ភ្នំពេញ : បុរសជនជាតិរុស្សុីម្នាក់ កំពុងដើរតាមផ្លូវសុខៗ ស្រាប់តែដួលបោកក្បាលទៅក្រោយ ហើយត្រូវអ្នកដំណើរប្រទះឃើញ ដេកដួលនៅលើគំនរសំរាម មុខផ្ទះ អ្នកភូមិ លេខ២២ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច មកពិនិត្យ និងដឹកបញ្ជូនទៅសង្រ្គោះ នៅគ្លីនិកឯកជនក្បែរ កន្លែងកើតហេតុ ប៉ុន្តែក្រុមគ្រូពេទ្យ បានប្រាប់ថា ជនរងគ្រោះបានស្លាប់ហើយ ជនរងគ្រោះអាចខ្យល់គ ហើយដាច់សរសៃឈាម ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើង កាលវេលាម៉ោង២ និង៤៥នាទី រំលងអាធ្រាត្រ ចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ ស្ថិតនៅមុខផ្ទះលេខ២២ តាមផ្លូវ បេតុង លេខ២៤ ក្រុម១ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

ជនរងគ្រោះឈ្មោះ Alex Sandra vilondin អាយុ ៣៩ឆ្នាំ ជាជនជាតិរុស្សី ហើយជនរងគ្រោះ រស់នៅជាមួយស្រ្តីខ្មែរ ម្នាក់ ឈ្មោះ រាជ វច្ឆ: ជាអ្នកលក់កាហ្វេ ស្នាក់នៅ ផ្ទះលេខ ២៤ ផ្លូវលេខ៥៣ ក្រុម២ ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។

បើតាមស្រ្តី ឈ្មោះ រាជ វច្ឆ: ដែលអះអាងថា នាងជាសង្សារជនរងគ្រោះ បាននិយាយថា ស្ទើរជារៀងរាល់យប់ ជនរងគ្រោះ តែងតែផឹកស្រា និងតែងតែបើកទ្វារ ចេញក្រៅ យប់ខ្លះចេញទៅក្រៅមួយម៉ោងពីរម៉ោង ត្រឡប់ចូលផ្ទះវិញ យប់ខ្លះ គាត់ចេញរហូតដល់ភ្លឺ ទើបឃើញចូលមកផ្ទះ ។

នាងបន្តថា នៅយប់កើតហេតុនេះ នៅម៉ោងប្រហែល១២យប់ ជនរងគ្រោះ បានបើកទ្វារ ចេញក្រៅដូចសព្វដងដែរ នាងក៏មិនចាប់អារម្មណ៍ថា ជនរងគ្រោះកើតមានរឿងអីដែរ រហូតដល់ម៉ោងប្រមាណ ២និង៤៥នាទីជិតភ្លឺ មាននគរបាលប៉ុស្តិ៍បឹងទំពុន ដែលបានស្គាល់ជនរងគ្រោះ នាងរស់នៅជាមួយគ្នានោះ បានទៅគាស់ទ្វារដាស់មកមើលជនរងគ្រោះ និងស្គាល់ ជនរងគ្រោះនេះ ហើយក៏ប្រញាប់ប្រញាល់ យកជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះ ប៉ុន្តែគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ក្រោយ បញ្ជូនមកដល់មន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលជំនាញ ចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសព និងសន្និដ្ឋានថា ជនរងគ្រោះ បានស្លាប់ដោយ សារខ្យល់គ គាំងបេះដូង ។ បច្ចុប្បន្នសពត្រូវបានតម្កល់ នៅវត្តស្ទឹងមានជ័យ ដើម្បីចាត់ចែងបន្ត៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល