១៤ កុម្ភះ គឺជាថ្ងៃដែលគេប្រារព្ធធ្វើទិវា នៃក្តីស្រលាញ់ (ឬថ្ងៃបុណ្យ នៃក្តីស្រលាញ់) ដែលជា ភាសា អង់គ្លេសហៅថា "Valentine"។ វាគឺជាថ្ងៃដែលគេប្រារព្ធធ្វើឡើង ដើម្បីរំលឹកដល់ ការ ស្លាប់ របស់បុព្វជិត សាសនាគ្រឹស្ដជនជាតិរ៉ូម៉ាំងម្នាក់ ដែលមានឈ្មោះថា Saint Valentine (ក្នុងភាសា Latin គឺ Valentinus) ដែលរូបគាត់ត្រូវបានគេ កាត់ទោសប្រហារជីវិត ដោយសារ បុព្វហេតុ ការពារទំនាក់ទំនងស្នេហា។

សម្រាប់នៅក្នុងប្រទេសកម្ពុជាយើង វប្បធម៌បរទេសមួយនេះ ក៏បាន និងកំពុងតែសាបព្រោះ មក លើស្រទាប់យុវវ័យ ប្រមាណជិតមួយទសវត្សរ៍ ចុងក្រោយនេះ។ នៅក្នុងថ្ងៃទិវា នៃក្តីស្រលាញ់ នេះ ក្រុមយុវជនមួយចំនួន ពួកគាត់តែងតែធ្វើការជូនជា កាដូអនុស្សាវរីយ៍ ឬជាផ្កាកូលាប ដល់មនុស្ស ដែលខ្លួន គេពេញចិត្តស្រលាញ់។ តើមានរឿងអ្វីខ្លះ ដែលបង្កប់នៅពីក្រោយ ក្នុងថ្ងៃ ទិវានៃក្តីស្រលាញ់ ១៤ កុម្ភះ ក្នុងស្រទាប់យុវវ័យខ្មែរយើងនោះ?

អត្ថន័យ ទិវានៃក្តីស្រលាញ់

ទិវានៃក្តីស្រលាញ់ ត្រូវបានក្រុមយុវវ័យមួយចំនួនតូច បានយល់ច្រឡំ និងហៅថាជាថ្ងៃ "បុណ្យ សង្សារ" ជាថ្ងៃ ត្រូវប្រគល់ខ្លួនប្រាណ ឲ្យបុរសជាសង្សារ ទៅវិញ។ យុវជនមួយចំនួនតូច ដែលមានគំនិត ចង់កេងចំណេញលើ នារីជាគូសង្សារ របស់ខ្លួន បានប្រើប្រាស់ថ្ងៃនេះ ដើម្បីឆក់យក ព្រហ្មចារីយ៍ ឬខ្លួនប្រាណ របស់នាង ដោយប្រើប្រាស់ ស្ទើរគ្រប់វិធីសាស្រ្ត។ ការយល់ឃើញដូចខាងលើនេះ គឺពិតជាការយល់ខុសទាំងស្រុង សម្រាប់អត្ថន័យ ទិវានៃក្តី ស្រលាញ់ នេះ។

តាមពិតទៅ ទិវា នៃក្តីស្រលាញ់ គឺជាថ្ងៃដែលយើងទាំងអស់គ្នា បង្ហាញទឹក ចិត្ត ក្តីស្រលាញ់ របស់យើង ទៅមនុស្សជាទីស្រលាញ់ទូទៅ ដែលមានជាអាថ៌ ក្តីស្រលាញ់ ចំពោះអ្នកមានគុណ (មាតាបិតា) ចំពោះបងប្អូន មិត្តភក្តិ ស្វាមី ឬភរិយា លោកគ្រូអ្នកគ្រូ ដែល បានផ្តល់ចំណេះដឹង មកដល់យើង ក៏ដូចជាគូសង្សារ ផងដែរ ដោយការជូនជាបាច់ផ្កា ជាវត្ថុ អនុស្សាវរីយ៍ ជួបជុំគ្នា ញ៉ាំអាហារ ផ្សេងៗជាដើម ពោលវាមិនមែនសម្រាប់តែ គូសង្សារ និងត្រូវ បូជាព្រហ្មចារីយ៍ ឬខ្លួនប្រាណ ដល់បុរសជាគូសង្សា នោះទេ។

មិត្តៗនារី ប្រយ័ត្នបង់ប្រាណ

ដោយសារ នៅមានការយល់ខុស និងនៅតែមាន មនុស្សកេងចំណេញ ដែលជាចារឹកប្រុស ព្រាន ថ្ងៃ១៤ កុម្ភះ តែងតែជាថ្ងៃដែលក្រុមបុរស ប្រភេទខាងលើនេះ ចង់ប្រមាញ់យក ខ្លួន ប្រាណ គូសង្សារ របស់ខ្លួន។ ពួកគេតែងតែព្យាយាម ប្រើប្រាស់គ្រប់ឧបាយកល គ្រប់ យុទ្ធវិធី លួងលោម ដើម្បីអន្ទងចិត្ត នារីជាសង្សារ ឲ្យធ្លាក់ចុះក្នុងស៊ងរបស់ពួកគេ (បានខ្លួនប្រាណ) ដូចបំណងដែលចង់បាន ជាអាថ៌មានដូចជា "ការជូនជាវត្ថុមានតំលៃថ្លៃៗ ហើយលួងយក ខ្លួន ប្រាណមកប្តូរវិញ", "ការប្រើប្រាស់ពាក្យសំដីបញ្ចុះបញ្ចូលថា បើមិនប្រគល់ខ្លួនប្រាណឲ្យទេ គឺភាគីខាងស្រីមិនបានស្រលាញ់ខ្លួនឡើយ ឬក៏ស្នេហាយើងមិនបានគង់វង្ស ឬមិនមែនជា ស្នេហាពិត...", "ការនាំដើរលេង ញ៉ាំអាហារ អូសក្រឡាដល់យប់ជ្រៅ ហើយបបួលចូលដេក នៅផ្ទះសំណាក់ ដោយសំអាងថា ពេលនេះយប់ជ្រៅហើយ គ្មានអ្នកណាបើកទ្វារផ្ទះឲ្យចូលទេ" ឬក៏ "នាំទៅដើរលេង នៅកន្លែងស្ងាត់ ហើយធ្វើសកម្មភាពចាប់បង្ខំយកខ្លួនប្រាណ តែម្តង បើទោះជា ដៃគូខាងស្រី មិនយល់ព្រមក៏ដោយ" ... និងនៅមានឧបាយកល និងការលួងលោម ជាច្រើនទៀត។

សម័យនេះទៅហើយ នារីៗមិនគួរណាត្រូវចាញ់បោក លង់ខ្លួន ជាមួយនឹងការ លួងលោម ឬ ឧបាយកលផ្សេងៗ ដើម្បីប្រមាញ់យក ខ្លួនប្រាណរបស់ខ្លួនទៀតឡើយ។ សូមចងចាំថា បើអ្នក មិនគិត ផ្តល់តំលៃឲ្យខ្លួនឯងផង នោះគ្មានអ្នកណា ផ្តល់តំលៃដល់ខ្លួនអ្នកឡើយ។ សេចក្តី ស្រលាញ់ពិត មិនមែនទាល់តែប្រគល់ខ្លួនប្រាណនោះទេ ហើយត្រូវយល់ថា បុរសដែល ស្រលាញ់ខ្លួន យើងពិតប្រាកដ គឺជាបុរសដែលតែងតែគិត និងរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ របស់នារីជាគូ សង្សារជានិច្ច គឺមិនចង់កេងចំណេញ លើគូស្នេហ៍ខ្លួនឡើយ។

បុរសៗ ប្រយ័ត្នជាប់ជង់

ទន្ទឹមភាពត្រេកត្រអាល ជាមួយនឹងល្បែងកាមតណ្ហានោះ សូមបុរសៗ ត្រូវចេះប្រុងប្រយ័ត្នខ្លួន ខ្លះផង ចំពោះល្បិច ប្រើនុយ ខ្លួនប្រាណ ដើម្បីច្របាច់ ក យកលុយពីខ្លួន។ ប្រហែលជាអ្នក ទាំងអស់គ្នា ធ្លាប់បានដឹង បានឮពីបងប្អូន មិត្តភក្តិ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក ជាច្រើន ដែលបាននិយាយ ក៏ដូចជាចុះផ្សាយ ឲ្យដឹងពីករណី "ប្រុសប្រកែក ស្រីប្រកាន់" និងប្រភេទ មនុស្សស្រីមួយចំនួនតូច ដែលបានយកខ្លួនប្រាណ ជានុយ ដើម្បីច្របាច់ ក យកលុយពីភាគីខាងប្រុស។

មានបុរសៗជាច្រើននាក់ដែលហើយ ដែលបន្ទាប់ពីសប្បាយភ្លេចខ្លួន មួយពេលហើយ ក៏ត្រូវបាន ជាប់គុកច្រវាក់ បន្ទាប់រឿងរ៉ាវនោះ ត្រូវបានភាគីខាងស្រី ប្រាប់ឪពុកម្តាយ បងប្អូនគេ ហើយមូយ ចំនួនទៀត ចូលផ្ទះសំណាក់ មិនទាន់ទាំងបានធ្វើអីផង ក៏ត្រូវបាន ម៉ែឪ បងប្អូនខាងស្រី អមមក ជាមួយនឹងប៉ូលិស មួយក្រុម ចូលមកស្វាគមន៍ អញ្ជើញភាគីខាងប្រុស ចូលបុស្តិ៍ប៉ូលិស។ បើសិនជា មិនបង់លុយ តាមចំនួនដែលភាគីខាងស្រីប្តឹងចង់បានទេ គឺមានតែដេកគុកនេះឯង។

ដូច្នេះ សូមកុំភ្លេចខ្លួន សប្បាយមួយពេល ធ្វើខូចអនាគតរបស់ខ្លួន ឬត្រូវលង់ខ្លួន បង់ប្រាក់ រាប់ពាន់ រាប់ម៉ឺនដុល្លារ នោះ។

ត្រូវចេះការពារខ្លួន បើរឿងនោះ មិនអាចចៀសផុត

ពិតណាស់ថា ថ្ងៃ១៤ កុម្ភះ ទិវា នៃក្តីស្រលាញ់ មិនមែនជាថ្ងៃសម្រាប់តែគូសង្សារ និងប្រគល់ខ្លួន ប្រាណ ឬព្រហ្មចារីយ៍ ដល់បុរសជាគូសង្សារនោះឡើយ ប៉ុន្តែការរួមភេទ នៅក្នុងថ្ងៃនោះ គឺ តែងតែមាន និងមានច្រើនជាងថ្ងៃធម្មតា។ បើសិនជា រឿងនេះវានៅតែកើតមានឡើងនោះ សូមដៃគូសង្សារ ត្រូវគិតសុវត្ថិភាពជាចំបង។

បើទោះជា ទើបនឹងបានស្គាល់គ្នា ឬស្គាល់យូរយារ មកហើយក្តី យើងទាំងអស់គ្នា ពិតជាមិនអាច មើលដឹងថា អ្នកណាមានកើតមេរោគអេដស៍ តាមរយះភ្នែកទទេបានឡើយ។ បើសិនជាមាន ការរួមភេទកើតឡើង សូមប្រើប្រាស់ ស្រោមអនាម័យជានិច្ច ព្រោះថាវាមិនត្រឹមតែអាច ការពារខ្លួនអ្នក ពីមេរោគអេដស៍ និងជម្ងឺកាមរោគ ផ្សេងៗដទៃទៀតបាន ប៉ុណ្ណោះទេ វាថែម ទាំងអាចការពារបាន នូវការមានផ្ទៃពោះ ថែមទៀតផង។

សរុបសេចក្តីមក ថ្ងៃទិវា នៃក្តីស្រលាញ់ គឺមិនមែនជា "បុណ្យសង្សារ" មិនមែនជាថ្ងៃដែលនារីៗ ត្រូវប្រគល់ខ្លួនប្រាណឲ្យ បុរសជាសង្សាររបស់ខ្លួននោះឡើយ។ ត្រូវចងចាំថា បុរសម្នាក់ បើ ពិតជាស្រលាញ់ខ្លួនយើង ចង់បានយើងធ្វើជាភរិយាអស់មួយជីវិត គេតែងតែ ថែរក្សាកិត្តិយស លើកតំកើន ភាពថ្លៃថ្នូរ ដល់អ្នក តែងតែគិត និងយល់អារម្មណ៍អ្នក គឺមិនបង្ខំ រួមភេទជាមួយនឹង អ្នកនោះឡើយ។ ទន្ទឹមនោះ អ្នកត្រូវតែចេះ ឲ្យតំលៃខ្លួនឯងជានិច្ចផងដែរ ព្រោះថាបើសិន ជា អ្នកមិនទាំងឲ្យតំលៃដល់ខ្លួនឯងផង ពិបាកនឹងអ្នកផ្សេង គេឲ្យតំលៃមកលើខ្លួនអ្នកណាស់។

មិត្តៗនារីៗ ត្រូវចេះប្រកាន់ខ្ជាប់ភាពស្អាតស្អំ ថែរក្សាកិត្តិយសរបស់ខ្លួន ដើម្បីកុំឲ្យមានវិប្បដិសារី ទៅថ្ងៃក្រោយ បាត់បង់ កិត្តិយស ទាំងខ្លួនឯង និងគ្រួសារ ពេលដែលប្រុសព្រានជីវ៉ាបានប្រាណ ហើយដោះដៃ ដែលករណីខ្លះ ថែមទាំងសល់ចំណងដៃ កូនឥតខាន់ស្លារ ជាកាដូចុកឈាម ថែមបន្ទុកដល់ ឪពុកម្តាយ របស់ខ្លួនថែមទៀត៕

កំណាព្យអប់រំ សម្រាប់ថ្ងៃទិវា នៃក្តីស្រលាញ់ (ដោយ នេត្រា ខ្មែរ)

ដោយ៖ សិលា