ភ្នំពេញ៖ «បើនិយាយពីឈ្មោះ គន់ រៀមរតនៈ ខ្ញុំគិតថា ប្រហែលជាគ្មាននណាម្នាក់ធ្លាប់ឮ និងស្គាល់ឈ្មោះនេះទេ ពិសេសអ្នកសិល្បៈ អ្នកដឹកនាំសម្តែង ព្រមទាំងទស្សនិកជន អ្នកគាំទ្ររូបខ្ញុំជាដើម ។ ប៉ុន្តែបើបងប្អូននៅឯស្រុកកំណើត របស់ខ្ញុំវិញនោះ គឺពួកគាត់ពិតជាស្គាល់ខ្ញុំច្បាស់» ។ នេះជាសម្តីលើកឡើងរបស់តារាសម្តែងប្រុស ដែលទស្សនិកជន ធ្លាប់ឮ និងស្គាល់តែឈ្មោះ ហៅក្រៅក្នុងវិស័យសិល្បៈគឺលោក សាន់ វិសាល ។

ប្រាប់គេហទំព័រកម្សាន្ត LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ លោក សាន់ វិសាល បាននិយាយរៀបរាប់ថា ចាប់ពីពេលនេះតទៅ លោកមិនចង់ប្រើឈ្មោះហៅក្រៅ សាន់ វិសាល នេះទៀតទេ គឺចង់យកឈ្មោះដើមកំណើត គន់ រៀមរតនៈ ដែលឪពុកម្តាយធ្លាប់ដាក់ឲ្យមកប្រើ ហើយក៏ចង់ឲ្យគេស្គាល់ឈ្មោះនេះ ច្រើនជាងឈ្មោះក្រៅផងដែរ ។

តារាសម្តែងប្រុស លោក គន់ រៀមរតនៈ បានបញ្ជាក់ប្រាប់ ពីមូលហេតុថា ដំបូងឡើងលោកគិតថា នឹងប្រើឈ្មោះ សាន់ វិសាល នៅក្នុងវិស័យសិល្បៈរហូត ដោយសារឈ្មោះនេះ មានគេស្គាល់ច្រើន ក្នុងរង្វង់អ្នកសិល្បៈ ព្រមទស្សនិកជន ។ ឈ្មោះ សាន់ វិសាល គឺលោកចាប់ផ្តើមប្រើពេល ដែលខ្លួនចូលសិល្បៈដំបូងមកម្ល៉េះ ។ ប៉ុន្តែកត្តាដែលធ្វើឲ្យលោកប្តូរងាកមកប្រើឈ្មោះ ដើមវិញនោះ គឺព្រោះតែមិនចង់បំបាត់ ចោលឈ្មោះពិតដើមកំណើត ដែលលោកអ្នកមានគុណ ឪពុកម្តាយ ធ្លាប់ដាក់ឲ្យតាំងពីតូចមក ។

លោកបាននិយាយបន្តថា «ការដែលខ្ញុំ ចង់យកឈ្មោះដើម មកប្រើវិញនេះ ក៏ព្រោះតែមានការពន្យល់ណែនាំពីចាស់ទុំ នៅឯស្រុកកំណើត ដោយពួកគាត់ ធ្លាប់និយាយប្រាប់ខ្ញុំថា ពួកគាត់បានឃើញខ្ញុំ តាមកញ្ចក់ទូរទ្សន៍ ការសម្តែង និងការចុះផ្សាយ នៅបណ្តាញសារព័ត៌មាននានា ដោយគាត់គិតថា មុខមាត់រូបរាងហ្នឹងជាខ្ញុំហើយ ហេតុអ្វីឈ្មោះ ម្តេចក៏ជាឈ្មោះអ្នកផ្សេងទៅវិញ? (សើច) ពួកគាត់ឆ្ងល់ណាស់ និយាយដល់ត្រង់នេះចង់តែសើច!» ។

លោក គន់ រៀមរតនៈ ហៅ សាន់ វិសាល បាននិយាយទៀតថា «អំឡុងពេលខ្ញុំ ទៅលេងស្រុកកំណើត ពេលបុណ្យចូលឆ្នាំខ្មែរ មុននេះ គឺមានយាយតា ចាស់ទុំជាច្រើន បានមកលេង និងសួរសុខទុក្ខខ្ញុំ រួចក៏បាននិយាយពន្យល់ខ្ញុំថា ចៅ លោកអ្នកមានគុណទាំងពីរ បានខំបង្កើតចិញ្ចឹម បីបាច់ថែរក្សា តាំងពីតូចក្រូចឆ្មារហូតមក លុះបានធំពេញរូបពេញរាង មានការងារ មានមុខមាត់ក្នុងសង្គម តែបែរជាយកឈ្មោះផ្សេង (សាន់ វិសាល) មកប្រើជំនួសឈ្មោះកំណើតទៅវិញ ។ សូម្បីតែយាយ តា និង ឪពុកម្តាយចៅ មិនទាំងយល់ផងថា Sun Visal ហ្នឹងមានន័យយ៉ាងម៉េច? ម្យ៉ាងវាក៏ជារឿងមួយ ដែលមិនសមគួរគប្បី ជាមួយលោកអ្នកមានគុណទាំងពីរទេចៅ...!» ។

តារាសម្តែងលោក គន់ រៀមរតនៈ បានបន្ថែមថា ក្រោយពីមានការពន្យល់ ពីចាស់ទុំក្នុងភូមិយ៉ាងដូច្នេះមក លោកក៏បានសម្រចចិត្ត ខ្លួនឯងថា ចាប់ពីពេលនេះតទៅ មិនថាឆាកជីវិតលោកលិច ឬអណ្តែត តាមរយៈឈ្មោះដើមកំណើត ដែលអ្នកមានគុណទាំងពីរ ជាអ្នកដាក់ឲ្យ ឬមួយយ៉ាងណានោះទេ គឺត្រូវតែប្រើឈ្មោះនេះឡើងវិញ ជៀសវាងប្រើឈ្មោះ ហៅក្រៅ (សាន់ វិសាល) ច្រើនជាងឈ្មោះ ដើមកំណើតពិតផ្ទាល់ខ្លួន ។

ការចូលប្រឡូកក្នុងអាជីពសិល្បៈ អស់រយៈកាលជាង១០ឆ្នាំមកនេះ តារាសម្តែប្រុសលោក គន់ រៀមរតនៈ ហៅ សាន់ វិសាល ធ្លាប់បានពុះពារជំនះ នូវរាល់ឧបសគ្គទាំងឡាយទម្រាំសម្រេច បានគោលដៅក្នុងឆាកជីវិត ជាអ្នកសិល្បៈមួយរូប ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល