(ភ្នំពេញ)៖ ប្រភពព័ត៌មានកំពុងតែល្បីសុះសាយ ផ្ទុះឡើងពេញបណ្ដាញសង្គម Facebook ចេញពីផេករបស់អ្នកសិល្បៈដូចគ្នា បានបង្ហើបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់តារាចម្រៀង ពេជ្រ សោភា និងលោក ងួន ច័ន្ទដេវីដ ចំនួន៤ម៉ឺនដុល្លារ ដោយសារតែពួកគេ មានគំនិតច្នៃប្រឌិត និពន្ធបទចម្រៀងថ្មី មិនចម្លងពីបរទេស ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស និងពេញនិយមដល់ក្រៅប្រទេសទៀតផង។

យោងតាមប្រភពព័ត៌មានពីមន្រ្តីយោធា ដែលបានបង្ហើបប្រាប់អ្នកសិល្បៈម្នាក់ បានព្រលយថា ថវិកាដែលបានផ្ដល់ជូននេះ គឺជាការលើទឹកចិត្តដល់តារាទាំង២ដួង ដែលពួកគេបានខិតខំនិពន្ធបទចម្រៀងថ្មី មិនចម្លងពីបរទេស ជាពិសេសបទ «រាំញីកែងជើង» សម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ រាំលេងកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងទៅនេះ។

ដោយឡែកសម្រាប់តារាចម្រៀង ពេជ្រ សោភា បានប្រាប់នៅមុននេះបន្តិចឲ្យដឹងថា នាងមិនទាន់បានទទួលដំណឹង ពីការផ្ដល់ប្រាក់លើកទឹកចិត្ត ពីថ្នាក់ដឹកនាំកំពូល គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅឡើយទេ បើទោះបីជាដំណឹងនេះ កំពុងល្បីសុះសាយពេញបណ្ដាញ សង្គមហ្វេសប៊ុកក្ដី។

ពេជ្រ សោភា និយាយថា «អត់ទេបង..! ខ្ញុំអត់ទាន់បានដឹងផងរឿងហ្នឹង..! គេចេះតែផ្អើលទៀតហើយទេដឹងបង..ខ្ញុំគ្រាន់តែដឹងថា បទខ្ញុំហ្នឹងមានការគាំទ្រច្រើន ជាពិសេសថ្នាក់ដឹកនាំកំពូល គឺសម្ដេចតេជោ ខ្ញុំឃើញសម្ដេចរាំសប្បាយ ព្រមទាំងថ្នាក់ដឹកនាំជាច្រើនទៀត ហើយសម្រាប់ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបទថ្មីនេះ មានអ្នកគាំទ្រច្រើន ស្ទើរមិនគួរឲ្យជឿ..!»។

ចំណែកក្នុងបណ្ដាញសង្គមរបស់នាងវិញ បានសរសេរនៅមុននេះបន្តិចថា «នាងខ្ញុំ និងដេវីដ ពុំទទួលបានថវិកា អីនោះទេ តែពួកខ្ញុំសប្បាយចិត្តណាស់ទៅហើយ ដែលស្នាដៃនេះ មានការទទួលស្គាល់់ និងគាំទ្រពីបងប្អូន ពិសេសការកោតសរសើរ ពីប្រមុខរាជរដ្ឋាភិបាល វាជាមោទនភាព និងមហាកិត្តិយសណាស់ទៅហើយ សម្រាប់ពួកខ្ញុំ ពួកខ្ញុំសប្បាយចិត្ត ដែលបានធ្វើដើម្បីមុខមាត់ខ្មែរ មិនមានសំដៅលើប្រាក់រង្វាន់នោះទេ អរគុណ... ខ្មែរស្រឡាញ់ខ្មែរ..!»។

ទោះបីជាយ៉ាងណា តារាចម្រៀង ពេជ្រ សោភា បានបញ្ជាក់ថា ប្រសិនបើថ្នាក់ដឹកនាំកំពូល ជាពិសេសគឺសម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជាប្រាក់រង្វាន់លើកទឹកចិត្តដល់រូបនាង និងលោក ដេវីត ក្នុងការតាក់តែងបទចម្រៀងថ្មី នាំឲ្យល្បីសព្វថ្ងៃនេះពិតមែន នាងនឹងយកថវិកានោះ ទៅជួយដល់ជនក្រីក្រ ចាស់ជរា កុមារកំព្រា តាមអ្វីដែលនាងអាចធ្វើទៅបាន ហើយពិតជាកម្លាំងចិត្តមួយដ៏ធំធេង មិនអាចកាត់ថ្លៃបាន ដើម្បីបន្តឲ្យនាង ក៏ដូចជាអ្នកនិពន្ធផ្សេងៗទៀត ខិតខំប្រឹងប្រែងនិពន្ធបទចម្រៀងថ្មីបានកាន់តែច្រើន បម្រើដល់វិស័យចម្រៀងខ្មែរឲ្យកាន់តែរីកចម្រើនខ្លាំងឡើង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង