ភ្នំពេញ ៖ ថ្វីដ្បិតតែ មិនបានទទួលជោគជ័យ ក្នុងការប្រកួត ជើងឯកពិភពលោក ផ្នែក Microsoft Office នៅសហរដ្ឋអាម៉េរិក នាថ្មីៗនេះ ប៉ុន្តែវាជាបទពិសោធន៍ថ្មីមួយ របស់និស្សិតខ្មែរ ដែលបាន ចូលរួម ក្នុងការប្រកួតកុំព្យូទ័រ លំដាប់ពិភពលោក ជាមួយ នឹងប្រទេសជាង១០០ផ្សេងទៀត ។ នេះជា ការលើកព្រមគ្នា របស់និស្សិតខ្មែរ ៣នាក់ ក្រោយពេល ត្រឡប់ពីសហរដ្ឋអាម៉េរិក វិញ ។

និស្សិតខ្មែរទាំង៣រូបនេះ រួមមានយុវជន ម៉ក់ សាយភារ៉ូត និស្សិតជំនាញព័ត៌មានវិទ្យា មកពីសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ជាអ្នកខ្លាំងផ្នែក Microsoft Word , គង់ ឌីវីន និស្សិត ផ្នែកព័ត៌មានវិទ្យា មកពី សាកល វិទ្យាល័យ ពុទ្ធិសាស្រ្ត ជាអ្នកខ្លាំងផ្នែក Microsoft Excel និងយុវជន ឡេង សុជាតិ មកពី សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាអ្នកខ្លាំងផ្នែក Microsoft Power Point ។ ពួកគេបាន ឈ្នះការប្រកួតជើងឯក ផ្នែកMicrosoft Office នៅកម្ពុជា កាលពីខែ មេសា កន្លងទៅ ហើយបានទៅប្រកួតកម្មវិធី Microsoft Office លំដាប់ពិភពលោក នៅសហរដ្ឋអាម៉េរិក បញ្ចប់ទៅ កាលពីដើម ខែសីហាកន្លងទៅ ។

និស្សិតខ្មែរបានចាត់ទុកថា ការចាញ់លើកនេះ ជាបទពិសោធន៍ថ្មីមួយ សម្រាប់ពួកគេ ដែលបាន ប៉ះចំនឹងជើងខ្លាំង មកពីបណ្តា ប្រទេសទំនើបៗនានា ជាពិសេស ជើងខ្លាំងនៅសហរដ្ឋអាម៉េរិក ។ យុវជន ម៉ក់ សាយភារ៉ូត ធ្លាប់បានឱ្យដឹងថា នេះជាលើកទី ១ ហើយ សម្រាប់រូបគេ ដែលបានចូលរួម ប្រកួតប្រជែង ផ្នែក រដ្ឋបាលកុំព្យូទ័រ (Microsoft Office) លំដាប់ថ្នាក់ពិភពលោក បែបនេះ ។

ការប្រកួតប្រជែងពានរង្វាន់ ពិភពលោកប្រចាំឆ្នាំ២០១៤ លើជំនាញ Microsoft Office Specialist (MOS) នៅ Disney Land កាលីហ្វូញ៉ា សហរដ្ឋអាមេរិក ត្រូវបានរៀបចំឡើង ដោយ IIG ពិភពលោក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣០ខែកក្កដា ឆ្នាំ២០១៤។ ចំណែកការដឹកនាំ និស្សិតឆ្នើមទៅចូលរួម ប្រកួត ពានរង្វាន់នេះ ត្រូវបានរៀបចំដោយ មជ្ឈមណ្ឌល iiG នៅកម្ពុជា ហើយទទួលបាន ការឧបត្ថម្ភធំ ដោយក្រុមទូរស័ព្ទចល័ត metfone ។

បើតាមប្រសាសន៍ របស់លោកស្រី ឡាយ សុគន្ធា អគ្គនាយិកា IIG Education Cambodia ដែលថ្លែង នាពេលកន្លងមក បានឱ្យ ដឹងថា នេះជាលើកទី១ ដែលប្រទេសកម្ពុជាចូលរួម ក្នុងកម្មវិធីប្រកួតប្រជែង ផ្នែកព័ត៌មាន និងបច្ចេកវិទ្យា ជាលក្ខណៈ អន្តរជាតិ ហើយជាកិត្តិយសណាស់សម្រាប់ IIG Education Cambodia ដោយមាន ការជំរុញពី ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការផ្តល់ឱកាសឲយុវជនខ្មែរ មាន ឈ្មោះលើឆាកអន្តរជាតិនិង បង្ហាញវត្តមាន ប្រទេសកម្ពុជា លើឆាកអន្តរជាតិផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល