ភ្នំពេញ៖ ក្នុងគ្រាដែលកំពុងធ្វើការ សាងសង់បង្គោលភ្លើង ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ នៅតាមបណ្តា ខេត្តមួយចំនួននោះ ស្រាប់តែមានជនអគតិ ដែលប្រឆាំងនឹងគោលនយោបាយរាជរដ្ឋាភិបាល បានយកគ្រាប់មីន ៦ គ្រាប់ ទៅដាក់នៅកន្លែង ដែលកំពុងធ្វើការសាងសង់នៅចន្លោះគីឡូម៉ែត្រ លេខ ៥៥-៥៦ លើទីតាំង ២កន្លែង ក្បែរគ្នា នៅស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៤ បានធ្វើឲ្យប្រជាពលរដ្ឋ មានការ ខឹងសម្បារជាខ្លាំង។ អគ្គិសនីកម្ពុជា បានថ្កោលទោសជាខ្លាំង ដោយមិនអាចលើកលែងឲ្យជនបង្កទង្វើរំខាន និងជា ការព្រមានដល់អាយុជីវិតរបស់មន្រ្តីអគ្គិសនីបាននោះទេ។

អគ្គិសនីកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ បានឲ្យដឹងថា ការតបណ្តាញអគ្គិសនីតង់ស្យុងមធ្យម ៣៥គីឡូ វ៉ុល ដែលត្រូវដាំបង្គោលកម្ពស់ត្រឹមតែ ១៤ម៉ែត្រ អូសកាត់តាមបណ្តោយផ្លូវជាតិលេខ៤៨ ពីស្រុកស្រែអំបិល ទៅ ខេត្តកោះកុង ដោយយកថាមពលពីវារីអគ្គិសនីស្ទឹងតាតៃ ដែលជិតដំណើរការ។ លុះការសាងសង់បានចម្ងាយ ប្រមាណ ៥០គីឡូម៉ែត្រ ក្នុងចម្ងាយជាង ១០០គីឡូម៉ែត្រ ពោលពេលមកដល់បង្គោលគីឡូម៉ែត្រលេខ៥៧ ស្រាប់តែមន្រ្តីអគ្គិសនីបានប្រទះឃើញគ្រាប់មីន ៦គ្រាប់ត្រូវបានគេយកមកដាក់បង្កៃចោលនៅចន្លោះគីឡូម៉ែត្រ លេខ ៥៥-៥៦។

អាជ្ញាធរអគ្គិសនីកម្ពុជា បានហៅការដាក់បង្កៃគ្រាប់មីននេះថា ជាការប្រឆាំងគោលនយោបាយរាជរដ្ឋាភិបាល ក្នុង ការនាំថាមពលចែកជូនប្រជាជនរស់នៅតំបន់ជនបទ ហើយបានហៅការដាក់គ្រាប់មីននេះ ជាទង្វើរបស់ជនអគតិ និង ជាការព្រមានយ៉ាងធ្ងន់ធ្ងរដល់គម្រោងសាងសង់នៅទីតាំងដែលត្រូវដាំបង្គោល និង ដាំបង្គោលរួច។

តាមសេចក្តីប្រកាសព័ត៌មាននេះដដែលអាជ្ញាធរអគ្គិសនីកម្ពុជាបានបន្តថា ក្នុងនាមជាអគ្គិសនីកម្ពុជា ក៏ដូចជាប្រជា ជននៅជនបទ រង់ចាំការផ្គត់ផ្គង់ថាមពលអគ្គិសនី បានសម្តែងការថ្កោលទោសយ៉ាងដាច់អហង្ការលើជនអគិតិ ដែលបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើវិនិយោជិត អគ្គិសនីកម្ពុជា និងក្រុមហ៊ុន ដែលទទួលបន្ទុកសាងសង់លើ គម្រោងនេះ។

អគ្គិសនីកម្ពុជា ក៏បានអំពាវនាវឲ្យអាជ្ញាធរដែនដី ជួយវែកមុខជនល្មើសមកផ្តន្ទាទោសឲ្យបានធ្ងន់ធ្ងរទៅតាមផ្លូវ ច្បាប់ឲ្យសមទៅតាមទោសកំហុស។

អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅឆ្នាំ២០១៤-២០១៥ នេះ បណ្តាញបញ្ជូនរងតង់ស្យុងមធ្យម ៣៥គីឡូវ៉ុល និង ២២ គីឡូវ៉ុល បាននិងកំពុងពង្រីកយ៉ាងសស្រាក់សស្រាំនៅខេត្តមួយចំនួន ដូចជា កោះកុង, កំពង់ឆ្នាំង,ពោធិ៍សាត់ , កណ្តាល, កំពង់ចាម, ព្រះសីហនុ, សៀមរាប, ក្រចេះ, បាត់ដំបង, ប៉ៃលិន, ឧត្តរមានជ័យ, បន្ទាយមានជ័យ និង ស្វាយរៀង។ សម្រាប់ការអភិវឌ្ឍន៍នេះ មានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាជន និងអាជ្ញាធរដែនដី ដែល មានបំណងចង់បានថាមពលអគ្គិសនីប្រើប្រាស់ឲ្យបានឆាប់ ដោយបានជួយសហការ លើការជួយសម្រួលទីតាំង ដាំបង្គោលអូសខ្សែអគ្គិសនី និងការចូលរួមផ្តល់យោបល់ដើម្បីស្ថាបនា ។

ប៉ុន្តែទន្ទឹមនឹងនេះ មានតំបន់ខ្លះ ក៏មានអ្នកដែលមិនចង់ឲ្យបណ្តាញអគ្គិសនីអូសកាត់ បើទោះបីខ្លួនចង់បានអគ្គិស នីប្រើប្រាស់ក៏ដោយ ការរាំងខ្ទប់ពីជនទាំងនោះ គឺបានរារាំងមិនឲ្យដាំបង្គោល ឬអូសខ្សែកាត់ ឬកាប់មែកឈើ ដើម ឈើមួយចំនួន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល