(ភ្នំពេញ)៖ មន្ដ្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មបានបញ្ជាក់ថា ការសម្រេចលុបចោល កិច្ចព្រមព្រៀងដៃគូរពាណិជ្ជកម្ម អន្ដរទ្វីប ដែលហៅកាត់ថា TPP របស់លោកប្រធានាធិបតីអាមេរិកថ្មី ដែលទើបឡើងកាន់ដំណែង ដូណាល់ ត្រាំ បានផ្ដល់ផលចំណេញដល់កម្ពុជា។ ចំណេញនៅត្រង់ថា រោងចក្រជាច្រើនបានសម្រុកមកបើកនូវប្រទេសកម្ពុជា ដោយមួយចំនួនធំត្រឡប់មកពីវៀតណាម។

លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងប្រាប់អង្គភាព Fresh News តាមទូរស័ព្ទ ថា បន្ទាប់ពីលោក ដូណាល់ ត្រាំ លុបចោលកិច្ចព្រមព្រៀង TPP រួចមក បណ្ដាលរោងចក្រមួយចំនួនដែលធ្លាប់ បានដកខ្លួនចេញពីកម្ពុជាកន្លងមក មានការខកចិត្តយ៉ាងខ្លាំង ហើយបាននិងកំពុងសម្រុកមកដាក់ពាក្យបង្កើតរោងចក្រនៅប្រទេសកម្ពុជាវិញ ក្នុងនោះមានការដករោងចក្រពីវៀតណាមផងដែរ។

កិច្ចព្រមព្រៀង TPP ជាកិច្ចព្រមព្រៀងដែលបង្កើតឡើង ដោយអតីតប្រធាននាធិបតីអាមេរិក លោក បារ៉ា អូបាម៉ា ដើម្បីគាំពារផ្នែកពាណិជ្ជកម្ម លើប្រទេសជាសមាជិក ដោយផ្ដល់ការអនុគ្រោះពន្ធនាំចូល។
កិច្ចព្រមព្រៀង TPP មានសមាជិកចំនួន១២ប្រទេស រួមមាន អូស្រ្ដាលី ព្រុយណេ កាណាដា ឈីលី អាមេរិក ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ីកូ ណូវែលសេឡង់ ប៉េរ៉ូ សិង្ហបុរី និងវៀតណាម។ នៅពេលដែលអាមេរិក ដកខ្លួនចេញ កិច្ចព្រមព្រៀងត្រូវបានរំលាយ។

លោក ហេង សុខគង់ បានលើកឡើងថា ប្រទេសវៀតណាម ដែលសមាជិកក្នុងកិច្ចព្រមព្រៀងនេះ បានទទួលផលប្រយោជន៍ពាណិជ្ជកម្ម ដោយអាចនាំចេញដោយអនុគ្រោះពន្ធ ហើយពេលវៀតណាមចូលជាសមាជិក TPP មានរោងចក្រពីប្រទេសកម្ពុជាជាច្រើន បានរត់ទៅបើកនៅប្រទេសវៀតណាម ដើម្បីចំណេញពីកិច្ចព្រមព្រៀង TPP នេះ ប៉ុន្ដែពេលនេះត្រូវបានលុបចោល ក៏មានរោងចក្រពីវៀតណាមជាច្រើន កំពុងដាក់ពាក្យបើកនៅកម្ពុជាដែរ។

យ៉ាងណាក៏ដោយលោករដ្ឋលេខាធិការ មិនបានបង្ហាញពីតួលេខច្បាស់លាស់ ថាតើមមានរោងចក្រចំនួនប៉ុន្មាន មកបើកនៅកម្ពុជានោះទេ ប៉ុន្ដែលោកអះអាងថា មានចំនួនច្រើន ជាប្រភេទរោងចក្រ កាត់ដេរសំលៀកបំពាក់ និងស្បែកជើង។

បើតាមលោករដ្ឋលេខាធិការ ការសម្រេចចិត្តមកកម្ពុជាវិញ របស់ម្ចាស់រោងចក្រទាំងនោះ ដោយសារតែប្រទេសកម្ពុជា ទទួលបានការអនុគ្រោះពន្ធនាំចូលពីអាមេរិក សហគមន៍អឺរ៉ុប និងប្រទេសមួយចំនួនទៀត រួមទាំងគោលនយោលបាយលើកទឹកចិត្ត ក្នុងវិស័យឧស្សាហកម្ម របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

បើតាមលោក ហេង សុខគង់ បច្ចុប្បន្នកម្ពុជាមានសហគ្រាស-រោងចក្រជាង៥ម៉ឺន ខណៈដែលរោងចក្រធំៗមានជាង១៤៥០រោងចក្រ ក្នុងនោះមានរោងចក្រ ក្នុងវិស័យស្បែកជើង និងសំម្លៀកបំពាក់ប្រមាណជាង៨០០៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី