បើតាមប្រភពពីសារអេឡិចត្រូនិចមួយ ផ្ញើទៅកាន់បណ្តាអ្នកវិនិយោគកាលពីថ្ងៃព្រហស្បត្តិ៍ ម្សិល មិញ អ្នកជំនាញវិភាគទីផ្សារលោក Ming-Chi Kuo របស់ KGI Securities បានជឿថា iPad Air ថ្មីនឹង បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ។

ដូច្នេះ Apple នឹងបង្ហាញណែនាំនូវផលិតផលជាច្រើន ក្នុងពេលតែមួយថ្ងៃ។ ក្រៅពី iPad Air ថ្មី បើ តាមការរំពឹងទុក Apple នឹងបង្ហាញខ្លួនជាផ្លូវការ iPhone 6 4.7 inch, iPhone 6 5.5 inch រួមជាមួយ iWatch នៅក្នុងព្រឹត្តិការណ៍ទីបីរបស់ខ្លួន នៅសប្តាហ៍ក្រោយ។ ជាធម្មតា Apple តែងតែបង្ហាញណែនាំ iPad ថ្មីនៅក្នុងខែតុលា ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងកាលពីពេលកន្លងមក អ្នកវិភាគ Ming-Chi Kuo បានពាំនាំមកនូវព័ត៌មានត្រឹមត្រូវជាច្រើនដង ស្តីពីបណ្តាផលិតផលជិតបង្ហាញខ្លួនរបស់ Apple។

និយាយពី Feature, iPad Air ថ្មីនឹងបំពាក់នូវ Sensor ស្គែនក្រយៅដៃ Touch ID ដែលផ្តោតទៅលើ ការបន្ថែមសមត្ថភាពការពារសុវត្ថិភាព ឲ្យកាន់តែខ្លាំង។ លើសពីនេះទៅទៀត អេក្រង់ iPad Air ថ្មី នឹងបំពាក់នូវស្រទាប់ប្រឆាំងចំណាំងផ្លាតមួយ ផងដែរ។ តួនៃម៉ាស៊ីនមានពណ៌មាស អេក្រង់ Touch ច្រើនស្រទាប់ និង CPU A8 ក៏នឹងត្រូវបានបំពាក់ដល់ iPad Air ដែរ។

ប៉ុន្តែបើតាម Ming-Chi Kuo បានឲ្យដឹងថា iPad Mini ថ្មីនឹងមិនមាន Sensor ស្គែនក្រយៅដៃ Touch ID និងបណ្តាការអាប់ឌេតមួយចំនួនផ្សេងទៀតនោះទេ។ បច្ចុប្បន្ន អ្នកនាំពាក្យរបស់ Apple បានធ្វើ ការបដិសេធបញ្ចេញមតិ ស្តីពីការប៉ាន់ស្មានរបស់ Ming-Chi Kuo ឡើយ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ CNET, vreview