(សេអ៊ូល)៖ មន្រ្តីយោធាកូរ៉េខាងត្បូងបានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងទិញ បន្ថែមទៀតនូវគ្រាប់មីស៊ីល Taurus ដែលជាប្រភេទមីស៊ីលប្រើសម្រាប់ បាញ់ចេញពីយន្តហោះចម្បាំង ទៅកាន់ផ្ទៃដី ដោយមានសមត្ថភាពក្នុងការបាញ់កំទេច ទីតាំងមីស៊ីលនិងគ្រាប់នុយក្លេអ៊ែរ នានារបស់ កូរ៉េខាងជើងបាន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នារសៀលថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០១៦។

ជុំវិញការទិញគ្រាប់មីស៊ីលនេះដែរ មន្រ្តីការពារជាតិកូរ៉េខាងត្បូងមួយរូប បានប្រាប់ទីភ្នាក់ងារព័ត៌មាន យុនហ៉ាប់ ថាការធ្វើតេស្តគ្រាប់នុយក្លេអ៊ែរជាលើកទីប្រាំ កាលពីខែកញ្ញាកន្លងទៅ និងការបាញ់ សាកល្បងមីស៊ីលផ្លោងជាបន្តបន្ទាប់របស់ប្រទេស កូរ៉េខាងជើង បានជំរុញឲ្យយោធាកូរ៉េខាងត្បូង ធ្វើការសម្រេចចិត្តទិញមីស៊ីល Taurus ផលិតផលរបស់អាល្លឺម៉ង់ ចំនួន៩០គ្រាប់បន្ថែមទៀត ពីលើ ចំនួន ១៧០គ្រាប់ដែលមានស្រាប់ ដើម្បីបង្កើនសមត្ថភាពក្នុងការការពារគ្រាប់បែកនុយក្លេអ៊ែរ និង មីស៊ីលរបស់ កូរ៉េខាងជើង ឲ្យកាន់តែរឹងមាំជាងមុន។

លើសពីនេះទៀត នៅពេលដែលមីស៊ីលទាំងអស់នេះត្រូវបានដាក់ឲ្យប្រើប្រាស់ នៅក្នុងកងទ័ព ជើងអាកាស របស់កូរ៉េខាងត្បូង ប្រទេសមួយនេះនឹងក្លាយជាប្រទេសអាស៊ីដំបូងគេ ដែលប្រតិបត្តិ យន្តហោះចម្បាំង បំពាក់ដោយប្រព័ន្ធមីស៊ីល ដ៏ទំនើបរបស់ប្រទេសអាល្លឺម៉ង់ ដែលអាចបាញ់បានក្នុងចម្ងាយ ៥០០គីឡូម៉ែត្រ។

គួរបញ្ជាក់ដែរថា មីស៊ីលប្រដេញ Taurus អាចចាប់សញ្ញា និងដេញតាមបាញ់ចំគោលដៅបានដោយ ស្វ័យប្រវត្តិ ហើយវាអាចបាញ់ទម្លាយឆ្លងកាត់ជញ្ជាំងបេតុង ដែលមានកម្រាស់ដល់ទៅ ០៦ម៉ែត្រ ទៀតផង។ ជាមួយគ្នានេះដែរ យោធាកូរ៉េខាងត្បូង ក៏កំពុងតែពិចារណាក្នុងការប្រើប្រាស់គ្រាប់បែក ធុនតូចប្រភេទ SDB II ផងដែរ ដែលគ្រាប់បែកប្រភេទនេះ អាចកំទេចគោលដៅ ដែលមានចលនា និងស្ថិតនៅចម្ងាយឆ្ងាយជាង៦០គីឡូម៉ែត្រ នៅក្នុងអាកាសធាតុបែបណាក៏ដោយ៕

ប្រភព ៖ យ៊ុនហ៉ាប់

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង