(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បានបង្ហើបថា សម្តេចធ្លាប់បានបញ្ជាមិនឱ្យមានការចល័តកងទ័ពនៅតាមព្រំដែនកម្ពុជា-ថៃឡើយ កាលពីពេលព្រះមហាក្សត្រថៃ ព្រះចៅភូមិបុល អាឌុលយ៉ាដេត សោយទិវង្គត កន្លងទៅ ដើម្បីកុំឱ្យមានការភ័នច្រឡំ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងពីធីប្រគល់សញ្ញាបត្រជូនដល់លោកគ្រូ អ្នកគ្រូ និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស ដែលបានបញ្ចប់ការសិក្សា ឆ្នាំ២០១១-២០១៤ ចំនួន ៣,៨២៩នាក់ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្ដេចតេជោ បានបញ្ជាក់ថា មូលហេតុនៃការផ្អាកការចល័តកងកម្លាំងប្រដាប់អាវុធនេះ គឺជានយោបាយការបរទេស។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សូម្បីតែប្រទេសជិតខាងយើង បានបាត់បង់ព្រះមហាក្សត្រ ខ្ញុំត្រូវចេញបញ្ជាទាំងយប់ ដើម្បីឲ្យកម្លាំងប្រដាប់អាវុធទាំងអស់ ហាមចល័តកម្លាំង ដើម្បីចៀសវាងការភ័ន្តច្រឡំណាមួយ នៅក្នុងប្រទេសថៃ នេះជានយោបាយក្រៅប្រទេសតើ»។

សូមរំលឹកថា ព្រះមហាក្សត្រថៃ ព្រះចៅភូមិបុល អាឌុលយ៉ាដេត បានចូលទិវង្គតកាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ ក្នុងព្រះជន្ម៨៩ព្រះវស្សា ហើយព្រះរាជពិធីអភិសេធព្រះមហាក្សត្រថ្មី នឹងប្រារព្ធឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ ដែលមានរៀបចំតែងតាំងរួចជាស្រេចហើយ នោះគឺព្រះចៅ មហា វិជ្ជរ៉ាឡុងកន បុត្រាច្បងរបស់ព្រះចៅភូមិបុល អាឌុនយ៉ាដេត។

កម្ពុជា-ថៃ ធ្លាប់មានការប៉ះទង្គិចគ្នា នៅតំបន់ប្រាសាទព្រះវិហារ កាលពីឆ្នាំ២០០៧ កន្លងទៅ ប៉ុន្តែការប៉ះទង្គិចគ្នានេះ បានស្ងប់ស្ងាត់ទៅវិញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី