ភ្នំពេញ៖ បន្ទាប់ពីពិធីក្រុងពាលីថតរឿង បែបមនោសញ្ចេតនាមាន ចំណងជើងថា «ស្ទឹងស្នេហា» របស់ផលិតកម្ម ចក្រ វាឡ នៅតំបន់បរិវេណក្បែរភ្នំស្រង់ ក្នុងទឹកដីខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ រួចមក ខ្សែភាពយន្ត រឿង «ស្ទឹងស្នេហា» បានដំណើរការថត បានប្រមាណ៣០ភាគរយហើយ គិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ ដោយទាំងផលិតករ អ្នកដឹកនាំសម្ដែង និងតួសម្ដែង បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ដើម្បីឲ្យសាច់រឿងទាំងមូលត្រូវ បានថតចប់ តាមគម្រោង ត្រៀមបញ្ចាំង ក្នុងស្ថានីយ៍ទូរទស្សន៍ ។

ចាងហ្វាងផលិតកម្ម «ចក្រវាឡ» អ្នកស្រី ថុង ស៊ីវទៀង បានថ្លែងឲ្យដឹងថា ភាពយន្តបែបមនោសញ្ចេតនា មានការចូល រួមសម្ដែងជាតួឯក ដោយតារាទឹកភ្នែក គឺកញ្ញា នី មុនីនាថ និងលោក ថៃ ប៊ុននាង ព្រមទាំងតារាល្បីៗជាច្រើនដួងទៀត រហូតមកដល់ ថ្ងៃទី២៤ ខែមីនា នេះ ផ្ទៃរឿងទាំងមូល បានដំណើរការថតបានប្រមាណ ៣០ទៅ៤០ភាគរយហើយ ដោយចាប់តាំងពី បើកពិធីក្រុងពាលីមក គឺយើងបានថតជារៀងរាល់ថ្ងៃ ក្នុងនោះទីតាំងថត គឺនៅតំបន់ភ្នំស្រង់និង ទីក្រុងភ្នំពេញ ។

ជាស្ដែងថ្មីៗនេះ ក្រុមការងារ តារាសម្ដែង និងផលិតករ បាននាំគ្នាមកថតត្រង់ឈុតមួយ គឺឈុតបាត់តួឯកប្រុសនៅ ទីតាំងហាងកាហ្វេ «The Grand Café» នៅក្បែររង្វង់មូលទួលគោក ដោយបានប្រើពេលថតមួយថ្ងៃពេញ និងដើម្បី ឲ្យសាច់រឿងទាំងមូលថតចប់ ក្នុងរយៈពេល៣ខែតាមការគ្រោងទុក ។

អ្នកស្រី ថុង ស៊ីវទៀង បានបន្តរំឭកថា រឿង «ស្ទឹងស្នេហា» ជាប្រភេទភាពយន្ត បែបមនោសញ្ចេតនា កំសត់ តាំងពី ដើមរហូតដល់ចប់ ។ ក្នុងសាច់រឿងបានបរិយាយ អំពីតួឯកស្រី និងតួឯកប្រុស បានចាប់កំណើតស្នេហ៍គ្រាដំបូងនៅ ជាប់ដងស្ទឹងមួយ ក្បែរភ្នំស្រង់ ប៉ុន្តែស្នេហារបស់ពួកគេ មិនបានសមបំណងឡើយ ពោលត្រូវរងនូវ គំនាបពីគ្រួសារ តួឯកប្រុស ។ ឱពុកម្ដាយតួឯកប្រុស ពេលដឹងថា កូនរបស់ខ្លួនមានចំណង ស្នេហ៍ជាមួយនារីជនបទ ក្នុងតំបន់ព្រៃភ្នំ ក៏បានហៅកូនប្រុសរបស់ខ្លួន ត្រឡប់មកផ្ទះនៅឯភ្នំពេញវិញ ។ ប៉ុន្តែតួឯកប្រុសជាកូន បានបដិសេធន៍ថាខ្លួនមិនអាច ទៅបានទេ តែបើសិនជាទៅផ្ទះ សូមយកប្រពន្ធ ដែលរស់នៅក្នុងព្រៃ ជាមួយគ្នាទៅជាមួយផង ។

ពេលនោះក្រុមគ្រួសារខាងប្រុស បានអនុញ្ញាត ប៉ុន្តែការនាំប្រពន្ធ ពីក្នុងព្រៃទៅជួបឪពុកម្ដាយ ត្រូវមានលក្ខខ័ណ្ឌពោល ឋានៈជាប្រពន្ធត្រូវប្រែក្លាយទៅជាអ្នកបម្រើវិញ ទើបអនុញ្ញាតឲ្យចូលផ្ទះបាន ។ ពេលនោះហើយ ដែលតួឯកស្រីមករស់ នៅក្នុងផ្ទះខាងប្រុស ពោរពេញដោយគំនាប និងការធ្វើបាបគ្រប់បែបយ៉ាង ។ ទីបំផុតតួឯកប្រុស និងតួឯកស្រីត្រូវបាន ស្លាប់នៅក្បែរដងស្ទឹង ដែលជាកន្លែងផ្ដើមស្នេហ៍ដំបូង របស់ពួកគេទាំងពីរ ក្រោមរូបភាពកំសត់បំផុត ។

ចាងហ្វាងផលិតកម្មជាស្រ្តីរូបនេះ បានរំពឹងយ៉ាងមុតមាំថា ក្រោយពេលថតចប់ ដាក់បញ្ចាំងក្នុងស្ថានីយ៍ទូរទស្សន៍ ភាពយន្តរឿង«ស្ទឹងស្នេហា» នឹងទទួលបានការគាំទ្រច្រើន ព្រោះសាច់រឿងបានសម្រិតសម្រាំងយ៉ាងល្អិតល្អន់ទាំង បច្ចេកទេស ទីតាំងថត តួសម្ដែងល្បីៗ ក្នុងនោះមានដូចជា កញ្ញា នី មុនីនាថ លោក ថៃ ប៊ុននាង អ្នកនាង ឆៃ លីដា ឡែន អ្នកនាង ចាន់ តារាទី លោក យូ ឌីស្កូ អ្នកនាង ប៉ែន សុផានី កញ្ញា ហេង ស្រីពេជ្រ លោក លឹម តិចម៉ុង និងតារា ល្បីៗជាច្រើនដួងទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល