ចំពោះមនុស្សភាគច្រើន គាត់តែងគិតថា គ្រឿងស្រវឹងគឺជាភេសជ្ជៈ ដែលពិសាទៅធ្វើឱ្យរីករាយជាពន់ពេក។ ប៉ុន្ដែចំពោះមនុស្សផ្សេងទៀតគាត់គិតថា សុរាគឺជាថ្នាំពុលអប្រីយ៍ ដែលនាំមកនូវទុក្ខទោសដល់សុភាពបុរស និងសុភាពស្រ្ដីភាគច្រើន។ នៅក្នុងអត្ថបទនេះយើងនឹងនិយាយអំពីផលប៉ះពាល់ ដែលអាចកើតមានដល់ខួរក្បាលរបស់អ្នក ប្រសិនបើអ្នកពិសាគ្រឿងស្រវឹងនេះច្រើន។

សុរាអាចត្រូវបានគេចាត់ទុកថា ជាសារជាតិ ដែលបង្កគ្រោះថ្នាក់ស្លាប់រស់ ដល់សុខភាពរបស់មនុស្ស។ ក្រុមអ្នកមជ្ឈធាតុនិយម(Skeptics) បានអះអាងថា ការណ៍នោះគ្រាន់តែជារឿងនិទាន ដែលក្រុមហ៊ុន ឬអាជីវកម្មប្រើ ដើម្បីកេងយកប្រយោជន៍ពីមនុស្សប៉ុណ្ណោះ។ ប៉ុន្ដែអ្វី ដែលជាសេចក្ដីពិតនោះគឺថា ពេលវេលាកាន់តែកន្លងទៅ ហើយសុរាក៏អាចបង្កជាជំងឺភ្លេចភ្លាំងសម្រាប់មនុស្ស ដែលពិសាច្រើន។ យោងតាមការសិក្សាស្រាវជ្រាវនាពេលថ្មីៗនេះបានឱ្យដឹងថា ការពិសាគ្រឿងស្រវឹងច្រើនហួសប្រមាណអាចបង្កជាជំងឺធ្ងន់ធ្ងរនៅក្នុងរាងកាយរបស់អ្នក។ នៅក្នុងចំណោមជំងឺទាំងអស់នោះមានដូចជា ជំងឺមហារីក ការចុះខ្សោយការយល់ដឹង ធ្វើឱ្យខូចខួរក្បាលធ្ងន់ធ្ងរ និងចុះខ្សោយការចងចាំ។

គុណវិបត្ដិដ៏គ្រោះថ្នាក់នេះ ក៏ត្រូវបានប្រកាសដោយ សមាគមវិទ្យាសាស្រ្ដស្រាវជ្រាវអំពីគ្រឿងស្រវឹងរបស់អេស្ប៉ាញផងដែរ។ ក្រុមអ្នកវិទ្យាសាស្រ្ដនោះ ក៏បានអះអាងផងដែរថា គ្រឿងស្រវឹងគឺជាគ្រាប់បែកបំផ្លាញពេលវេលាមួយសម្រាប់រាងកាយ ហើយវាកាន់តែបង្កគ្រោះថ្នាក់ នៅពេលវាត្រូវបានយកទៅលាយជាមួយនឹងថ្នាំមមាល(ថ្នាំដែលបង្កឱ្យមានការមមើមមាយ)ពីព្រោះការលាយផ្សំគ្នានេះ អាចធ្វើឱ្យប៉ោងសរសៃអាទែយ៉ាងក្រៃលែង និងបង្កឱ្យមានការហូរឈាម(Hemorrhage) ពេញរាងកាយ។

ទិន្ន័យមួយចំនួនពីភាគអឺរ៉ុបបានបង្ហាញថា គ្រឿងស្រវឹងគឺជាមូលហេតុដ៏ចម្បងមួយ ដែលបង្កឱ្យកើនឡើងអត្រាមរណភាព នៅក្នុងបណ្ដាប្រទេសមួយចំនួន នៅទ្វីបអឺរ៉ុបនេះ ពីព្រោះវាបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ដ៏ច្រើន ហើយគ្រោះថ្នាក់ទាំងនេះធ្វើឱ្យកើនឡើងចំនួន នៃអ្នកស្លាប់ជារៀងរាល់ឆ្នាំ។ លោកបណ្ឌិត Antonio Terán លេខាធិការនៃមជ្ឈមណ្ឌល SOCIDROGALCOHOL និងជាអ្នកសម្របសម្រួល នៃមជ្ឈមណ្ឌលបង្ការជាតិញៀន San Juan de Dios ក្នុងទីក្រុង Palencia បានចងក្រងនូវបញ្ជីខាងក្រោមនេះ៖

វិបត្ដិផ្លូវចិត្ដបង្កដោយគ្រឿងស្រវឹង៖

កើតមានរោគចិត្ដម្ដងៗ(Temporary Psychotic Episodes)

រោគចិត្ដនេះកើតមានស្ទើរតែ ២៥% នៃអ្នកជំងឺ ដែលពឹងផ្អែកទាំងស្រុង ទៅលើការពិសាគ្រឿងស្រវឹង។

ជំងឺវង្វេងវង្វាន់(Korsakoff’s syndrome)

រោគសញ្ញាជាក់ស្ដែង ជានិច្ចកាលគឺបង្ហាញឱ្យឃើញនូវការភ័ន្ដស្រឡំ ពោលគឺភ័ន្ដច្រឡំ នៅពេលព្យាយាមរំលឹកនូវព្រឹត្ដិការណ៍សំខាន់ៗ ឬថ្មីៗ និងទីបញ្ចប់ គឺហាក់ដូចជាការបង្កើតល្បិចកលដើម្បីលាក់រឿងរ៉ាវពីសេចក្ដីពិតអញ្ចឹង។

Wernicke Syndrome

ជំងឺនេះ គឺវាបង្ហាញឱ្យឃើញលក្ខណៈទាំងស្រុងដោយការភ័ន្តច្រឡំ ការខ្វះការសម្រប និងតុល្យភាពគឺជាចរិតលក្ខណៈដ៏ជាក់ស្ដែងបំផុត នៃជំងឺនេះ។ ជំងឺនេះអាចបង្កនូវ ជំងឺភ្នែក (Ocular paralysis) និងវិបត្ដិដទៃទៀតនៅក្នុងរាងកាយ។

ការធ្លាក់ទឹកចិត្ដ និងការបាត់បង់ជំនឿលើខ្លួនឯង គឺជារោគសញ្ញាដទៃទៀត ដែលអាចកើតមានឡើង បណ្ដាលមកពីផលប៉ះពាល់ នៃការពិសាគ្រឿងស្រវឹងច្រើន ព្រមទាំងសារធាតុដទៃទៀត ដែលអាចបង្កនូវការមមើមមាយ ឬរោគរវើរវាយ។ គ្រឿងស្រវឹង គឺជាមូលហេតុបង្កឱ្យមានជនរងគ្រោះរាប់លាននាក់ក្នុងមួយឆ្នាំៗ។ វាទាក់ទិនទៅនឹងមនុស្សឃាត ការវាយប្រហារ និងការរំលោភបំពានផ្សេងៗ។ ភេសជ្ជៈនេះ គឺមិនមែនជាអ្វី ដែលធ្វើឱ្យមនុស្សទទួលបានគុណតម្លៃ និងថាមពល ឬមានអារម្មណ៍ល្អនោះទេ។ វាមិនមែនមានន័យថា វាអាចធ្វើឱ្យយើងមានចិត្ដក្លាហានក្នុងការធ្វើអ្វីមួយ ដែលជាធម្មតាយើងមិនហានធ្វើនោះទេ។ វាមិនមែនជាបទល្មើសនោះទេ ក្នុងការពិសាវាម្ដងម្កាល ប៉ុន្ដែវាជារឿងសំខាន់ក្នុងការដឹងពីវិធីគ្រប់គ្រងថាតើគ្រឿងស្រវឹងកម្រិតណាដែលអ្នកទទួលទាន ដើម្បីមិនបណ្ដាលឱ្យអ្នកធ្វើអ្វីឆ្កួតៗ ឬប៉ះពាល់ដល់រាងកាយរបស់អ្នក ឬបំផ្លាញរាងកាយរបស់អ្នកតែម្ដង ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព ៖ steptohealth.com