សហជីពមួយក្រុមតំណាងអោយបុគ្គលិកសុខាភិបាលប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ បានប្ដឹងលោកប្រធានាធិបតី Jair Bolsonaro ទៅតុលាការព្រហ្មទណ្ឌអន្ដរជាតិ ដោយបានចោទប្រកាន់ថា ការឆ្លើយតបចំពោះការរីករាលដាលជំងឺខូវីដ ១៩ របស់លោកប្រធានាធិបតី គឺជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ។

បច្ចុប្បន្ន ប្រទេសប្រេស៊ីល មានចំនួនករណីឆ្លងជំងឺខូវីដ១៩ ខ្ពស់បំផុតលំដាប់ទី២ ទូទាំងសកលលោក ដោយមានមនុស្សជិត ២ លាននាក់ បានឆ្លងជំងឺនេះ និងមនុស្សជិត ១០០,០០០ នាក់បានស្លាប់បាត់បង់ជីវិត ។

នាពេលកន្លងទៅនេះ លោក Bolsonaro បានរងការរិះគន់យ៉ាងខ្លាំងសម្រាប់ភាពព្រងើយកន្ដើយចំពោះការណែនាំរបស់អង្គការសុខភាពពិភពលោក ។ លើសពីនេះ ប្រធានាធិបតីរូបនេះ ក៏រងការចោទប្រកាន់ផងដែរថា បាននិយាយសម្រាលភាពធ្ងន់ធ្ងរនៃការរីករាលដាលវីរុសដើម្បីកេងចំណេញផ្នែកនយោបាយ ។ កាលពីខែមិថុនា រដ្ឋាភិបាលរបស់លោក Jair Bolsonaro រងការចោទប្រកាន់ពីបទដកហូតទិន្ន័យនៃការឆ្លងវីរុស និងចំនួនអ្នកស្លាប់ ។

ពាក្យបណ្ដឹងទៅកាន់តុលាការអន្ដរជាតិ ICC បានអះអាងថា លោក Bolsonaro បានមើលស្រាលចំពោះភាពធ្ងន់ធ្ងរនៃការរីករាលដាលនៃវីរុស ហើយសម្ដែងអាកប្បកិរិយាប្រមាទ ធ្វេសប្រហែស និងច្រានចោលនូវការរាត្បាតនៃជំងឺ ។ អាកប្បកិរិយាបែបនេះ បាននាំមកនូវលទ្ធផលដ៏មហន្ដរាយរួមមាន ការរីករាលដាលវីរុសដ៏ខ្លាំងក្លា និងភាពតឹងតែងផ្នែកសេវាសុខាភិបាល ។

យោងតាមរដ្ឋធម្មនុញ្ញសហព័ន្ធ បុគ្គលគ្រប់រូប ត្រូវបានធានានូវសិទ្ធិទទួលបាននូវសេវាសុខាភិបាល ហើយរដ្ឋមានកាតព្វកិច្ចលើកកម្ពស់ផ្នែកសុខាភិបាល ។ ពាក្យបណ្ដឹងនោះ បានអះអាងថា ភាពបរាជ័យរបស់រដ្ឋាភិបាលក្នុងការចាត់វិធានការចំពោះផ្នែកសុខភាពសាធារណៈ គឺជាការរំលោភបំពានដល់រដ្ឋធម្មនុញ្ញ និងរាប់បានថា ជាបទល្មើសប្រល័យពូជសាសន៍ ។

បើទោះបីជា អ្នកជំនាញផ្នែកសុខភាពទាំងជាតិ និងអន្ដរជាតិ ណែនាំ ឱ្យមានការរក្សាគម្លាតសង្គមក្ដី (Social Isolation) ក៏លោកនៅតែនិយាយជាសាធារណៈប្រឆាំងនឹងការរក្សាគម្លាតសង្គម និងបានបន្ដអនុវត្ដនូវសកម្មភាពសាធារណៈជាដដែល ។ លោកប្រធានាធិបតីរូបនេះ បានគាំទ្រចំពោះការបើកដ៏ធូររលុងនៃកន្លែងផ្សេងៗដូចជា ផ្សារទំនើប សាលារៀន និងឧទ្យានសាធារណៈ ។ មិនតែប៉ុណ្ណោះ លោក បានទទូចឱ្យមានការប្រើប្រាស់ថ្នាំគ្រុនចាញ់(chloroquine) និងថ្នាំ hydroxychloroquine នៅក្នុងពិធីការរបស់ក្រសួងសុខាភិបាលសម្រាប់ការព្យាបាល បើទោះជាឱសថទាំងអស់នេះ ពុំមានការសិក្សាបែបវិទ្យាសាស្រ្ដ គាំទ្រចំពោះការប្រើប្រាស់ ក៏ដោយ ។

ក្នុងចំណោមបទចោទប្រកាន់ទាំងអស់ខាងលើ ពាក្យបណ្ដឹង បានចោទប្រកាន់លោក Bolsonaro ថា លោកពុំធ្លាប់ស្ដាប់តាមការណែនាំផ្នែបច្ចេកទេស ផ្នែកវេជ្ជសាស្រ្ដ និងផ្នែកសុខភាពរបស់រដ្ឋមន្រ្ដីសុខាភិបាលឡើយ ។

ដើមបណ្ដឹង បានលើកសំណើសុំអោយតុលាការ ICC រារាំងរដ្ឋាភិបាលប្រេស៊ីលកុំឱ្យប្រព្រឹត្ដអាកប្បកិរិយាប្រមាទ ធ្វេសប្រហែសបែបនេះ និងស្នើឱ្យតុលាការអន្ដរជាតិមួយនេះ បញ្ជារដ្ឋាភិបាលនេះ ឱ្យចាត់វិធានការចាំបាច់នានា ដើម្បីកាត់បន្ថយហានិភ័យចំពោះអ្នកជំនាញសុខាភិបាល និងប្រជាពលរដ្ឋប្រេស៊ីល ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist