(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះក្តីលើជនជាប់ចោទអ្នកស្រី ឡាយ ហួង អតីតស្រីកំណានរបស់ឧក ញ៉ា ខូវ ផល្លាបុត្រ ពីបទផ្តួចផ្តើមគំនិតប៉ុនប៉ងរំលោភ សម្លាប់ ភរិយា និងកូនស្រី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ។

លោក ជា ចាន់រ៉ាវី មេធាវីការពារក្តីឲ្យលោកស្រី ឡាយ ហួង បានប្រាប់ Fresh News នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះថា លោក ទទួលបានដីកាកោះអញ្ជើញពីលោក សៀង សុខ ព្រះរាជអាជ្ញារងសាលាដំបូងរួចហើយ ឲ្យចូលទៅការពារកូនក្តីនៅថ្ងៃទី២៩ ខែធ្នូ។

សូមបញ្ជាក់ថា អ្នកស្រី ឡាយ ហួង ត្រូវបានតុលាការចោទប្រកាន់ថា បានផ្តើមគំនិតក្នុងបទប៉ុនប៉ងរំលោភសេពសន្ធវៈ និងប៉ុនប៉ងឃាត កម្មគិតទុកជាមុន ទៅលើអ្នកស្រី ស៊ុន សូត្ថា ភរិយា និងកូនស្រី របស់លោក ស៊ុន ចាន់ថុល ដែលបានប្រព្រឹត្តឡើងកាលពីយប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០។

អ្នកស្រី ឡាយ ហួង ត្រូវបានប៉ូលិស Interpol ឃាត់ខ្លួនក្នុងទឹកដីប្រទេសថៃ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅ តាមសំណើ របស់សមត្ថកិច្ចកម្ពុជា បន្ទាប់ពីបានព្យាយាមរត់គេខ្លួនអស់ជាច្រើនឆ្នាំ។

អ្នកស្រី ឡាយ ហួង ធ្លាប់បានដាក់ពាក្យស្នើសុំនៅក្រៅឃុំបណ្តោះអាសន្នជាច្រើនលើកផងដែរ តែត្រូវបានតុលាការទាំង ៣ថ្នាក់ បដិ សេធចោល។

នៅក្នុងសំណុំរឿងប៉ុនប៉ងរំលោភ សម្លាប់ ភរិយា និងកូនស្រី របស់លោក ស៊ុន ចាន់ថុលនេះ មនុស្ស ៤នាក់ហើយត្រូវបានតុលាការផ្តន្ទា ទោស រួមមាន៖ លោកស្រី សេង ចិន្តា ប្រពន្ធលោកឧកញ៉ា ខូវ ជឺលី ជាមេខ្លោង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ២០ឆ្នាំ, សន្តិសុខ របស់អ្នកស្រី សេង ចិន្តា ដាក់ពន្ធគារ ២០ឆ្នាំ រីឯអ្នកបម្រើ ២នាក់ទៀត ដាក់ពន្ធនាគារ ១៨ឆ្នាំ។ សាលាក្រមរបស់ពួកគេបានចូលជាស្ថា ពរអស់ហើយ។

បើតាមមន្រ្តីតុលាការ ក៏បានឲ្យដឹងផងដែរថា ឧកញ៉ា ខូវ ផល្លាបុត្រ ក៏ត្រូវបានតុលាការចោទប្រកាន់ក្នុងសំណុំរឿងរំលោភសម្លាប់ភរិយា និងកូនស្រី របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុលផងដែរ។

សំណុំរឿងដដែលនេះ កូនប្រុស-ស្រី របស់ឧកញ៉ា ខូវ ជឺលី បានចេញមកបញ្ជាក់អំពីទង្វើទុច្ចរិតរបស់អ្នកស្រី សេង ចិន្តា និង អ្នកស្រី ឡាយ ហួង គឺពិតជាបានរួមគំនិតគ្នារៀបចំគម្រោងសម្លាប់ និងរំលោភ ទៅលើភរិយា និងកូនស្រី របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ ថុល ពិតប្រាកដមែន៕

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី