(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺនហេ បានទុកសត្វឆ្កែ០៩ក្បាលចោលនៅក្នុងវិមានប្រធានាធិបតី (Blue House) បន្ទាប់ពីលោកស្រី បានរើសម្ភារៈចាកចេញពីការិយាល័យត្រឡប់ទៅលំនៅឋានឯកជនរបស់លោកស្រី កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក្រោយពីត្រូវបានតុលាការធម្មនុញ្ញទម្លាក់ចេញពី តំណែងជាផ្លូវដោយសារតែរឿងអាស្រូវពុករលួយនយោបាយ ឆយ ស៊ូនស៊ីល។ ក៏ប៉ុន្តែទន្ទឹមគ្នានោះដែរ ក្រុមអ្នកការពារសត្វបានចោទប្រកាន់ថាលោកស្រី ផាក បានរំលោភលើច្បាប់ការពារសត្វចិញ្ចឹម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០១៧។

យោងតាមសារព័ត៌មាននៅក្នុងស្រុក Donga Ilbo លោកស្រី ផាក បានទទួលអំណោយជាសត្វឆ្កែ០២ក្បាលនៃពូជឆ្កែកូរ៉េ Jindo ពីអ្នកជិតខាងម្នាក់ នៅពេលដែលលោកស្រីចូលកាន់តំណែងជាប្រធានាធិបតី នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ ហើយអ្នកជិតខាងរូបនេះសម្រេចចិត្តប្រគល់សត្វឆ្កែ Jindo ឱ្យលោកស្រី ផាក ដោយសង្ឃឹមថាលោកស្រីអាចនឹងលុបចោលគោលនយោបាយបែងចែករដ្ឋបាលតំបន់ និងទីក្រុង។

គួរបញ្ជាក់ថាបច្ចុប្បន្នឆ្កែ Jindo ទាំងពីរក្បាលខាងលើបានបង្កើតកូនចំនួន០៧ក្បាល។ លោកស្រី ផាក បានទុកឆ្កែទំាងនេះចោលនៅក្នុងវិមានប្រធានាធិបតី ខណៈក្រុមអ្នកការពារសត្វបានចោទប្រកាន់លោកស្រីថា បានរំលោភលើច្បាប់ការពារចិញ្ចឹមសត្វ។ ប៉ុន្តែ គេពុំទាន់ដឹងច្បាស់នៅឡើយទេថាលោកស្រីពិតជា រំលោភលើច្បាប់នេះ ឬក៏យ៉ាងណានោះទេ។ ដោយឡែកបើតាមមន្ត្រីការិយាល័យប្រធានាធិបតី សត្វឆ្កែJindo ០២ក្បាល និងកូន០២ក្បាល ត្រូវបានគេបញ្ជូនទៅកាន់សមាគមការពារពូជឆ្កែ Jindo ហើយ រីឯកូន០៥ក្បាលទៀតកំពុងរង់ចំាម្ចាស់ថ្មី៕

ប្រភព ៖ ស៊ិនហួរ