ការរចនា និងសាងសង់អាគារមួយនៅលើភពព្រះអង្គារ មិនមែនជាការងាយស្រួលនោះឡើយ! ក្រុមស្ថាបត្យករ ៣រូប មកពីក្រុមហ៊ុនសាងសង់ ZA របស់អាល្លឺម៉ង់ គឺលោក Dmitry Zhuikov, Arina Ageeva និង Krassimir Krastev បានលើកឡើងថា អាគារដែលសង់នៅលើភពព្រះអង្គារ ត្រូវតែស្ថិតនៅក្រោមដី និងត្រូវសាងសង់ដោយមនុស្សយន្ដ។

មនុស្សយន្ដនឹងប្រើប្រាស់ប្រភេទវត្ថុធាតុដែលមានច្រើននៅលើភពនេះ ពិសេសគឺ basalt។ ដោយសារតែវាមិនឆ្លងចរន្ធអគ្គិសនី ហើយវាក៏អាចត្រូវបានផលិតជាស៊ីម៉ង់ជាច្រើនប្រភេទ សម្រាប់ការសាងសង់។ បណ្ដាអាគារក្រោមដីទាំងនេះនឹងជាវិធីល្អបំផុតដើម្បីគេចពីធាតុវិទ្យុសកម្ម ជួយឱ្យមនុស្សមានកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព ពេលឡើងដល់ភពព្រះអង្គារ នាពេលអនាគត។

មនុស្សនឹងបំពាក់ប្រព័ន្ធទ្រទ្រង់ជីវិត អាគីសនី ក្នុងរូងក្រោមដីដែលមនុស្សយន្ដបានជីក

យានអវកាសស៊ើបការណ៍របស់ NASA ដែលកំពុងហោះហើរជុំវិញភពព្រះអង្គារ បានរកឃើញថា ក្នុងមាត់ភ្នំភ្លើងនៅក្បែរតំបន់មួយដែលមានឈ្មោះថា Marte Vallis មានសសរ basalt ជាច្រើន មានភាពរឹងមាំ ហើយមនុស្សយន្ដនឹងត្រូវបានបញ្ជូនពីផែនដី ទៅកាន់តំបន់នេះ។ មនុស្សយន្ដទាំងនោះ នឹងធ្វើការពិនិត្យដើម្បីជ្រើសយកបណ្ដាសសរដែលរឹងមាំ រួចជីក ចូលក្រោមដីដូចស្រមោច ដើម្បីបង្កើតជារូងក្រោមដី បន្ទាប់មកធ្វើការសាងសង់ជាសំណង់ផ្សេង។

សសរដ៏រឹងមាំរបស់អាគារក្រោមដី នៅភពអង្គារ

នៅពេលរូងក្រោមដីនេះ ត្រូវបានធ្វើរួចរាល់ដើម្បីប្រើប្រាស់ ពេលនោះ មនុស្សនឹងធ្វើដំណើរទៅដល់ទីនោះ ពួកគេនឹងតម្លើងម៉ាស៊ីនភ្លើង ម៉ាស៊ីនកែច្នៃយកទឹក រួមនឹងប្រព័ន្ធជួយទ្រទ្រង់ជីវិតដទៃទៀត។ មនុស្សនឹងប្រើមនុស្សយន្ដ កិនថ្ម basalt ហើយដុតវាក្នុងកំដៅ ១,៥០០អង្សា រួចរួមផ្សំជាមួយវត្ថុធាតុផ្សេងទៀតដើម្បីបង្កើតជាសសៃកញ្ចក់ (មានលក្ខណៈដូចទៅនឹងសសៃ carbon) សម្រាប់ការសាងសង់នៅពេលក្រោយ។

រូបភាពបង្ហាញពីប្រព័ន្ធសំណង់ក្រោមដី នៅលើភពព្រះអង្គាររបស់មនុស្ស

ទំព័រទស្សនាវដ្ដី Gizmag ដកស្រស់សំដីរបស់ក្រុមអ្នកវិទ្យាសាស្ដ្រ ឱ្យដឹងថា ប្រសិនគេអាចរកទឹកបាននៅលើភពព្រះអង្គារ នោះក៏អាចរកឃើញតំបន់ដែលអាចធ្វើកសិកម្មបាន។ ការដាំដើមរុក្ខជាតិនៅលើភពនេះ ដើម្បីជួយរក្សាជីវិត ក៏នឹងមិនត្រូវចំណាយច្រើន ធៀបនឹងការផ្គត់ផ្គង់ទាំងស្រុង ពីផែនដី។

ដោយ ៖ តារា
ប្រភព ៖ gizmag