(ប៊ែកឡាំង)៖ ប្រទេសអ៊ីរ៉ង់បានបាញ់សាកល្បងគ្រាប់មីស៊ីលឈ្មោះថា «ស៊ូម៉ា (Sumar)» ដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ បន្ថែមពីលើការធ្វើតេស្តមីស៊ីលផ្លោងមួយគ្រាប់ផ្សេងទៀត កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ Die Welt នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។

សារព័ត៌មានខាងលើបានចុះផ្សាយថា គ្រាប់មីស៊ីល Sumar ត្រូវបានផលិតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ផ្ទាល់ និងធ្វើដំណើរបានចម្ងាយប្រមាណ ៦០០គីឡូម៉ែត្រនៅក្នុងការធ្វើតេស្តដោយជោគជ័យដំបូងបំផុតរបស់វា។ មីស៊ីលដ៏ទំនើបនេះត្រូវបានគេជឿជាក់ថា មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងប្រហែលជាមានរយៈចម្ងាយចាប់ពី២,០០០គីឡូម៉ែត្រ ទៅ៣,០០០គីឡូម៉ែត្រ។

គ្រាប់មីស៊ីលប្រភេទនេះមានភាពលំបាកខ្លាំងក្នុងការទប់ទល់ជាជាងគ្រាប់មីស៊ីលផ្លោង ដោយសារតែពួកវាធ្វើការហោះហើរនៅរយៈកម្ពស់ទាបជាង និងអាចគេចផុតពីប្រព័ន្ធរ៉ាដារបស់សត្រូវបានយ៉ាងងាយស្រួល ដែលធ្វើឲ្យប្រព័ន្ធមីស៊ីលការពារអាកាសមានភាពច្របូកច្របល់ ហើយមានសមត្ថភាពវាយប្រហារបានយ៉ាងជ្រៅចូលក្នុងមូលដ្ឋានរបស់គូបដិបក្ស។ ប៉ុន្តែអ្វីដែលជាពិសេសបំផុតសម្រាប់អ៊ីរ៉ង់នោះ គឺប្រភេទគ្រូសមីស៊ីលនេះ (Cruise Missile) ពុំត្រូវបានបញ្ជាក់នៅក្នុងដំណោះស្រាយរបស់អង្គការសហប្រជាជាតិណាមួយដែលបានដាក់បំរាមលើការផលិតមីស៊ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាននោះឡើយ។

គួរបញ្ជាក់ថាដំណឹងនៃការធ្វើតេស្តមីស៊ីលថ្មីនេះរបស់អ៊ីរ៉ង់ បានលេចឡើងនៅប៉ុន្មានម៉ោងក្រោយពេលដែលសេតវិមាន បានចាត់ប្រទេសមួយនេះទៅក្នុងការកត់ចំណាំ ពីព្រោះតែការបាញ់សាកល្បងមីស៊ីលផ្លោង ហើយសញ្ញានេះអាចបង្ហាញថាអាមេរិកនឹងត្រៀមដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតជាការសម្តែងឥរិយាបថកោងកាចមួយសំដៅរករដ្ឋាភិបាលទីក្រុងតេហេរ៉ង់ ដែលអាចបង្កភាពតានតឹងនៅក្នុងតំបន់បាន។ រីឯអ៊ីរ៉ង់វិញបានបញ្ជាក់នៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនពិតបានបាញ់សាកល្បងគ្រាប់មីស៊ីលផ្លោងមែន ប៉ុន្តែការធ្វើតេស្តនេះមិនបានបំពានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយមហាអំណាចពិភពលោកទាំង០៦ ឬក៏ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិដែលអនុម័តលើកិច្ចព្រមព្រៀងនេះឡើយ។

ដោយឡែកនៅពេលភ្លាមៗនេះ ពុំទាន់មានសេចក្តីអធិប្បាយពីសំណាក់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ BND របស់អាល្លឺម៉ង់ ឬមួយក៏អាជ្ញាធរនៃប្រទេសអ៊ីរ៉ង់នៅឡើយទេ ជុំវិញសេចក្តីរាយការណ៍ខាងលើស្តីពីការបាញ់សាកល្បងគ្រូសមីស៊ីល ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី