បាងកក៖ សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន អន្តរជាតិធំៗ ពីបាងកកឱ្យដឹងថា លោកស្រី នាយករដ្ឋមន្រ្តីថៃ យីងឡាក់ នៅថ្ងៃចន្ទ ទី០៩ ខែធ្នូ ឆ្នាំ២០១៣នេះ បានប្រកាសរំលាយរដ្ឋសភា ដើម្បីឱ្យមានការបោះឆ្នោត សម្រាប់ស្តារស្ថិរភាពឡើងវិញ។

លោកស្រី យ៉ីងឡាក់ បានប្រកាសលើកញ្ចក់ទូរទស្សន៍ជាតិរបស់ថៃនៅវេលាម៉ោង ៩ព្រឹកថ្ងៃនេះថា បានដាក់សំណើទៅព្រះមហាក្សត្រ សូមរំលាយសភា ព្រោះនេះជាការបញ្ជាក់ថា រដ្ឋាភិបាល ប្រកាន់ ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ដើម្បីដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេស។

លោកស្រី បានបន្តទៀតថា គ្រប់ភាគីនយោបាយទាំងអស់ អាចចូលទៅក្នុងសមរភូមិបោះឆ្នោត ដើម្បី ឲ្យប្រជាជន មានសិទ្ធិបោះឆ្នោតជ្រើសរើសបុគ្គល ដែលមានសមត្ថភាពនៅក្នុងការដោះស្រាយវិបត្តិ នៅក្នុងប្រទេស។ លើសពីនេះ លោកស្រីបានសង្កត់ធ្ងន់ថា ទោះបីមានការរំលាយសភាក្តី តែគណៈ រដ្ឋមន្រ្តី នៅតែបន្តភារកិច្ចតាមរដ្ឋធម្មនុញ្ញ រហូតដល់មានគណៈរដ្ឋមន្រ្តីថ្មី។

លោកស្រី បានបញ្ជាក់ជាចុងក្រោយថា រាជរដ្ឋាភិបាល បានពិភាក្សាជាមួយគណៈកម្មាធិការរៀបចំ ការបោះឆ្នោត ដើម្បីរៀបចំការបោះឆ្នោតឲ្យបានលឿនបំផុត និងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួម បោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ការប្រកាសរបស់លោកស្រី នាយករដ្ឋមន្រ្តី បានធ្វើឡើងបន្ទាប់ពីក្រុមបាតុករ ដឹកនាំដោយ ស៊ូថេប ថងស៊ូបាន ព្រមទាំងអតីតសមាជិកសភា គណបក្សប្រជាធិបតេយ្យ ១៥៣រូប ដែលបានលាលែង កាលពីម្សិលមិញ បាន សម្រុកចូលវិមានរដ្ឋាភិបាល និងបណ្តាស្ថាប័នរដ្ឋសំខាន់ៗ នៅទីក្រុងបាងកក៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល