(ប៉េកាំង)៖ សហរដ្ឋអាមេរិកបានបន្តរំលោភបំពានលើសិទ្ធិមនុស្ស នៅតាមបណ្តាប្រទេសដទៃៗ ជុំវិញពិភពលោក ដែលបានបង្កឲ្យជនស៊ីវិលស្លូតត្រង់ ទទួលរងគ្រោះយ៉ាងច្រើនសន្ធឹកសន្ធាប់។ នេះបើតាមការបាយការណ៍មួយស្តីពីសិទ្ធិមនុស្សអាមេរិក ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០១៧។

របាយការណ៍ការមានចំណងជើងថា «កំណត់ត្រាសិទ្ធិមនុស្សនៃសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៦» ដែលត្រូវបានចេញផ្សាយដោយការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន បានរៀបរាប់ថា អាមេរិកបានរៀបចំកងកម្លាំងចម្រុះម្តងហើយម្តងទៀត ដើម្បីបើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងទៅលើកម្លាំងយោធា នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ចាប់ពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ សហរដ្ឋអាមេរិកបានចេញប្រតិបត្តិការ ទម្លាក់គ្រាប់បែកប្រមាណ ៧,២៥៨លើកនៅអ៊ីរ៉ាក់ និង ៥,៨២៨លើកនៅស៊ីរី ដែលបានបណ្តាលឲ្យមានហេតុការណ៍អាក្រក់ចំនួន ៧៣៣ករណី ជាមួយនិងប្រជាជនស៊ីវិលស្លូតត្រង់ ដែលបានបាត់បង់ជីវិតចន្លោះពី ៤,៥៦៨នាក់ ទៅ ៦,១២៧នាក់។

បន្ថែមពីនេះ យោងតាមរបាយការណ៍ខាងលើដដែល បញ្ហានៃការចាប់ឃុំខ្លួនដោយខុសច្បាប់ និងការធ្វើទណ្ឌកម្មទៅលើអ្នកទោស នៃប្រទេសដទៃៗផ្សេងទៀត នៅតែមិនទាន់ត្រូវបានដោះស្រាយចេញ។ កាលពីឆ្នាំ២០០៩ រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្លាប់បានសន្យាថា នឹងបិទពន្ធនាគារ Guantanamo Bay ដែលស្ថិតក្នុងប្រទេសគុយបា តែមកដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦ នៅមានអ្នកទោសចំនួន ៥៩នាក់ ដដែលជាប់ឃុំខ្លួននៅក្នុងពន្ធនាគារនោះ។ ពន្ធនាគារ Guantanamo Bay របស់អាមេរិក ត្រូវបានប្រទេសជាច្រើនចាត់ទុកថាជាទីកន្លែង ដែលបំពានសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលអាមេរិកមិនអាចប្រកែកបាន។

ម៉្យាងវិញទៀត របាយការណ៍ការសម្ងាត់មួយបានលាតត្រដាងឲ្យដឹងថា ក្នុងពន្ធនាគារនៃទីភ្នាក់ងារ CIA របស់អាមេរិកនៅអាហ្វហ្គានីស្ថាន ដែលគេស្គាល់ថា Salt Pit ជនសកម្មប្រយុទ្ធឈ្មោះ Gul Rahman ត្រូវបានគេដាក់ឲ្យនៅក្នុងបន្ទប់ដ៏ត្រជាក់បំផុត ហើយបានស្លាប់ដោយសារតែសីតុណ្ហភាពទាបខ្លាំងពេក ខណៈពេលកំពុងជាប់ឃុំខ្លួននៅទីនោះ។ របាយការណ៍ស្តីពីការរំលោភសិទ្ធិមនុស្សរបស់អាមេរិកនោះ ត្រូវបានសារព័ត៌មានចិននានា ដកស្រង់ធ្វើការចេញផ្សាយស្ទើរតែស្រុងតែម្តង ដោយមានរៀបរាប់ទាំងពេលវេលា ទីកន្លែង របៀបនៃការរំលោភសិទ្ធិមនុស្ស និងភ្នាក់ងារអាមេរិកដែលប្រព្រឹត្តទង្វើទាំងនោះ។

គួរបញ្ជាក់ថា នៅក្នុងឯកសារមួយផ្សេងទៀតមានចំណងជើងថា «សេចក្តីលម្អិតនៃការដាក់សម្ពាធផ្លូវកាយ» ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA បានធ្វើទណ្ឌកម្មទៅលើជនដែលជាប់ឃុំខ្លួន ដោយការទះកំផ្លៀង ក៏ដូចជាការប្រើសត្វល្អិត និងការកប់ទាំងរស់ជាដើម ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ប្រធានតុលាការអន្តរជាតិធ្លាប់បានឲ្យដឹង នៅក្នុងរបាយការណ៍មួយថា កងទ័ពអាមេរិក និងភ្នាក់ងារ CIA ប្រហែលជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម តាមរយៈការធ្វើទណ្ឌកម្មលើជនជាប់ឃុំខ្លួន នៅប្រទេសអាហ្វហ្គានីស្ថាន៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង