(សេអ៊ូល)៖ កូរ៉េខាងជើងអាចនឹងធ្វើសកម្មភាពបង្ករឿង តាមរយៈការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ឬក៏មីស៊ីលផ្លោងនៅចុងខែធ្នូនេះ ឬក៏នៅដើមខែមករាខាងមុខ ដើម្បីបង្ហាញអំពីសមត្ថភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនទុកជាសារព្រមានដល់រដ្ឋាភិបាលថ្មី របស់អនាគតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមរបាយការណ៍ នៃវិទ្យាស្ថានសិក្សានយោបាយកូរ៉េខាងត្បូង អាស៊ាន (Asan) ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ២០១៦។

យោងតាមរបាយការណ៍វិទ្យាស្ថាន អាស៊ាន កូរ៉េខាងជើងទំនងជាអាចបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ឬមីស៊ីលនៅមុនលោក ត្រាំ ស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ហើយដែលសកម្មភាពនេះអាចនឹងបង្ហាញពីបរាជ័យ នៃគោលនយោបាយអត់ធ្មត់របស់ លោក បារ៉ាក់ អូបាម៉ា ក៏ប៉ុន្តែវានឹងមិនបង្កការរំខានដល់រដ្ឋាភិបាលអាមេរិកថ្មីនោះទេ ត្បិតអីបើតាមអ្នកជំនាញ លោក ត្រាំ បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបន្តការដាក់សម្ពាធ និងទណ្ឌកម្មប្រឆំាងនឹងកូរ៉េខាងជើង ដែលអាចនឹងធ្វើការចរចាជាមួយទីក្រុងវ៉ាស៊ីនតោន នៅពេលសមត្ថភាពនុយក្លេអ៊ែរ របស់ខ្លួនឈានដល់កំរិតកំពូល។

គួរបញ្ជាក់ថាបើតាមរបាយការណ៍របស់វិទ្យាស្ថាន Asan នៅក្នុងករណីដែលកូរ៉េខាងជើង ចេះតែធ្វើសកម្មភាពបង្ករឿងកាន់តែខ្លំាង នៅក្រោមរដ្ឋាភិបាល លោក ដូណាល់ ត្រាំ នោះសហរដ្ឋអាមេរិកអាចនឹងប្រើប្រាស់វិធានការយោធាដាក់សម្ពាធលើរបបដឹកនាំទីក្រុងព្យុងយ៉ាង។ ទោះបីជាយ៉ាងណាមនុស្សភាគច្រើនសុទ្ធតែដឹងថាកូរ៉េខាងជើង ជាសម្ព័ន្ធមិត្តរបស់ចិនដូច្នេះការប្រើកម្លាំងយោធា មុខជានឹងជំរុញឱ្យចិនចេញមុខធ្វើអន្តរាគមន៍ដូចដែលខ្លួនធ្លាប់បានធ្វើនៅអំឡុងសម័យសង្រ្គាមកូរ៉េ (១៩៥០-១៩៥៣)៕

ប្រភព ៖ យ៉ុនហាប់