ជាងបីឆ្នាំមកហើយ ដែលជាងជួសជុលឡានម្នាក់ លោក ប៉ែន ឡុង បានចំណាយពេលវេលាជាច្រើនមើល YouTube ដើម្បីផលិតយន្តហោះក្នុងក្តីសុបិនរបស់គាត់។

លោក ប៉ែន ឡុង និយាយថា៖ «ដំបូងឡើង ខ្ញុំគ្រាន់តែសរសេរពាក្យ “Jet”។» បន្ទាប់មកវាក៏ចាប់ផ្តើមបង្ហាញវីដេអូផ្សេងៗទៀត ដូចជាការហោះឡើង ការចុះចត និងការផលិតយន្តហោះជាដើម។

ក្រោយពេលបានឃើញ ឧទ្ធម្ភាគចក្រ កាលពីគាត់មានអាយុ ៦ឆ្នាំ ធ្វើឲ្យចំណង់នៃការហោះហើរ តែងតែលេចឡើងក្នុងខួរក្បាលរបស់គាត់។ «ខ្ញុំយល់សប្តិពីយន្តហោះជារៀងរាល់យប់។ ខ្ញុំតែងតែចង់បានយន្តហោះផ្ទាល់ខ្លួន។»

លោក ឡុង បានពោលថា៖ «ខ្ញុំបានចាប់ផ្តើមបង្កើតយន្តហោះដោយអាថ៌កំបាំង។ ខ្ញុំខ្លាចអ្នកដទៃគេសើចចំអកខ្ញុំ ដូច្នេះហើយបានជាខ្ញុំភាគច្រើនធ្វើវានៅពេលយប់»។

ឧទ្ធម្ភាគចក្រ របស់លោកឡុង មានស្លាបប្រវែង ៥.៥ ម៉ែត្រ ដែលធ្វើឲ្យលោកចំណាយពេលជិតមួយឆ្នាំ ក្នុងការផលិត ពីរបស់កែច្នៃឡើងវិញ។ សម្រាប់កៅអីរបស់ ពីឡុត វិញ គឺជាកៅអីជ័រ ហើយតួយន្តហោះគឺធ្វើពីធុងហ្គាស់ចាស់ៗ។

កាលពីថ្ងៃទី ០៨ ខែមិនា មុនម៉ោង ៣រសៀល លោកឡុងបានចាប់ផ្តើមបញ្ជេះម៉ាស៊ីនយន្តហោះគាត់។ មានមនុស្សបីនាក់ផ្សេងទៀតជួយរុញវា ទៅកាន់ផ្លូវហោះហើរ ម្តុំវាលស្រែ។

គាត់បានពាក់មួកការពារសុវត្ថិភាព ហើយអង្គុយនៅក្នុងកន្លែងពីឡុត។ លោកឡុងនិយាយថា យន្តហោះរបស់លោក ហោះបានកម្ពស់ ៥០ ម៉ែត្រ បន្ទាប់មកក៏ធ្លាក់ចុះមកក្រោម។

សម្លេងសើច បានស្វាគមន៍គាត់នៅពេលគាត់ធ្លាក់មកដីវិញ។ «ខ្ញុំកំពុងឈរនៅទីនោះ ហើយទឹកភ្នែកខ្ញុំស្រក់។ ខ្ញុំពិតជាក្តុកក្តួលណាស់ ព្រោះមិនអាចទ្រាំនឹងរឿងទាំងអស់ដែលពួកគេថាឲ្យខ្ញុំ»។

ឥលូវនេះ លោកឡុង បានងាកមកធ្វើលើគម្រោងថ្មីមួយទៀត គឺការផលិត seaplane (យន្តហោះដែលមិនប្រើកង់ អាចចេញហោះហើរ និងចុះចត តែលើទឹកប៉ុណ្ណោះ)។

នៅពេលដែលលោកបានសម្រេចនូវ seaplane គាត់មានគម្រោងទៅសាកល្បងវានៅទន្លេវ៉ៃកូ ក្នុងខេត្តស្វាយរៀង។ តាមការសន្និដ្ឋាន លោកប្រហែលជាចំណាយប្រាក់ប្រមាណ 10,000ដុល្លារ ដើម្បីផលិត ហើយឥលូវនេះ លោកបានចំណាយប្រាក់ជាង 3,000ដុល្លារ ទៅលើ seaplane។

ប្រពន្ធរបស់លោកឡុង ឈ្មោះ ហ៊ឹង មួយហេង អាយុ ២៩ ឆ្នាំ ជាអ្នកលក់គ្រឿងបន្លាស់រថយន្ត បានសម្តែងការបារម្ភចំពោះសុវត្ថិភាពរបស់ប្តីនាង ជាពិសេសឥលូវនេះ ពួកគេមានកូនប្រុសតូចៗ ២ នាក់ក្នុងបន្ទុក។

«ខ្ញុំមិនដឹងថាយន្តហោះវាដំណើរការដូចម្តេចទេ ហើយគាត់ក៏គ្មានអ្នកជំនាញណាម្នាក់ជួយគាត់ដែរ។» គាត់បានបន្តថា៖« ខ្ញុំបានព្យាយាមប្រាប់គាត់ឲ្យឈប់ដែរ ពីព្រោះខ្ញុំខ្លាច ប៉ុន្តែគាត់និយាយថា គាត់នឹងមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ ចឹងខ្ញុំមានតែសម្របតាមគាត់»។

ទោះបីជាលោកឡុង បានកាត់បន្ថយហានិភ័យចំពោះគាត់ និងអ្នកដទៃដោយការសាកល្បងហោះហើរម្តងទៀតលើទឹក ក្នុងខែកក្កដានេះក្តី គាត់ដឹងថាអាចមានរឿងមួយចំនួន ដែលគាត់មិនអាចគ្រប់គ្រងបាន។

គាត់បានបញ្ជាក់ថា៖ «គ្រោះថ្នាក់ គ្មាននរណាម្នាក់អាចទាយទុកមុនបានទេ»៕

ប្រភព៖ BBC

ប្រែសម្រួល៖ High