(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានព្រមានធ្ងន់ៗ ទៅកាន់មេប៉ូលិសទាំងអស់ ឱ្យបញ្ឈប់ភា្លមជាបន្ទាន់នូវសកម្មភាព កាត់លុយបេសកកម្មពីកូនចៅ ហើយគួរតែជួយកូនចៅវិញទើបជាការត្រឹមត្រូវ។

ការថ្លែងព្រមានបែបនេះ របស់នាយឧត្តមសេនីយ៍ នេត សាវឿន ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្ដរស័ក្ដិ ដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍១៦រូប នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាយឧត្តមសេនីយ៍អគ្គស្នងការ បានបញ្ជាក់ថា កន្លងមកមានព័ត៌មានថា មេប៉ូលីសបានកាត់លុយ កាត់ប្រេង ពីកូនចៅ ក្នុងប្រាក់ឧបត្ថម្ភរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដើម្បីចុះមូលដ្ឋាន។ ដូច្នេះហើយ នាយឧត្តមសេនីយ៍ នេត សាវឿន សង្កត់ធ្ងន់ថា «មេមេប្រធាននាយកដ្ឋានទាំងអស់ ពីម៉ោងហ្នឹងទៅ ឈប់ឲ្យឮសូរទៀតថា កាត់លុយ កាត់ប្រេង ឈប់ឲ្យឮ»។

អគ្គស្នងការនគរបាលជាតិ បានព្រមានបន្ថែមថា «យើងធ្វើជាមេគេកុំកាត់បងប្អូនខាងក្រោម ត្រូវសុំលុយពីប្រពន្ធមកជួយកូនចៅវិញ ហើយកុំកាត់លុយពីកូនចៅជាដាច់ខាត ពាក្យខ្ញុំអញ្ចឹង ហើយបើលោកឯងធ្វើមិនកើតទេដើរចេញទៅ»។ នាយឧត្តមសេនីយ៍ បានឲ្យដឹងថា ប្រសិនបើខ្លួនមិនមានលទ្ធភាព ចុះមូលដ្ឋាននោះទេ ប្រាប់មកខាងលើមកថា «ខ្ញុំមិនមានលទ្ធភាពទេ» ហើយថ្នាក់លើនឹងដកមេដែលកាត់លុយកូនចៅនោះចេញតែម្ដង ដើម្បីដាក់អ្នកដែលមានលទ្ធភាព ចូលទៅធ្វើមេវិញ។

នាយឧត្តមសេនីយ៍ នេត សាវឿន បន្ថែមថា ប្រធាននាយកដ្ឋាន ស្នងការ ត្រូវធ្វើគំរូគេឲ្យបាន បើធ្វើគំរូមិនបានទេ មិនបាច់ធ្វើមេគេទេ ចុះចេញភ្លាម ហើយសូមប្រធាននាយកដ្ឋានដែលទើបឡើងថ្មី ត្រូវយកចិត្តទុកដាក់ជុំវិញបញ្ហានេះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី