(ភ្នំពេញ)៖ ធ្វើដំណើរឆ្លងកាត់ភ្លើងស្ដុបទៅមកៗរៀងរាល់ថ្ងៃ ដែលអាជ្ញាធរបានដំឡើងរួចរាល់ក្នុងរាជធានីភ្នំពេញនេះ ប្រជាពលរដ្ឋបានលើកឡើង ពីចម្ងល់ចំពោះបង្គោលភ្លើងស្ដុបថ្មីៗនោះថា មិនទាន់ឃើញបំពាក់ភ្លើងសញ្ញា លឿង បៃតង ក្រហម នៅឡើយ មិនដឹងដាក់ឲ្យប្រើជាផ្លូវការនៅពេលណានោះទេ។

ជុំវិញបញ្ហានេះអង្គភាពសារព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧នេះ បានសុំការពន្យល់ពី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ដើម្បីស្រាយចម្ងល់ជូនប្រជាពលរដ្ឋ។

លោក សំា ពិសិដ្ឋ បានឲ្យដឹងថា អាជ្ញាធរក្នុងរាជធានីបានចាប់ផ្ដើមដំណើរការការងារនេះជាបណ្ដើរៗហើយ ដោយនៅថ្ងៃម្សិលមិញ មន្រ្តី្តសាធារណការ បានបំពាក់ភ្លើងសញ្ញាក្នុងបង្គោលភ្លើងស្តុប ចំនួ៣កន្លែងហើយ ទី១.ស្ដុបអ៊ីនធឺរខន់ (មហាវិថីព្រះមុនីរ៉េត ប្រសប់ជាមួយមហាវិថីម៉ៅសេទុង), ទី២ស្តុបរោងកុនលុច្ស (មហាវិថីព្រះនរោត្តម ប្រសប់ផ្លូវលេខ១៥៤) និងទី៣.ស្ដុបបឹងត្របែក (មហាវិថីព្រះមុនីវង្ស ប្រសប់ផ្លូវលេខ៤៨៤)។

នៅថ្ងៃទី០៩ ខែមីនា ស្អែកនេះ មន្រ្តីសាធារណការរាជធានី នឹងបន្តចុះបំពាក់ភ្លើងសញ្ញា នៅស្ដុបចំនួន២កន្លែងទៀត គឺស្តុបចតុមុខ (មហាវិថីព្រះនរោត្តម ប្រសប់ផ្លូវលេខ២១៤) និងស្តុបសាលាព្រះស៊ីសុវត្ថិ (មហាវិថីព្រះនរោត្តម ប្រសប់លេខ១៧៨)។

លោកប្រធានមន្ទីរ បានបញ្ជាក់ថា បង្គោលភ្លើងស្តុបថ្មីៗដំបូង ដែលដំឡើងនៅក្នុងរាជធានីភ្នំពេញ មានចំនួន១០០ស្តុប ហើយបង្គោលភ្លើងស្តុបចាស់ៗ ដែលដកចេញពីកន្លែងចាស់នោះ នឹងយកទៅដំឡើងនៅតំបន់ក្រៅរាជធានីវិញ មានចំនួន៤៣កន្លែងផ្សេងទៀត។ លោកថា «យើងបានស្នើសុំបង្គោលភ្លើងស្តុបពីភាគីជប៉ុន ចំនួន១៧ បន្ថែមទៀត ដើម្បីដាក់បំពាក់នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចំនួន៦កន្លែង និងកន្លែងផ្សេងទៀត»។

បង្គោលភ្លើងស្តុបថ្មីៗទាំង១០០នេះ ជាជំនួយរបស់ប្រទេសជប៉ុន តាមរយៈអង្គការ JICA ដែលផលិតដោយក្រុមហ៊ុន MITSUBISHI តាមស្ដង់ដារទំនើបរបស់ជប៉ុន មានលក្ខណៈពិសេស ៣ចំណុច រួមមាន៖ ទី១.ភ្លើងស្តុបថ្មីៗទាំងនោះ ត្រូវបានបញ្ជាដោយប្រព័ន្ធស្វ័យប្រវត្តិ ក្នុងបន្ទប់បញ្ជាមួយ ហៅថា Control room ដែលតាំងនៅសាលារាជធានីភ្នំពេញ គ្រប់ភ្លើងស្តុបទាំងអស់ ត្រូវបានភ្ជាប់ទំនាក់ទំនងចូលទៅក្នុង Control room នេះទាំងអស់។ ទី២.ក្នុងចំណោមភ្លើងស្តុបទាំងនោះ មានបំពាក់កាំមេរ៉ាចំនួន ២៦កន្លែង ដែលអាចប្រាប់ភ្នាក់ងារថា កន្លែងណាមានបញ្ហា ដូចជា ដាច់ភ្លើង ឬបញ្ហាខូចខាតផ្សេងៗ ងាយស្រួលក្នុងការចុះទៅជួសជុលបានទាល់ពេល។ ទី៣.ប្រសិនបើស្តុបណាមួយ មានបញ្ហាផ្សេងៗ វាអាចប្រាប់យើងឲ្យដឹងនៅបន្ទប់ Control room នោះតែម្ដង និងទី៤.ស្តុបទំនើបថ្មីៗទាំងនោះ បំពាក់ដោយប្រព័ន្ធ Smart Signal ដែលផ្ដល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរ ឆ្លងកាត់ភ្លើងស្តុបជិតៗគ្នាច្រើន ពោលគឺភ្លើងសញ្ញាចរាចរណ៍ទាំងនោះ នឹងលោតពណ៌ដូចគ្នា ឧទាហរណ៍ ផ្លូវមួយមានភ្លើងស្តុបច្រើនជិតៗគ្នា បើភ្លើងស្តុបមុខលោតពណ៌បៃតង ភ្លើងស្តុបក្រោយៗទៀត ក៏លោតភ្លើងពណ៌បៃតងដែរ ជៀងវាងការកកស្ទុះនៅចំណុចកាត់ប្រសប់ណាមួយ។

លោកប្រធាន សាំ ពិសិដ្ឋ បានបញ្ជាក់ថា ទោះជាការងារទាំងនេះលំបាក និងច្រើនយ៉ាងណា ក្រុមការងារនឹងបញ្ចប់ការបំពាក់ភ្លើងសញ្ញាចរាចរណ៍ទាំងនោះ នៅចុងខែឧសភា ឆ្នាំ២០១៧ ខាងមុខ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង