ភ្នំពេញ៖ ទីបំផុតក្រុមកីឡាករអេឡិចត្រូនិកកម្ពុជា (E-Sport) គឺក្រុម Secret បានក្លាយជាជើងឯកក្នុង ព្រឹត្តិការណ៍ប្រកួត កីឡាអេឡិចត្រូនិកអន្ដរជាតិ MATIC 2015 (Mission Against Terror International Championships) លើកទី៤ នៅប្រទេសចិន បន្ទាប់ពីប្រកួតឈ្នះក្រុមកីឡាករជម្រើសជាតិម៉ាឡេស៊ី ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រដោយលទ្ធផលបច្ចេកទេស ៥-៤ ។

ជ័យលាភីជាប្រវត្តិសាស្ដ្រខាងលើនេះ បានធ្វើឲ្យស្ថាប័នកីឡា E-Sport អន្ដរជាតិមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការរីកចម្រើនស្ទើរមិនគួរឲ្យជឿរបស់ក្រុមកីឡាករ E-Sport កម្ពុជា ។ ក្នុងចំណោម២០ក្រុម ដែលមកពី៧ប្រទេសក្នុងតំបន់អាស៊ី ដែលចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិនេះ ជាលទ្ធផលក្រុម Secret ធ្វើបានយ៉ាងល្អជាងគេ ដោយមិនស្គាល់ពាក្យថាចាញ់ម្ដងណាឡើយ តាំងពីវគ្គជម្រុះ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ ខណៈក្រុម Secret នេះ ទើបតែចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិលើកដំបូងប៉ុណ្ណោះ ។

អគ្គលេខាធិការរងសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានបញ្ជាក់ឲ្យដឹងថា នេះគឺជាមោទនភាពខ្លាំងណាស់ សម្រាប់កីឡាករ E-Sport កម្ពុជា ដែលមានសមត្ថភាពអាចយកឈ្នះលើគូប្រជែងខ្លាំងៗក្នុងតំបន់ ដើម្បីលើកពាន MATIC 2015 ។ អ្វីដែលរឹតតែពិសេសនោះគឺក្រុម Secret មិនធ្លាប់ចូលរួមក្នុងព្រឹត្ដិការណ៍អន្ដរជាតិធំៗពីមុនមកទេ ប៉ុន្ដែកីឡាករកម្ពុជាបានធ្វើឲ្យស្ថាប័នកីឡា E-Sport អន្ដរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងការទទួលបានជ័យលាភីខាងលើ ។

លោកបន្ដថា នេះគឺជាលើកដំបូងហើយ ហើយក៏ជាប្រវត្តិសាស្ដ្រផងដែរ ដែលក្រុមកីឡាករ E-Sport កម្ពុជា បានគ្រងតំណែងជើងឯកពានរង្វាន់ កីឡាអេឡិចត្រូនិកអន្ដរជាតិ MATIC ក្នុងឆ្នាំ២០១៥នេះ ប៉ុន្ដែសម្រាប់៣ឆ្នាំកន្លងមក ក្រុមកីឡាករកម្ពុជា ក៏មិនអន់ដែរ ព្រោះក៏ធ្លាប់គ្រងតំណែងជើងឯករង២លើកផងដែរ ដែលដណ្ដើមបានដោយក្រុម NeverCare គឺក្នុងឆ្នាំ២០១៣ នៅថៃ និងឆ្នាំ២០១៤ នៅលើទឹកដីខ្លួនឯង (កម្ពុជាធ្វើជាម្ចាស់ផ្ទះ) ។

ជាមួយនឹងលទ្ធផលប្រវត្តិសាស្រ្ដរបស់កម្ពុជានេះ ម្ចាស់ជើងឯកកម្ពុជាក្រុម Secret គឺទទួលបានប្រាក់រង្វាន់ចំនួន ១៥.០០០ដុល្លារអាម៉េរិក និងពានរង្វាន់កិត្តិយសធំមួយ ខណៈក្រុមជើងឯករង EDP Team AK របស់ម៉ាឡេស៊ីទទួលបានប្រាក់រង្វាន់ចំនួន ៧.០០០ដុល្លារ និងពានកិត្តិយសមួយ ឯម្ចាស់ជ័យលាភីលេខ៣ ក្រុមកម្ពុជា YouWillKnow គឺទទួលបានប្រាក់រង្វាន់ចំនួន ៤.០០០ដុល្លារ និងពានកិត្តិយសមួយ និងម្ចាស់ជ័យលាភីលេខ៤ ទទួលបានប្រាក់រង្វាន់ចំនួន ២.៥០០ដុល្លារអាម៉េរិក និងពានកិត្តិយសមួយដូចគ្នា ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ MATIC ដែលធ្វើឡើងនៅខេត្ត ZhuHai ប្រទេសចិនឆ្នាំនេះ គឺមានប្រទេសចំនួន៧បានចូលរួម ក្នុងមានកម្ពុជា៣ក្រុម, ម៉ាឡេស៊ី២ក្រុម, សិង្ហបុរី២ក្រុម, ឥណ្ឌូនេស៊ី២ក្រុម, ថៃ២ក្រុម, តៃវ៉ាន់១ក្រុម និងក្រុមម្ចាស់ផ្ទះចិនចំនួន៨ក្រុម សរុបមាន២ក្រុម ប៉ុន្ដែជាលទ្ធផលជើងឯកបានធ្លាក់ក្នុងកណ្ដាប់ដៃក្រុម Secret របស់កម្ពុជា ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល