ភ្នំពេញ ៖ ជនភៀសខ្លួន៤រូប មកពីកោះណារ៉ូប្រទេសអូស្ត្រាលី ពួកគេនឹងទទួលបានការបណ្តុះ បណ្តាល ពីវប្បធម៌ និងភាសាខ្មែរ ពីអង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន (IOM) ដើម្បីឲ្យពួកគេបានស៊ាំនិង យល់ពីការរស់នៅក្នុងប្រទេសកម្ពុជា។

មិនតែប៉ុណ្ណោះពួកគេនឹងទទួលបានសេវាអប់រំ សេវាថែទាំសុខភាព និង សេវាការងារជាដើម ក្រោយពីមកដល់កម្ពុជា នេះបើយោងតាមការប្រកាសរបស់អង្គការ IOM ។

ជនភៀសខ្លួន៤នាក់ នៅកោះណារូ របស់អូស្រ្តាលី ត្រូវបានបញ្ជូនមកដល់កម្ពុជា នៅម៉ោង១០និង១០នាទី ព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ ក្នុងនោះ ៣នាក់ជាជនជាតិអ៉ីរ៉ង់ និងម្នាក់ជនជាតិភាគតិចភូមា រ៉ូហ៊ីងយ៉ា ។

លោក គឹម សារិន ប្រធាននាយកដ្ឋានជនភៀសខ្លួនបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា បន្ទាប់ពីមកដល់ កម្ពុជាហើយ ពួកគេនឹងស្នាក់នៅ ជាបណ្តោះអាសន្ននាទីក្រុងភ្នំពេញ ដែលរៀបចំដោយ អង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន (IOM) ។

លោកបន្ថែមថា សម្រាប់ក្រសួងមហាផ្ទៃ នឹងបង្រៀនពួកគេឲ្យដឹងខ្លះៗ អំពីច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។

ប្រធាននាយកដ្ឋានរូបនេះ បានឲ្យដឹងទៀតថា ការទំនុកបម្រុងទៅលើជនភៀសខ្លួនទាំង៤នាក់នេះ នឹងធ្វើទៅតាមកិច្ចព្រមព្រៀង រវាងរដ្ឋាភិបាល អូស្រ្តាលី និងកម្ពុជា ។

ជនភៀសខ្លួនទាំងនេះ ក្នុងម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១ម៉ឺនដុល្លារ ព្រមទាំងផ្ដល់ការងារ ទីកន្លែងស្នាក់នៅដោយឥតគិតថ្លៃ ការបង្រៀនភាសា និងការធានាបញ្ហាសុខភាព ផងដែរ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល