប្រាប់ តែម្តងទៅ កុំឲ្យបងប្អូនគាត់មានការសង្ស័យទៀត»។

ឆ្លើយតបការលើកឡើងដោយរិះគន់មួយចំនួនរបស់អ្នកលេងបណ្តាញសង្គមនោះ កញ្ញា ធី សុវណ្ណថា មិនបានបង្ហាញអារម្មណ៍ទោមនស្សនោះឡើយ ដោយកញ្ញាចាត់ទុកអ្វី ដែលបានលើកឡើងនោះ ព្រោះតែមិនដឹង។ «ខ្ញុំគ្មានការឆ្លើយតប ឬខឹងនឹងពួកគាត់នោះទេ ព្រោះពួកគាត់មិនដឹង។ កាលពីខ្ញុំជិះរថយន្ត Luxus ៣៣០ ក៏ពួកគាត់និយាយដែរ នេះមកពីពួកគាត់មិនដឹងពីស្ថានភាពគ្រួសារខ្ញុំ»។

កញ្ញា ធី សុវណ្ណថា ត្រូវបានគេចាត់ទុកថា ជាយុវតីកម្ពុជាមួយរូប ដែលមានភាពលេចធ្លោរខ្លាំង ដែលហ៊ានចេញមុខដោយក្លាហាន និងបើកចំហក្នុងការគាំទ្រដល់គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ហ៊ានរិះគន់មិនសំចៃមាត់លើរាជរដ្ឋាភិបាល និងបានចូលរួមតាមវេទិកាតស៊ូមតិនានាផងដែរ។ បច្ចុប្បន្នកញ្ញា ធី សុវណ្ណថា បាននិងកំពុងបង្កើតអង្គការមួយឈ្មោះថា « យុវជនកិច្ចការសង្គម» ដែលអង្គការនេះ កញ្ញាទទួលបានមូលនិធិ ១០ម៉ឺនដុល្លារពីសមាគមមួយក្នុងប្រទេសសិង្ហបុរី ដើម្បីជួយដល់កុមារក្រីក្រនៅកម្ពុជាឲ្យទទួលបានការអប់រំ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី