ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានព្រមាននឹងដាក់វិធានការក្តៅ ដោយផាកពិន័យ យ៉ាងតឹងរឹង ចំពោះប្រជាពលរដ្ឋណា ដែលពុំព្រមស្តាប់តាមការណែនាំ របស់អាជ្ញាធរ នៅតែរឹងទទឹងទុកដាក់សំរាម មិនបានត្រឹមត្រូវ គ្មានសណ្តាប់ធ្នាប់ ចោលពាសវាលពាសកាល ។

យោងតាមទីភ្នាក់ងារ សារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹងថា ថ្លែងនៅក្នុងពិធីប្រារព្ធទិវាបរិស្ថានពិភព លោក និងធ្វើយុទ្ធនាការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៤ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ចាប់ពីពេលនេះទៅ អាជ្ញាធររាជធានីភ្នំពេញ នឹងបង្កើនវិធានការម៉ឺងម៉ាត់ និងមិនអត់ឱន ព្រមទាំងផាកពិន័យ ឲ្យបានតឹងរឹងបំផុត ចំពោះជនណា នៅតែទុកដាក់សំរាម ពុំបានត្រឹមត្រូវ ធ្វើឲ្យប៉ះពាល់ដល់អនាម័យបរិស្ថាននៅតាមទីសាធារណៈនានា។

អភិបាលរាជធានីបានបន្តថា “ការពង្រឹងយន្តការបែបនេះ ដើម្បីឆ្លើយតបឲ្យស្របទៅនឹងការប្តេជ្ញាចិត្ត ក្នុងការប្រែក្លាយរាជធានីភ្នំពេញ ឲ្យកាន់តែស្រស់ស្អាត ជាពិសេស គ្មានសំរាមនៅរាយប៉ាយ សម្រាប់ បង្អួតភ្ញៀវទេសចរជាតិ-អន្តរជាតិ និងធានាដល់សុខភាពរស់នៅ របស់ប្រជាពលរដ្ឋផងដែរ”។

លោក ស៊ូ សាវុធ អនុរដ្ឋលេខាក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការចូលរួមនឹងការយល់ដឹងរបស់ ប្រជាជន ចំពោះបរិស្ថាននេះ ពិតជាប្រសិទ្ធភាពបំផុត ក្នុងការកែប្រែសំរាម នៅរាជធានីភ្នំពេញ ឲ្យកាន់ តែមានស្ថានភាពល្អប្រសើរ ។

អនុរដ្ឋលេខាធិការបន្តថា “ការទុកដាក់សំរាម ពុំបានត្រឹមត្រូវនឹងនាំមកនូវបញ្ហាប៉ះ ពាល់ជាច្រើន ដល់ សុខភាពមនុស្ស សោភ័ណភាពទីក្រុង និងបណ្តាលឲ្យកកស្ទះចរន្តទឹកហូរនៅតាមប្រពន្ធ័លូជាដើម ដោយត្រូវចាត់វិធានការនេះ ឲ្យបានម៉ឺងម៉ាត់បំផុត”។

លោក ជៀក អាង ប្រធានមន្ទីរបរិស្ថាន រាជធានីភ្នំពេញ បានបញ្ជាក់ថា យន្តការផាកពិន័យលើបញ្ហា សំរាមនេះ បានចាប់ផ្តើមអនុវត្តន៍ ចាប់តាំងពីឆ្នាំ២០១០មកម្ល៉េះ ដោយកំណត់ថា បើជនណាទុក ដាក់ សំរាមពុំបានត្រឹមត្រូវ ឬដាក់រាយប៉ាយនៅតាមទីសាធារណៈ ខុសពីគោលដៅកំណត់នោះនឹងត្រូវផាក ពិន័យចាប់ពី ១ម៉ឺនរៀលរហូតដល់ ១០ម៉ឺនរៀល ។

ប្រធានមន្ទីរបន្តទៀតថា “ក្នុងយុទ្ធការនេះ បើបងប្អូនប្រជាពលរដ្ឋបានយល់ពីបរិស្ថាន សង្ឃឹមថា នៅរាជ ធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស បញ្ហាសំរាមវេចខ្ចប់ល្អ និងទុកដាក់បានត្រឹមត្រូវ ហើយដើម្បីឲ្យ យុទ្ធនាការនេះ ទទួលបានជោគជ័យអាជ្ញាធរក្រុង ត្រូវជំរុញការផ្សព្វផ្សាយថ្នាក់ខណ្ឌ សង្កាត់ ឲ្យរឹត បន្តឹងចំពោះពលរដ្ឋ ក្នុងការទុកដាក់សំរាមនោះ ពិតជាសេដ្ឋកិច្ចមានការរីកចម្រើន”៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល