កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី Donald Trump បានកត់សម្គាល់ថា កិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រហែលជាមិនអាចកើតឡើងបាននោះទេ។ លោក Trump បានប្រាប់អ្នកយកព័ត៌មានថា៖ "វា អាចមានហេតុចៃដុនច្រើនយ៉ាង ដែលធ្វើឱ្យកិច្ចប្រជុំកំពូលនោះ មិនអាចកើតឡើង ។ ខ្ញុំមិនចង់ខ្ជះខ្ជាយពេលវេលាច្រើនទេ ហើយខ្ញុំប្រាកដក្នុងចិត្ដថា លោក គីម ក៏មិនចង់ខ្ជះខ្ជាយពេលវេលាច្រើនដែរ"។

មិនមែនមានតែលោក Trump ទេដែលគិតបែបនេះ សូម្បីតែមេដឹកនាំកូរ៉េខាងជើង ក៏កំពុងលើកឡើងនូវភាពស្ទាក់ស្ទើរថា តើកិច្ចប្រជុំនោះ នឹងកើតមានឡើងតាមការគ្រោងទុក ឬយ៉ាងណា។ លោក Kim Kye Gwan អនុរដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយថា៖ "ប្រសិនបើសហរដ្ឋអាមេរិក ព្យាយាមបញ្ចុះបញ្ចូល ឬបង្ខំយើងឱ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរឯកតោភាគីរបស់យើងនោះ យើងនឹងលែងចាប់អារម្មណ៍ចំពោះកិច្ចប្រជុំបែបនេះទៀតហើយ។

ដូច្នេះ វាហាក់បីដូចជាថា កិច្ចប្រជុំកំពូលនោះ មិនអាចធានាបាន ១០០% ថា នឹងកើតឡើងនោះទេ។ បញ្ហានោះនាំឱ្យលេចឡើងសំណួរសំខាន់ៗដូចជា: តើ នឹងមានអ្វីកើតឡើង ប្រសិនបើកិច្ចប្រជុំកំពូលនោះ ត្រូវបានលុបចោល ឬប្រសិនបើវាកើតឡើងដែរ ប៉ុន្តែភាគីទាំងពីរ បានបញ្ចុប់កិច្ចប្រជុំ ដោយពុំមានដំណោះស្រាយ លើបញ្ហានុយក្លេអ៊ែរ ដែលមានរយៈពេលរាប់ទស្សវត្ដរ៍រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាងមកហើយនោះ?

លទ្ធភាពផ្សេងគ្នាទាំងនោះ បង្ហាញឱ្យឃើញថា ភាគីទាំងពីរបានដាក់ចេញនូវជំហររៀងខ្លួន ដែលមើលទៅលំបាក នឹងរកដំណោះស្រាយ ដើម្បីឆ្លើយតបនឹងបញ្ហា។ ជាតួយ៉ាង លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេស បានប្រាប់សភាគណៈកម្មាធិការកិច្ចការបរទេស កាលពីថ្ងៃពុធថា លោកបានប្រាប់លោក គីមថា រដ្ឋបាលរបស់លោក Trump ចង់ឱ្យមាន "ការលុបបំបាត់ទាំងស្រុង ដែលស្ថិតក្រោមការត្រួតពិនិត្យ និងមិនអាចវិលត្រឡប់វិញបាន" នៃប្រទេសកូរ៉េខាងជើង មានន័យថា ក្រុងព្យុងយ៉ាង ត្រូវលុបបំបាត់ទាំងស្រង់នូវកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

យោងតាមរបាយការណ៍របស់មន្ទីរប៉ង់តាហ្គោន ដែលបានចេញផ្សាយនាពេលថ្មីៗនេះ អំពីប្រទេសកូរ៉េខាងជើងឱ្យដឹងថា៖ "ទីក្រុងព្យុងយ៉ាង ចាត់ទុកអាវុធនុយក្លេអ៊ែរ ជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការគំរាមកំហែងពីសហរដ្ឋអាមេរិក"។ ម្យ៉ាងវិញទៀត មិនមានប្រយោជន៍អ្វី ដែល លោក គីម ត្រូវបោះបង់ចោលនូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ពីព្រោះលោកយល់ថា អាវុធទាំងនេះ គឺអាវក្រោះតែមួយគត់ ដែលរារាំងក្រុងវ៉ាស៊ីនតោន មិនឲ្យចូលឈ្លានពាន និងព្យាយាមផ្តួលរំលំរដ្ឋាភិបាលរបស់លោក។

ដោយភាគីទាំងទាំងពីរ លំបាកនឹងឈានដល់កិច្ចព្រមព្រៀងរវាងគ្នានិងគ្នា ទើបធ្វើឱ្យលេចឡើងនូវការសង្ស័យថា លោក Trump និងលោក Kim អាចនឹងមិនជួបគ្នា។ ចំពោះបញ្ហានេះ សូម្បីតែអ្នកជំនាញ ក៏មិនទាន់ប្រាកដថា នឹងមានអ្វីកើតឡើងដែរ នៅពេលបន្ទាប់។

លោក Alexandra Bell អតីតទីប្រឹក្សាក្រសួងការបរទេសសម្រាប់គោលនយោបាយនុយក្លេអ៊ែរ បានប្រាប់ឱ្យដឹងថា "ត្រង់ចំណុចនេះ វាងាយស្រួលសម្រាប់ខ្ញុំដើម្បីព្យាករណ៍ព្រឹត្ដិការណ៍ពិតប្រាកដ នៅថ្ងៃទី ១២ ខែមិថុនា ជាជាងព្យាករណ៍ពីអ្វី ដែលនឹងកើតឡើងជាមួយកិច្ចប្រជុំកំពូលនេះ"។

នៅក្នុងបទសម្ភាសន៍មួយ អ្នកជំនាញខាងនុយក្លេអ៊ែរ MIT លោក Vipin Narang បានចាត់ចំណាត់ថ្នាក់នូវសេណារីយោចំនួនបួនពីចំណុចល្អបំផុត ទៅចំណុចអាក្រក់បំផុត អំពីអ្វី ដែលអាចកើតមានឡើង នៅចន្លោះពេលបច្ចុប្បន្ន និងនៅថ្ងៃទី ១២ ខែមិថុនា។

ទីមួយ ភាគីទាំងពីរ ពន្យាពេលកិច្ចប្រជុំកំពូលនេះ ពីព្រោះពួកគេដឹងថា ពួកគេ មានការខ្វែងគំនិតគ្នានៅឡើយ ចំពោះបញ្ហាគ្មានអាវុធនុយក្លេអ៊ែរ។ ត្រង់ចំណុចនេះ នឹងអំណោយផលដល់លោក Pompeo និងបុគ្គលិកក្រោមបង្គាប់ មានពេលវេលាកាន់តែច្រើនដើម្បីបំពេញចន្លោះខ្វះខាត។ ហើយប្រសិនបើមេដឹកនាំទាំងពីរ មានការយោគយល់គ្នាខ្លះនោះ ពួកគាត់ អាចជួបគ្នាដើម្បីបង្ហើយកិច្ចព្រមព្រៀងនោះបាន។ វិធីនេះ តែងជួយឱ្យកិច្ចការការទូត ទទួលបានជោគជ័យ។

ទី ២ ក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង ពន្យារពេលកិច្ចប្រជុំកំពូលនេះ ប៉ុន្តែមិនទាន់បើកផ្លូវឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយទេ ពីព្រោះថា ពួកគេនៅឆ្ងាយពីរបៀបបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់លោក គីម ណាស់។ ស្ថានភាពបច្ចុប្បន្ន នៅតែមាន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅមានភាពល្អប្រសើរ ជាងកាលពីប៉ុន្មានទសវត្សរ៍មុន ពីព្រោះពេលនេះ ពួកគេបានជួបពិភាក្សាគ្នាដោយផ្ទាល់។ ទីបី "ស្ថានភាពអាក្រក់ អាចនឹងកើនឡើងយ៉ាងឆាប់រហ័ស ដូចដែលវាធ្លាប់កើតឡើង នៅក្នុងឆ្នាំ ២០១៧" ។

ចំណុចនេះ មានន័យថា កូរ៉េខាងជើងអាចនឹងត្រឡប់ទៅធ្វើតេស្ដមីស៊ីលវិញ ហើយអាមេរិក អាចបង្កើនការដាក់ទណ្ឌកម្មឆ្លើយតបវិញ។ គួររំលឹកថា កាលពីឆ្នាំមុន លោក Trump បានសន្យាថា ខ្លួននឹងបង្កើតព្យុះភ្លៀងដាក់កូរ៉េខាងជើង ប្រសិនបើប្រទេសនេះ នៅតែគំរាមកំហែងដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ជាការឆ្លើយតប លោក គីម បានប្តេជ្ញាយ៉ាងប្រាកដថា៖ " ខ្លួននឹងបង្រា្កបមនុស្សចាស់ល្ងីល្ងើអាមេរិករូបនេះ ដោយការបាញ់ប្រហារ"សម្រាប់ការនិយាយ ដោយបើកចំហអំពីការបំផ្លាញកូរ៉េខាងជើង។

ទីបួន ពាក្យទាំងនោះ នឹងក្លាយជាការពិត នៅពេលដែលសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ធ្វើមិនដឹងមិនឮមិនព្រមស្វែងរកដំណោះស្រាយ។ ពួកគេ អាចឈានដល់ការធ្វើសង្គ្រាម។ លោក Narang បាននិយាយថា រដ្ឋបាលរបស់លោក Trump អនុវត្ត"ការរំសាយអាវុធនុយក្លេអ៊ែរ ដោយប្រើកម្លាំង" ដោយ "ការប្រើប្រាស់កិច្ចប្រជុំដ៏បរាជ័យនោះ ជាភស្តុតាងបញ្ជាក់ថា កិច្ចចរចាផ្លូវការទូត គ្មានប្រយោជន៍បញ្ឈប់កូរ៉េខាងជើង"។ ប៉ុន្តែជាការពិតណាស់ លោកបានកត់សម្គាល់ថា៖ "ត្រង់នេះ មានន័យថា ជាការវាយប្រហារទៅលើថាមពលនុយក្លេអ៊ែរ” ៕

ប្រែសម្រួល ៖ សារ៉ាត

ប្រភព៖ vox