សភាតួគី បានអនុម័តច្បាប់ថ្មីដ៏ចម្រូងចម្រាសមួយ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដែលច្បាប់ថ្មីនេះនឹងប៉ះពាល់ដល់រចនាសម្ព័ន្ធនៃគណៈមេធាវី ។ បើទោះជាយ៉ាងណាក្ដី ច្បាប់ថ្មីនេះ បានប្រឈមនឹងការរិះគន់ពីសំណាក់ក្រុមមេធាវីរួចទៅហើយ ហើយអ្នកច្បាប់រាប់ពាន់នាក់ បានធ្វើការតវ៉ា នៅក្នុងក្រុងអ៊ីស្ដង់ប៊ូល ទីក្រុងអង់ការ៉ា និងទីក្រុងដទៃទៀត ។

គណៈមេធាវី គឺជាប្រព័ន្ធដ៏សំខាន់មួយ នៅក្នុងវិជ្ជាជីវៈច្បាប់តួគី ។ មេធាវីគ្រប់រូប នៅក្នុងប្រទេសតួគី មានសិទ្ធិចុះបញ្ជីជាមួយគណៈមេធាវីតែមួយគត់ នៅក្នុងខេត្ដរបស់ពួកគេ ។ រដ្ឋធម្មនុញ្ញរបស់តួគី ប្រកាសថា គណៈមេធាវី គឺជាអង្គការរដ្ឋ ដែលទទួលខុសត្រូវ ក្នុងកិច្ចការពារផលប្រយោជន៍នៃវិជ្ជាជីវៈច្បាប់ និងការពារសិទ្ធិមនុស្ស ។

ច្បាប់ថ្មីនេះ នឹងអនុញ្ញាតឱ្យមានការបង្កើតគណៈមេធាវីច្រើន នៅក្នុងខេត្ដតែមួយ ដែលនេះជាការផ្លាស់ប្ដូរមួយយ៉ាងធំចំពោះច្បាប់ចាស់ ដែលអនុញ្ញាតឱ្យមានការបង្កើតគណៈមេធាវីតែមួយ នៅក្នុងខេត្ដមួយ ។ សមាជិកសភា លោក Cahit Ozkan បាននិយាយថា ប្រទេសតួគី ត្រូវការច្បាប់នេះជាចាំបាច់ ដោយសារតែចំនួនមេធាវី មានការកើនឡើង ។

មតិមួយចំនួនលើកឡើងថា ការផ្លាស់ប្ដូរនេះ នាំឱ្យមានការទាស់ទែង និងបែកបាក់គ្នា ។ អង្គការសិទ្ធិមនុស្ស Human Rights Watch និងគណៈកម្មាធិការជាតិអ្នកច្បាប់ បាននិយាថា នីតិកម្មនេះ ទំនងជាការគ្រោងឡើង ដើម្បីបែងចែកវិជ្ជាជីវៈច្បាប់ នៅក្នុងជួរនយោបាយ ។ ម្យ៉ាងវិញទៀត ការបង្កើតច្បាប់នេះ ធ្វើឱ្យកើតឡើងនូវការភ័យបារម្ភថា នឹងមានការកាត់បន្ថយចំនួនគណៈមេធាវី នៅក្នុងទីក្រុងធំៗ ពោលគឺបណ្ដាគណៈមេធាវី ដែលធ្លាប់មានប្រវត្ដិរិះគន់រដ្ឋាភិបាល ពីការរំលោភសិទ្ធិមនុស្ស ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Jurist