ភ្នំពេញ៖ សមត្ថកិច្ចនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០១៤នេះ បានចាប់ខ្លួន និង បញ្ជូនមន្ត្រីយោធា នៃ កងយុទ្ធពលខេមរៈភូមិន្ទម្នាក់ មានឋានៈ ជា ឧត្តមសេនីយ៍ទោ ( ផ្កាយ២ ) ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ដើម្បីសួរនំានិងចោទប្រកាន់ តាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងករណី ឃាតកម្មសម្លាប់ម្តាយ និងកូនម្នាក់អាយុជាង៣ឆ្នាំ រួចយក សពជនរងគ្រោះទៅទម្លាក់ចោល នៅជ្រោះពេជ្រនិល កាលពីអំឡុង ខែមីនា ឆ្នាំ២០១៤ ។

មន្ត្រីសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ មានឈ្មោះ ជា សំសំណាង ភេទប្រុស អាយុ៤៥ឆ្នាំ មានមុខរបរជាមន្ត្រីយោធា នៃ កងយុទ្ធពលខេមរៈភូមិន្ទ ។ ជនសង្ស័យត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៤ ជាប់ពាក់ព័ន្ធ នឹងករណីសម្លាប់ ស្រី្តម្នាក់ ត្រូវជាម្តាយនិង កុមារម្នាក់ អាយុប្រហែល៣ ឆ្នាំ រួចយកសពជនរងគ្រោះ យកទៅទម្លាក់ចោល នៅជ្រោះពេជ្រនិល កាលពីពាក់កណ្តាល ខែ មីនា ២០១៤ កន្លងទៅនេះ។

គួររំឮកថា សពស្ត្រីជាម្តាយ និងកូន ត្រូវបានគេសម្លាប់ច្រកថង់ យកទៅបោះចោលនៅពេជ្រនិល ហើយត្រូវបាន អ្នកកាប់អុសបានប្រទះឃើញ នៅក្នុងជ្រោះពេជ្រនិល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលជំនាញ បានឲ្យដឹងថា យោងតាម អត្ដសញ្ញាណប័ណ្ណ២សន្លឹក ដែលនៅជាប់នឹង សពស្ដ្រីរងគ្រោះ គឺមានឈ្មោះ ប៉ាវ ដារី ភេទស្រី កើតនៅ ក្នុងឆ្នាំ១៩៨៤ មានទីលំនៅក្នុងភូមិក្រាំងក្រង ឃុំស្វាយ ស្រុកចំការលើ ខេត្ដកំពង់ចាម និង ២-ឈ្មោះ វ៉ា ដារី ភេទស្រី កើតឆ្នាំ១៩៨៧ មានស្រុកកំណើតជាមួយគ្នា ។ ក៏ប៉ុន្តែគេពុំដឹងពិតប្រាកដថា សពស្រ្តីរងនេះ គឺមានឈ្មោះ មួយណានោះទេ។ ចំណែក ឯក្មេងស្រីដែលស្លាប់ រុំនៅក្នុងថង់ប្លាស្ទីកនោះ ក៏មិនត្រូវស្គាល់ អត្ដសញ្ញាណនោះដែរ ប៉ុន្តែសមត្ថកិច្ច សន្និដ្ឋានថា ជាកូនរបស់ស្ដ្រីរងគ្រោះ មានអាយុ ប្រហែល ៣ឆ្នាំប៉ុណ្ណោះ។

សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា សពម្ដាយនិងកូនតូចនេះ អាចជាករណីគំនុំ ពីព្រោះស្ដ្រីរងគ្រោះនិងកូនត្រូវ ឃាតករ រឹតកសម្លាប់ ហើយសពមាន សភាពហើមរលួយទៅហើយ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល